អន្តរជាតិ៖ កាលពីយប់ថ្ងៃអាទិត្យ ១មីនាចុងសប្ដាហ៍នេះ បានប្រកាសបញ្ចប់ប្រតិបត្តិការស្វែងរកជនរងគ្រោះនៃការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិកនិងអ៊ីស្រាអែល លើសាលាបឋមសិក្សាសិស្សស្រីមួយកន្លែងនៅភាគខាងត្បូងប្រទេសអ៊ីរ៉ង់ ដោយរាយការណ៍ថាមានមនុស្សស្លាប់ឡើងដល់១៦៥ នាក់។
សាលា Shajareh Tayyebeh មានទីតាំងនៅទីក្រុង Minab ដែលជាមូលដ្ឋានយោធារបស់កងឆ្មាំបដិវត្តន៍អ៊ីស្លាមមួយនេះ។ សាររៀននេះ ត្រូវបានវាយប្រហារកាលពីថ្ងៃសៅរ៍ទី២៨ខែកុម្ភៈ ក្នុងអំឡុងពេលវាយលុកទ្រង់ទ្រាយធំធ្វើឡើងរួមគ្នាដោយទីក្រុងវ៉ាស៊ីនតោន និងទីក្រុង Tel Aviv។
អឌ្ឍចន្ទក្រហមអ៊ីរ៉ង់ បាននិយាយថា ចំនួនអ្នកស្លាប់សរុបពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល -អាមេរិក ក្នុងប្រទេសអ៊ីរ៉ង់ បានកើនឡងដល់២០១នាក់ និង៧៤៧នាក់របួសចាប់តាំងពីថ្ងៃសៅរ៍មក។
ប្រធានាធិបតីអ៊ីរ៉ង់លោក Masoud Pezeshkian បានចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារជនរងគ្រោះ និងអ្នកស្រុក Minab។
លោកបានថ្កោលទោសការវាយប្រហារតាមអាកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដោយហៅការវាយប្រហារទាំងនោះថា “អមនុស្សធម៌” និងជាទង្វើព្រៃផ្សៃដែល “បន្ថែមទំព័រដ៏ខ្មៅងងឹតមួយទៀតទៅក្នុងប្រវត្តិសាស្ត្រនៃឧក្រិដ្ឋកម្មរាប់មិនអស់ដែលប្រព្រឹត្តដោយពួកឈ្លានពាន” ប្រឆាំងនឹងអ៊ីរ៉ង់។
លោក Pezeshkian បានជំរុញឱ្យមជ្ឈមណ្ឌលសង្គ្រោះ និងមណ្ឌលសុខភាពទាំងអស់ និងមន្ត្រីពាក់ព័ន្ធនៅក្នុងតំបន់ផ្តល់អាទិភាពដល់ “ការថែទាំភ្លាមៗ និងមិនមានការរំខាន” ដល់អ្នករងរបួស និងក្រុមគ្រួសាររបស់ពួកគេ ដោយការកៀរគរធនធានទាំងអស់៕
ដោយ៖តារា










