ប.ស.ស. បានក្លាយជាសមាជិកផ្លូវការមួយនៃអង្គការអន្តរជាតិសម្រាប់ស្ថាប័នត្រួតពិនិត្យសោធននិវត្តន៍ ក្នុងចំណោមសមាជិកលើសពី៧០ប្រទេស

ចែករំលែក៖

​ទីក្រុង​ប៉ារីស៖​ ជាមោទនភាពជាតិថ្មីមួយរបស់កម្ពុជា ដែលបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចូលជាសមាជិកជាផ្លូវការ (Governing Membership Status) របស់អង្គការអន្តរជាតិសម្រាប់ស្ថាប័នត្រួតពិនិត្យសោធននិវត្តន៍ (IOPS) នាថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ ក្នុងចំណោមសមាជិកលើសពី៧០ប្រទេសជុំវិញពិភពលោក។

ការណ៍នេះ ត្រូវបានបង្ហាញឱ្យដឹងតាមរយៈលោក គួច សុមាន រដ្ឋលេខាធិការ​ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលកំពុងដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមកិច្ចប្រជុំរួមគ្នារបស់ក្រុមការងារសម្រាប់កិច្ចការធានារ៉ាប់រង និងសោធននិវត្តន៍ (WPIP) និងអង្គការអន្តរជាតិសម្រាប់ស្ថាប័នត្រួតពិនិត្យសោធននិវត្តន៍ (IOPS)។ កិច្ចប្រជុំរួមគ្នានេះដែរ គឺត្រូវបានរៀបចំឡើងក្នុងព្រឹត្តិការណ៍សប្តាហ៍ទីផ្សារហិរញ្ញវត្ថុរបស់អង្គការសម្រាប់ការអភិវឌ្ឍ និងសហប្រតិបត្តិការសេដ្ឋកិច្ច (OECD) នៅទីស្នាក់ការកណ្តាល នាទីក្រុងប៉ារីស ប្រទេសបារាំង ដោយមានការចូលរួមពីតំណាងស្ថាប័នជាសមាជិកមកពី៧០ប្រទេសជុំវិញពិភពលោក និងប្រតិភូសរុបប្រមាណ៣០០នាក់។

លោក គួច សុមាន បានថ្លែងថា៖ «តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំក្នុងការបង្កើនកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នអន្តរជាតិ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវបានគណៈកម្មាធិការប្រតិបត្តិរបស់អង្គការ IOPS ពិនិត្យនិងសម្រេចឱ្យចូលជាសមាជិកជាផ្លូវការ (Governing Membership Status) នាថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦»។

លោករដ្ឋលេខាធិការបានបន្តថា សមាជិកភាពនេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការពង្រឹងប្រព័ន្ធសន្តិសុខសង្គមឱ្យកាន់តែរឹងមាំ តាមរយៈការសិក្សាឈ្វេងយល់ពីបទពិសោធរបស់បណ្តាប្រទេសនានា រួមមាន៖ អភិបាលកិច្ចលើការគ្រប់គ្រងនិងការបែងចែកការវិនិយោគមូលនិធិសន្តិសុខសង្គម ការផ្តល់អត្ថប្រយោជន៍ដល់សមាជិក ជាពិសេស ការអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនឱ្យមានប្រសិទ្ធភាព ស្របតាមបរិបទនៃការវិវត្តសេដ្ឋកិច្ចនិងសង្គមក្នុងតំបន់ និងពិភពលោក។

លោកបានបន្តទៀតថា ក្នុងដំណើរការនៃកិច្ចប្រជុំដ៏ធំនេះ ក្រុមការងារ WPIP និងអង្គការ IOPS បានពិភាក្សាយ៉ាងស៊ីជម្រៅលើការរៀបចំគោលនយោបាយ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងប្រាក់សោធនផ្អែកលើទ្រព្យសកម្ម ការធ្វើបច្ចុប្បន្នភាពលើការសិក្សាស្រាវជ្រាវ ការចែករំលែកបទពិសោធលើការអនុវត្តរបបភាគទានសន្តិសុខសង្គម រួមទាំងការដោះស្រាយបញ្ហាចាំបាច់នានា មុនពេលឈានដល់សន្និបាតបូកសរុបប្រចាំឆ្នាំ។

...

ជាមួយគ្នានោះ អង្គប្រជុំក៏បានពិនិត្យលើផែនការសម្រាប់ព្រឹត្តិការណ៍នាពេលអនាគតរបស់បណ្ដាសមាជិកនៃអង្គការ IOPS និងអង្គការ OECD ដើម្បីបន្តជំរុញវិស័យសន្តិសុខសង្គមឱ្យកាន់តែមានការរីកចម្រើនជាលំដាប់ផងដែរ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print