ជម្លោះនៅមជ្ឈិមបូព៌ា៖ ជើងហោះហើរជិត ៦០០០ ត្រូវបានលុបចោល

ចែករំលែក៖

ជម្លោះរវាងសហរដ្ឋអាមេរិក អ៊ីស្រាអែល និងអ៊ីរ៉ង់នៅតែបន្តកើនឡើង ដែលនាំឱ្យមានការរំខានដល់ការធ្វើដំណើរតាមផ្លូវអាកាសយ៉ាងធ្ងន់ធ្ងរ។ ប្រទេសជាច្រើនកំពុងពន្លឿនផែនការសម្រាប់ការជម្លៀសពលរដ្ឋរបស់ពួកគេជាបន្ទាន់។

សំបុត្រយន្តហោះឡើងថ្លៃ សម្រាប់ជើងហោះហើរអាស៉ី-អឺរ៉ុប បន្ទាប់ពីអាកាសយានដ្ឋានប្រទេសឈូងសមុទ្របិទទ្វារ ដោយសារតែសង្រ្គាមនៅមជ្ឈិមបូព៌ា ។ តម្លៃជើងហោះហើររវាងអាស៉ី និងអឺរ៉ុបបានកើនឡើងយ៉ាងខ្លាំង បន្ទាប់ពីការបិទផ្លូវអាកាសសំខាន់ៗ នៅតំបន់មជ្ឈិមបូព៌ា ដោយសារតែសង្គ្រាមអាមេរិក-អ៉ីស្រាអែលលើអ៉ីរ៉ង់ ដោយបើតាមក្រុមហ៊ុនអាកាសចរណ៍ សំបុត្រយន្តហោះសម្រាប់គោលដៅពេញនិយម ត្រូវបានកក់អស់មុនច្រើនថ្ងៃ។
អាកាសយានដា្ឋននៃប្រទេសឈូងសមុទ្រពែរ្ស រួមទាំងអាកាសយានដ្ឋានអន្តរជាតិមមាញឹកបំផុតរបស់ពិភពលោកឌូបៃ ដែលជាធម្មតាទទួលជើងហោះហើរជាង ១ ០០០ជើងក្នុងមួយថ្ងៃ នៅបន្តបិទសម្រាប់ថ្ងៃទី ៤ គិតត្រឹមថ្ងៃអង្គារ។ ការបិទនេះ បានកាត់បន្ថយសមត្ថភាពចរាចរណ៍នៅលើផ្លូវពេញនិយម ដូចជាអូស្ត្រាលីទៅកាន់អឺរ៉ុប ជាទីដែលក្រុមហ៊ុន Emirates និង Qatar Airways មានចំណែកខ្ពស់ក្នុងទីផ្សារ។
ក្រុមហ៊ុនប្រឹក្សាយោបល់ផ្នែកអាកាសចរណ៍ Alton Aviation Consultancy បានលើកឡើងថា ក្រុមហ៊ុនអាកាសចរណ៍ដែលដំណើរការសេវាកម្មមិនឈប់ ឬតាមរយៈការប្រើប្រាស់អាកាសយានដ្ឋានផ្សេង ក្រៅតំបន់ដែលរងផលប៉ះពាល់ រួមទាំងក្រុមហ៊ុន Cathay Pacific Airways របស់ទីក្រុងហុងកុង ក្រុមហ៊ុន Singapore Airlines និងក្រុមហ៊ុន Turkish Airlines អាចទទួលបានប្រយោជន៍រយៈពេលខ្លី ដោយសារអ្នកដំណើរប្តូរក្រុមហ៊ុនអាកាសចរណ៍ ដែលមានមូលដ្ឋាននៅឈូងសមុទ្រ។
តាមការពិនិត្យរបស់ Reuters លើគេហទំព័ររបស់ក្រុមហ៊ុនអាកាសចរណ៍ជាច្រើន នាថ្ងៃអង្គារនេះ មានការកក់សំបុត្ររយៈពេលខ្លីតិចតួចប៉ុណ្ណោះ ជាមួយនិងតម្លៃខ្ពស់សម្រាប់ជើងហោះហើរ ពីអាស៉ីទៅកាន់ទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស។ Cathay Pacific បានឱ្យដឹងថា គ្មានសំបុត្រ economy-class នៅសល់ទេ សម្រាប់ជើងហោះហើរពីទីក្រុងហុងកុងទៅកាន់ទីក្រុងឡុងដ៍ រហូតដល់ថ្ងៃទី ១១ ខែមីនា ដោយសំបុត្រមួយជើងមានតម្លៃយ៉ាងហោចណាស់ ២ ៧០៥ដុល្លារ។
Qantas Airways ក៏មិនបានលក់សំបុត្រ economy-class លើជើងហោះហើរពីទីក្រុង Perth ទៅកាន់សិង្ហបុរីដែរ រហូតដល់ថ្ងៃទី១៧ ខែមីនា នៅពេលដែលសំបុត្រមួយជើងមានតម្លៃ ២ ២២០ដុល្លារ។ EVA Airways របស់តៃវ៉ាន់ បានឱ្យដឹងថា ការកក់ជើងហោះហើរទៅកាន់អឺរ៉ុប មានការកើនឡើង ខណៈដែលអ្នកដំណើរអាស៉ី និងអឺរ៉ុបកំពុងស្វែងរកជម្រើសផ្លូវហោះហើរជំនួស។ ដោយឡែក សំបុត្រ economy-class ទៅ-មក ពីទីក្រុងប៉េកាំងទៅកាន់ទីក្រុងឡុងដ៍ជាធម្មតា មានតម្លៃក្រោម ១ ៤៥២ដុល្លារ ប៉ុន្តែក្រុមហ៊ុន Air China ផ្តល់ឱ្យតែមួយគត់គឺនៅថ្ងៃពុធ ហើយសំបុត្រមួយមានតម្លៃ ៧ ៣៣៦ដុល្លារ។
ក្រុមហ៊ុនអាកាសចរណ៍ ដែលមានជើងហោះហើរត្រង់អាស៉ី-អឺរ៉ុប អាចរំលងដែនអាកាសមជ្ឈិមបូព៌ា ដោយហោះហើរទៅភាគខាងជើងឆ្លងកាត់តំបន់កូកាស (Caucasus) បន្ទាប់មកអាហ្វហ្គានីស្ថាន ឬភាគខាងត្បូងឆ្លងកាត់អេហ្ស៉ីប បន្ទាប់មកអារ៉ាប៊ីសាអូឌីត បន្ទាប់មកអូម៉ង់។ ប៉ុន្តែវានាំឱ្យការហោះហើរចំណាយពេលថែមច្រើនម៉ោង និងប្រើប្រាស់ប្រេងឥន្ធនៈច្រើនជាងមុន ជំរុញឱ្យថ្លៃដើមកើនឡើង ចំពេលតម្លៃប្រេងក៏ហក់ឡើងខ្ពស់។ ទាំងនេះហើយគឺមូលហេតុ ដែលអាចនាំឱ្យសំបុត្រយន្តហោះថ្លៃជាងមុន៕

...

រូប​ថត​: TTXVN 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print