ប្រភពព័ត៌មានបរទេសValue Walkបានផ្សព្វផ្សាយ ថា ប្រទេសរុស្ស៊ីបានគំរាមប្រើប្រាស់នុយក្លេអ៊ែរដើម្បីវាយប្រហារប្រឆាំងអាមេរិក និងសម្ពន្ធមិត្ដ ប្រសិនបើកងកម្លាំងអង្គកាណាតូ បញ្ជូនកងទ័ពបន្ថែមទៀតចូលទៅកាន់ ប្រទេសតំបន់បាល់ទិក្ស ឬប៉ុនប៉ងរំដោះតំបន់គ្រីមៀដាក់ទៅក្នុងក្រោមដែនអធិបតេយ្យរបស់អ៊ុយក្រែនវិញនោះ ។
បន្ទាប់ពីកិច្ចប្រជុំមួយធ្វើឡើងដោយ បិទទ្វាររវាងក្រុមស៊ើបការណ៍សម្ងាត់ នៅក្នុងទីក្រុង Torgau, Saxony ប្រទេសអាល្លឺម៉ង់ កាលពីខែមុនមក មានសេចក្ដីរាយការណ៍ថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន នឹងត្រួតពិនិត្យយ៉ាងប្រុងប្រយ័ត្នរាល់សកម្មភាពរបស់កម្លាំងអង្គការណាតូនៅក្នុងការប៉ុនប៉ងណាមួយ ដើម្បីរំដោះតំបន់គ្រីមៀឱ្យទៅអ៊ុយក្រែន ឬការប្រមូលផ្ដុំកងទ័ពនៅក្នុងតំបន់បាល់ទិក្សនោះថា ជាការប្រកាសសង្គ្រាម ហើយលោកបានគំរាមឆ្លើយតបឱ្យបានសក្ដិសមបំផុតក្នុងនោះមានទាំងការប្រើអាវុធនុយក្លេអែរផងដែរ ប្រសិនបើចាំបាច់ ។
សារព័ត៌មាន The Times បានផ្សព្វផ្សាយព័ត៌មានខាងលើនេះដោយយោងទៅលើកំណត់ហេតុកិច្ចប្រជុំមួយច្បាប់ដែលធ្វើឡើងរវាងអាមេរិកនឹង ក្រុម Elbe Group ។ កំណត់ហេតុនេះបានគូសបញ្ជាក់ថា ប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ាឌីមៀរ ពូទីន កំពុងមានផែនការ ធ្វើឱ្យតំបន់បាល់ទិក្សជ្រុលច្របល់ ចលាចល ដើម្បីតតាំងប្រយុទ្ធ រុញច្រានកម្លាំងអង្គការណាតូដែលបានសន្យាថា នឹងជួយ ការពារបណ្ដាប្រទេសគាំទ្រលោកខាងលិចឱ្យរួចផុតពីការវាតទីរបស់រុស្ស៊ី ។
តាមកំណត់ហេតុដដែលបន្ដថា ផែនការធ្វើឱ្យអស្ថិរភាពនោះធ្វើឱ្យរុស្ស៊ីទទួលបានផលប្រយោជន៍ខ្លាំងជាងនៅតំបន់ភាគខាងកើតអ៊ុយក្រែនទៅ ទៀត ។ ភាគខាងកើតអ៊ុយក្រែនមានអ្នកគាំទ្ររុស្ស៊ី និងនិយាយភាសារុស្ស៊ី តិចតួចជាងនៅតំបន់បាល់ទិក្ស ជា ពិសេសប្រទេស៣ គឺឡាត់វៀ លីតធូនៀ និងអ៊ីស្ដូនៀ ប្រទេសទាំង៣នេះមានពលរដ្ឋនិយាយភាសារុស្ស៊ីភាគច្រើន ហើយប្រសិនបើអស្ថិរភាពកើតឡើងនោះ រុស្ស៊ីនឹងក្ដោបក្ដាប់ប្រទេសទាំង៣បានយ៉ាងងាយស្រួល ។
ប្រភពបន្ដថា យុទ្ធសាស្ដ្រដែលរុស្ស៊ី ធ្វើទៅលើប្រទេសទាំង៣នៅតំបន់បាល់ទិក្សនោះ គឺដូចទៅនឹងយុទ្ធសាស្ដ្រដែល បានធ្វើទៅលើតំបន់គ្រីមៀរ ហើយដែលរុស្ស៊ីបានសម្រេចដាក់បញ្ចូលក្នុងផែនទី ឱ្យស្ថិតក្រោមដែនអធិបតេយ្យរបស់ខ្លួន កាលពីឆ្នាំ២០១៤ បន្ទាប់ពីផែនការបាន សម្រេចជោគជ័យមួយរយភាគរយ ។
នៅក្នុងបទសម្ភាសន៍មួយផ្សព្វផ្សាយតាមរលកធាតុអាកាស ក្រោយប្រកាសដាក់បញ្ចូលតំបន់គ្រីមៀឱ្យស្ថិតក្នុងដែនអធិបតេយ្យរុស្ស៊ី លោក ពូទីនបានទទួលស្គាល់ថា លោកបានបញ្ជាឱ្យកម្លាំងទ័ពប្រតិបត្ដិការតាមផែនការ ដើម្បីគ្រប់គ្រងតំបន់គ្រីមៀរ ។ នៅពេលសួរថា តើលោកមានផែនការប្រើប្រាស់ កម្លាំងកងទ័ពអាវុធនុយក្លេអ៊ែរដែរឬយ៉ាងណានោះ លោកពូទីន បានសារភាពថា “យើងពិតជាត្រៀមអាវុធនុយក្លេអ៊ែរ ប្រាកដមែន” ។
កំណត់ហេតុដដែលបានបន្ដទៀតថា ក្រុមជំនាញសន្ដិសុខរុស្ស៊ីបានយល់ដឹង និងគិតថា អាមេរិកមានគម្រោងកម្ទេច ប្រទេសរបស់ពួកគេ ទោះនៅក្នុងតម្លៃណាក៏ដោយ ។ នៅក្នុងសេនារីយោនេះ អាមេរិកគួរតែយល់ដឹងពីគ្រោះថ្នាក់ ដែលកើតឡើងដោយជាយថាហេតុ ។ នេះបើយោងតាមកំណត់ហេតុដដែល ។
បញ្ហានៅអ៊ុយក្រែន និងក្រុមអ៊ិស្លាមបង្កើតរដ្ឋមិនបានធ្វើឱ្យទីក្រុងគ្រឹមឡាំង ព្រួយបារម្ភនោះទេ ប៉ុន្ដែការវាយប្រហារ ដើម្បីធនធាននៅក្នុងតំបន់ Arctic វិញទេទើបជារឿងសំខាន់ ។
កាលពីប៉ុន្មានថ្ងៃមុននេះ មានការផ្សព្វផ្សាយថា រុស្ស៊ីបានងាកទៅរកតំបន់ Arctic ដោយបញ្ជាឱ្យកងទ័ពមានវត្ដមាននៅទីនេះកាន់តែច្រើនឡើងថែមទៀត ។ វត្ដមានរបស់កងទ័ពទាំងនេះបានចូលរួមធ្វើសមយុទ្ធ និងសកម្មភាពផ្សេងៗទៀតផងដែរ ។
កន្លងមកអាមេរិកបានបញ្ជូនយុទ្ធោបករណ៍ធុនធ្ងន់១២០គ្រឿង ឆ្ពោះទៅកាន់ប្រទេសតំបន់បាល់ទិក្ស ក្នុងគោលដៅការពារការឈ្លានពានពីរុស្ស៊ី ទៅលើប្រទេសក្នុងតំបន់បាល់ទិក្ស ក៏ដូចជារារាំងមិនឱ្យលោកពូទីន វាតទីបន្ថែមទៀតចូលសហគមន៍អឺរ៉ុប។ អគ្គលេខាធិការអង្គការណាតូបានថ្លែងថា យន្ដហោះចម្បាំងរុស្ស៊ីបានហោះហើរនៅព្រំដែនតំបន់បាល់ទិក្សជាង៤០០លើក ។
កងទ័ពណាតូបានធ្វើសមយុទ្ធនៅប្រទេសឡាត់វៀ ក៏ដូចជា ជួយហ្វឹកហ្វឺនយុទ្ធសាស្ដ្រប្រយុទ្ធការពារខ្លួន និងបាញ់រំដោះផងដែរដល់កងទ័ព ឡាត់វៀផងដែរ ។ ក្នុងឆ្នាំ២០១៥ ណាតូ បានធ្វើសមយុទ្ធជិត២០០លើកហើយ ដែលអគ្គលេខាធិការអង្គការណាតូ បានបញ្ជាក់ថា ការធ្វើសមយុទ្ធទាំងនោះនឹងបន្ដធ្វើឡើងនៅពេលខាងមុខទៀត ។ អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំនៅប៉ូឡូញបានថ្លែងថា ការដាក់ពង្រាយកងទ័ពអាមេរិកនៅប៉ូឡូញ និងនៅតំបន់បាល់ទិក្សមានការកើនឡើង។
រុស្ស៊ីបានដាក់បញ្ចូលតំបន់គ្រីមៀរ ស្ថិតនៅក្នុងដែនអធិបតេយ្យរុស្ស៊ីជាហេតុនាំឱ្យមានជម្លោះនយោបាយបន្តកើនឡើង ក្រោយសង្គ្រាមត្រជាក់ផុតរលត់ ។ ស្ថានការណ៍តានតឹងកាន់តែស្រួចស្រាវថែមទៀតនៅពេលរុស្ស៊ីឈ្លានពានតំបន់ភាគខាងកើតអ៊ុយក្រែនដែលសម្លាប់មនុស្សជាង ៦ពាន់នាក់ ។
លោក Dmitry Peskov អ្នកនាំពាក្យ ប្រធានាធិបតីពូទីន បានហៅព័ត៌មានផ្សព្វផ្សាយដែរថា ទីក្រុងគ្រឹមឡាំងគំរាមប្រើអាវុធនុយក្លេអ៊ែរនោះជារឿងមិនពិត ។ ពួកគេបំភ្លៃព័ត៌មាននេះឡើង ដើម្បីបង្ខូចកេរ្ដិ៍ឈ្មោះរុស្ស៊ី ៕
ប្រែសម្រួល៖ ម៉ែវ សាធី