អ្នកទោសជាង៧០០០នាក់ ដែលជាប់ពិរុទ្ធពីបទគាំទ្រក្រុមភេរវករ ត្រូវបានរដ្ឋាភិបាលមីយ៉ាន់ម៉ាដោះលែង

ចែករំលែក៖

សារព័ត៌មាន AFP នាថ្ងៃចន្ទ ទី២ ខែមីនាបានផ្សាយថា រដ្ឋាភិបាលយោធានៃប្រទេសមីយ៉ាន់ម៉ា បានផ្តល់ការលើកលែងទោសដល់អ្នកទោសចំនួន៧៣០០នាក់ ដែលជាប់ពិរុទ្ធពីបទផ្តល់ការគាំទ្រហិរញ្ញវត្ថុ ឬកន្លែងជ្រកកោនដល់ក្រុមភេរវករ ជាទូទៅសំដៅលើក្រុមចលនាតស៊ូដើម្បីលទ្ធិប្រជាធិបតេយ្យ ដែលប្រឆាំងរបបដឹកនាំរបស់ខ្លួន។
មនុស្សរាប់ម៉ឺននាក់ត្រូវបានកាត់ទោសដាក់ពន្ធនាគារ ចាប់តាំងពីយោធាមីយ៉ាន់ម៉ា បានធ្វើរដ្ឋប្រហារដណ្តើមអំណាច កាលពីឆ្នាំ២០២១។ ក្រុមសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យ និងក្រុមឧទ្ទាមប្រដាប់អាវុធដែលប្រឆាំងរបបសឹក ត្រូវបានចាត់ទុកជា «ក្រុមភេរវករ» ហើយអ្នកណាដែលហ៊ានពាក់ព័ន្ធជាមួយពួកគេ ត្រូវប្រឈមការដាក់ទោសទណ្ឌធ្ងន់ធ្ងរ អាចរហូតដល់ជាប់ពន្ធនាគារអស់មួយជីវិត ឬប្រហារជីវិត។
ប៉ុន្មានខែចុងក្រោយនេះ រដ្ឋាភិបាលយោធា បានប្រកាសផ្តល់ការលើកលែងទោស សម្រាប់បទឧក្រិដ្ឋមួយចំនួន ជាទង្វើដែលក្រុមអ្នកវិភាគមើលឃើញថា ជាការប៉ុនប៉ងដើម្បីស្តារមុខមាត់របស់ខ្លួន មុនត្រូវផ្ទេរអំណាចឱ្យរដ្ឋាភិបាលស៉ីវិល ក្រោយការបោះឆ្នោតសកលកាលពីខែមករា។ សភាថ្មីនឹងត្រូវបើកសម័យប្រជុំលើកដំបូង ក្នុងពេល២សប្តាហ៍ទៀត ខណៈការជ្រើសរើសប្រធានាធិបតី នឹងធ្វើឡើងនៅអំឡុងដើមខែមេសា។ ប្រមុខរដ្ឋាភិបាលយោធា លោក Min Aung Hlaing ត្រូវបានរំពឹងថា នឹងក្លាយជាប្រធានាធិបតី៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print