ភ្នំពេញ៖ រថយន្ដម៉ាក NISSAN មួយគ្រឿងបេីកបរដោយបុរសម្នាក់បានបោះពួយយ៉ាងលឿនខ្វះការប្រុងប្រយ័ត្នជ្រុលចង្កូតទៅបុករះក្បាលនាគពុះចែកទ្រូងផ្លូវបាក់អស់ចំនួន៤កង់ ចំណែករថយន្តបង្កខូចខ្ទេចមួយកំណាត់មុខ ដែលបង្កឡេីងកាលពីវេលាម៉ោង១០:១៥នាទីយប់ ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៦ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
បេីតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តបង្កម៉ាក NISSAN ពណ៌លឿងមួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ 2CH-6927 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ២ក្នុងទិសដៅពីលិចទៅកើតដោយល្បឿនយ៉ាងលឿន លុះពេលបើកមកដល់ចំណុចកើតហេតុក៏បានរេចង្កូតជ្រុលទៅបុករះក្បាលនាគថ្មពុះចែកទ្រូងផ្លូវបណ្តាលឲ្យបាក់ខូចខាតចំនួន៤កង់ ចំណែករថយន្តបង្កវិញខូចខាតមួយកំណាត់មុខយ៉ាងធ្ងន់ធ្ងរ ហើយភ្លាមៗនោះអ្នកបើកបរបានរត់គេចពីកន្លែងកើតហេតុបាត់ស្រមោល។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយមន្ត្រីជំនាញចរាចរណ៍បានចុះមកដល់ធ្វើការវាស់វែងនិងស្ទូចយករថយន្តបង្កខាងលើទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញជាបណ្តោះអាសន្នរង់ចាំភាគីម្ចាស់រថយន្តចូលខ្លួនធ្វើការដោះស្រាយនៅពេលក្រោយ៕
ដោយ ៖ ភារ៉ា ដង្កោ










