សេដ្ឋកិច្ចអន្តរជាតិ៖ បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ បាននិយាយថា តម្លៃប្រេងអន្តរជាតិ បានហក់ឡើងខ្លាំងជិត ១០ដុល្លារ ពេលបើកការជួញដូរលើទីផ្សារអាស៊ី នាព្រឹកថ្ងៃចន្ទ (២ មីនា)នេះ ដោយសារតែជម្លោះមជ្ឈិមបូព៌ា ដែលផ្ទុះឡើងក្រោយអ៊ីស្រាអែល និងអាមេរិករួមដៃគ្នាវាយប្រហារអ៊ីរ៉ង់ទ្រង់ទ្រាយធំ ដែលបង្កការវាយបកសងសឹកខ្លាំង និងប៉ះពាល់ដល់លំហូរប្រេងចេញពីតំបន់។
តម្លៃប្រេងឆៅនាពេលអនាគតម៉ាក Brent បានហក់ឡើងដល់ ៨២,៣៧ ដុល្លារ/បារ៉ែល ដែលជាកម្រិតខ្ពស់បំផុតរាប់តាំងពីខែមករា ឆ្នាំ ២០២៥ ប៉ុន្តែថយចុះមកវិញត្រឹម ៧៨,២៤/បារ៉ែល គិតត្រឹមម៉ោងជិត ៩ ព្រឹក នៅទីក្រុងហុងកុង។ យ៉ាងណាមិញ ធៀបនឹងតម្លៃបិទការជួញដូរកាលពីថ្ងៃសុក្រ តម្លៃប្រេងដដែលបានកើនឡើង ៥,៣៧ ដុល្លារ ឬ ៧,៣៧%។
ដោយឡែកតម្លៃប្រេងឆៅអាមេរិកវិញ West (Texas Intermediate) បានកើនឡើងប្រមាណ ៤,៦៦ ឬ ៦,៩៥% ដល់ ៧១,៦៨ ដុល្លារ/បារ៉ែល បន្ទាប់ពីហក់ដល់ ៧៥,៣៣ ដុល្លារ/បារ៉ែល ដែលជាកម្រិតខ្ពស់បំផុតរាប់តាំងពីខែមិថុនា ពេលបើកការជួញដូរ។
ការកើនឡើងនេះកើតឡើងដោយសារតែជម្លោះមជ្ឈិមបូព៌ា។ អ៊ីស្រាអែល និងអាមេរិកបើកការវាយប្រហារទ្រង់ទ្រាយធំប្រឆាំងនឹងអ៊ីរ៉ង់ ដោយសម្លាប់មេដឹកនាំកំពូលលោក Ayatollah Ali Khamenei។ អ៊ីរ៉ង់បានប្ដេជ្ញាសងសឹកលើសត្រូវ ដោយវាយប្រហារយ៉ាងសណ្ធឹកលើអ៊ីស្រាអែល និងលើទីតាំងយោធារបស់អាមេរិកស្ទើរគ្រប់ប្រទេសនៅមជ្ឈិមបូព៌ា។
ជម្លោះនេះកំពុងបង្កការរំខានដល់នាំចេញប្រេងកាត់តាមច្រកសមុទ្រ Hormuz ដែលជាផ្លូវដឹកជញ្ជូនប្រេងប្រហែល ២០% នៃការផ្គត់ផ្គង់របស់សកលលោក។ កាលពីថ្ងៃអាទិត្យ អ៊ីរ៉ង់បានប្រកាសបិទច្រកទឹកដ៏សំខាន់មួយនេះ ខណៈក្រុមហ៊ុនប្រេង និងដឹកប្រេងជាច្រើនរួចហើយ បានប្រកាសពីការផ្អាកធ្វើនាវាចរណ៍ ដោយសារតែកង្វល់សុវត្ថិភាព។ រ៉យទ័របានរាយការណ៍ថា នាវាជាង ២០០ គ្រឿង រួមទាំងនាវាដឹកប្រេង និងឧស្ម័នធម្មជាតិពង្រាវ បានផ្អាកការធ្វើនាវាចរណ៍គិតត្រឹមថ្ងៃអាទិត្យ។
ការគំរាមកំហែងផ្នែកផ្គត់ផ្គង់កំពុងកើនឡើងខ្លាំង ដោយអ្នកជំនាញពីធនាគារអាមេរិក Citi បានព្យាករថា តម្លៃប្រេងអន្តរជាតិអាចនឹងហក់ដល់ចន្លោះ ៨០-៩០ ដុល្លារ/បារ៉ែល ក្នុងសប្ដាហ៍នេះ ស្របពេលដែលអ្នកទៀតលើកឡើងពីលទ្ធភាពតម្លៃលើស ១០០ ដុល្លារ/បារ៉ែល ប្រសិនបើការបិទច្រក Hormuz បន្តអូសបន្លាយ៕
ដោយ៖តារា










