ខេត្តបាត់ដំបង ÷ កាលពីថ្ងៃទី ០១ ខែ មីនា ឆ្នាំ ២០២៦ ស្របតាមអនុសាសន៍របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងក្រោមបញ្ជាដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ ឯក ឈឿង គឹមសុង ស្នងការរងផែនការងារនគរបាល ព្រហ្មទ័ណ្ឌ បានដឹកនាំកម្លាំងអនុវត្តវិធានការរដ្ឋបាលទៅលើអ្នករស់នៅបែបអាណាធិបតេយ្យក្នុង បរិវេណដីស្ថានីយ៍រថភ្លើងក្នុងក្រុងបាត់ដំបងក្នុងនោះបាននាំពួក គាត់ចំនួន ១៨នាក់ប្រុសមកកាន់ស្នងការដ្ឋាន ដើម្បីសាកសួរនិងពិនិត្យទឹកនោមរបស់ពួកគាត់ស្វែងរកសារធាតុញៀន ។
តាមការសាកសួរ និងលទ្ធផលក្រោយពិនិត្យទឹកនោមរួចឃើញថា ពួកគាត់ទាំង១៨នាក់សុទ្ធតែមានផ្ទុកសារធាតុញៀននៅក្នុងទឹកនោមពោលគឺជាអ្នកប្រើប្រាស់គ្រឿងញៀន ។
សូមបញ្ជាក់ជូនថា នៅក្នុងបរិវេណដីខាងលើនេះមានអ្នករស់នៅមួយចំនួនរស់នៅតាមបែបអាណាធិបតេយ្យ ដោយការប្រមូលផ្តុំគ្នាប្រព្រឹត្តិនូវសកម្មភាពល្មើសផ្សេងៗ និងបង្កនូវជម្លោះទាស់ទែងរហូតមានករណីហិង្សាបណ្តាលឱ្យមានមនុស្សស្លាប់ទៀតផង ។ លើសពីនេះមានការប្រព្រឹត្តិនូវ បញ្ហាគ្រឿងញៀន ការជួញដូរ ការប្រើប្រាស់ ដែលសកម្មភាពនេះបានបង្កជាការលំបាកឬបង្កការភ័យខ្លាចដល់អ្នករស់នៅដោយត្រឹមត្រូវនៅជិតនោះ ។
ពេលកន្លងមកសមត្ថកិច្ចនគរបាលក៏ធ្លាប់ចុះទៅប្រមូលយកពួកគាត់មកអប់រំណែនាំ និងបាន ចាត់វិធានការតាមផ្លូវច្បាប់លើពួកគាត់ជាបន្តបន្ទាប់ក្នុងករណីរកឃើញនូវបទល្មើសព្រហ្មទ័ណ្ឌណាមួយ ជាហេតុនាំឱ្យស្ថានភាពនៅទីនោះស្ងប់ស្ងាត់បានមួយរយៈ ប៉ុន្តែបន្ទាប់ក្រោយមកសកម្មភាពនេះក៏បានលេចឡើងវិញ ដែលចាំបាច់សមត្ថកិច្ចនគរបាលត្រូវបន្តអនុវត្តវិធានការបែប នេះជាបន្តទៀត។
ពេលនេះអ្នកមានលទ្ធផលវិជ្ជមាននៃសារធាតុញៀនពួកគាត់ទាំង១៨នាក់សមត្ថកិច្ចនគរបាល ត្រូវរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងដើម្បីអនុវត្តទោសទៅតាមផ្លូវច្បាប់៕










