ភ្នំពេញ៖ ផ្ទាំងគំនូរ “សិល្បៈដើម្បីសន្តិភាព” ដែលស្ថិតនៅសួនច្បារវត្តបទុមវតី សង្កាត់ចតុមុខ ខណ្ឌដូនពេញ បានបើកបង្ហាញជាផ្លូវការនាល្ងាចថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦នេះ ក្រោមអធិបតីភាពលោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈនិងជាប្រជាប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា និងលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាល រាជធានីភ្នំពេញ។
ផ្ទាំងគំនូរនេះមានទទឹង៥ម៉ែត្របណ្ដោយ៣៥ម៉ែត្រ ប្រើរយៈពេលនៃការបង្កើតឡើងចំនួន១២ថ្ងៃ ដើម្បីបង្ហាញពីការឈឺចាប់ ការប្រមាថ ការមើលងាយ ការជាន់ឈ្លី ការធ្វើទុក្ខ
បុកម្នេញ និងរឿងអយុត្តិធម៌រាប់មិនអស់ ក្នុងភ្លើងសង្គ្រាមជាមួយថៃនៅក្នុងឆ្នាំ២០២៥ មកលើកម្ពុជា។
លោក ឃួង ស្រេង បានមានប្រសាសន៍ថា៖ ផ្ទាំងគំនូរដែលរៀបចំឡើងនេះបានបង្ហាញឱ្យឃើញពីសកម្មភាពដ៏សាហាវយង់ឃ្នង អសីលធម៌ អមនុស្សធម៌ អគុណធម៌និងខ្វះសេចក្តីថ្លៃថ្នូររបស់យោធាថៃ ដែលប្រើប្រាស់នូវផ្សែងពុល បាញ់ផ្លោងគ្រឿងសព្វាវុធធុនធ្ងន់និងគ្រឿងសព្វាវុធហាមឃាត់ជាច្រើនប្រភេទ ជាពិសេសបានប្រើប្រាស់យន្តហោះF16និងT50ហោះចូលយ៉ាងជ្រៅក្នុងទឹកដីកម្ពុជានិងបានបាញ់ប្រហារយ៉ាងកំរោលមកលើដែនអធិបតេយ្យកម្ពុជា ដែលបានបណ្តាលឱ្យប្រជាជនស៊ីវិលស្លូតត្រង់កម្ពុជាជា ច្រើននាក់បាត់បង់ជីវីតនិងរងរបួស ព្រមទាំងបានធ្វើឱ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធសាធារណៈ សាលារៀន មន្ទីរពេទ្យ វត្តអារាម លំនៅដ្ឋានរបស់ប្រជាពលរដ្ឋកម្ពុជានិងទ្រព្យសម្បត្តិប្រជាពលរដ្ឋយ៉ាងច្រើនសន្ធឹកសន្ធាប់ ជាពិសេសបានធ្វើឱ្យប្រជាពលរដ្ឋរាប់សែននាក់បាត់បង់ទីលំនៅនិងកុមាររាប់ម៉ឺននាក់ខកខានមិនបានសិក្សារៀនសូត្រ។
លោក ឃួង ស្រេង បន្តទៀតថា៖ផ្ទាំងគំនូរខាងលើនេះក៏បានបង្ហាញឱ្យឃើញច្បាស់ពីខឿនការពារជាតិដ៏រឹងមាំ ដែលកើតចេញពីសកម្មភាពរបស់ប្រជាពលរដ្ឋខ្មែរនិងគ្រប់ស្រទាប់វណ្ណៈតាមរយៈការចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងបុព្វហេតុការពារបូរណភាពទឹកដីនិងដែលអធិបតេយ្យជាតិ នៅខ្សែបន្ទាត់ព្រំដែនពីទង្វើយោធាថៃ។
ក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រីហ៊ុន ម៉ានី បានមានប្រសាសន៍ថា៖ ផ្ទាំងគំនូរ “សិល្បៈដើម្បីសន្តិភាព” នេះជាផ្ទាំងគំនូរទី២ បន្ទាប់ពីសម្រេចបានផ្ទាំងគំនូរទី១នៅខេត្តសៀមរាប។គិតមកដល់ថ្ងៃនេះមិនបាន២សប្តាហ៍ផង យើងសម្រេចបានលទ្ធផលដែលជាអ្វីមាននៅក្នុងអារម្មណ៍របស់ខ្លួន។ផ្ទាំងគំនូរបានឆ្លុះបញ្ចាំងពីស្មារតី ការឈឺចាប់ អ្វីដែលជាទុក្ខវេទនានិងកំហឹងដែលយើងបានជួបប្រទះទាំងអស់គ្នានៅក្នុងឆ្នាំ២០២៥។ផ្ទាំងគំនូរនេះគ្រប់រូបភាពទាំងអស់ វាស្ថិតនៅក្នុងអារម្មណ៍របស់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់មិនថានៅក្នុងនិងនៅក្រៅប្រទេសនោះទេ។ យើងឆ្លងកាត់នូវការឈឺចាប់ យើងឆ្លងកាត់នូវការប្រមាថ ការមើលងាយ ការជាន់ឈ្លី ការធ្វើទុក្ខបុកម្នេញ និងរឿងអយុត្តិធម៌ដែលបានកើតឡើងមកលើយើងរាប់មិនអស់នៅក្នុងឆ្នាំ២០២៥ អារម្មណ៍របស់យើងមិនខុសគ្នាទេ។ អារម្មណ៍យើងសោកសៅបែបណា បានដាក់នៅលើផ្ទាំងគំនូរនេះទាំងអស់ ដែលបានឆ្លុះបញ្ជាំងពីអារម្មណ៍របស់ប្រជាពលរដ្ឋខ្មែរយើងទាំងអស់។
លោក ហ៊ុន ម៉ានី បន្តទៀតថា ផ្ទាំងគំនូរមិនថានៅខេត្តសៀមរាបនិងនៅរាជធានីភ្នំពេញ ជាផ្ទាំងគំនូរនាំមកនូវភាពជួបជុំ សាមគ្គីនិងស្មារតីជាតិ ដែលសម្តេចតេជោហ៊ុន សែន និងសម្តេចធិបតីហ៊ុន ម៉ាណែត បានបញ្ជាក់នូវពាក្យមួយឃ្លាថា«ខឿនការពារជាតិប្រជាជន»អ្វីដែលយើងត្រូវការចាំបាច់គឺការរួបរួម។ផ្ទាំងគំនូរ មិនមែនគ្រាន់តែជាផ្ទាំងគំនូរដើម្បីទុកតាំង មកមើលឃើញ ពីស្នាដៃនៃវិចិត្រករទេ តែវាជាការឆ្លុះបញ្ចាំងពីស្មារតីនិងមនោសញ្ចេតនា ស្មារតីរបស់ប្រជាពលរដ្ឋខ្មែរគ្រប់ទិសទី។
លោកឧបនាយករដ្ឋមន្ត្រីបានអំពាវនាវឱ្យប្រជាពលរដ្ឋគ្រប់ទិសទីទាំងប្រជាពលរដ្ឋនៅក្រៅប្រទេស បើចង់មកលេងស្រុកកំណើត សូមមកទស្សនាផ្ទាំងគំនូរនេះ។
លោកហ៊ុន ម៉ានី បានបញ្ជាក់ថា៖ ផ្ទាំងគំនូរនេះ មិនមានបំណង រៀបចំឡើងដើម្បីបញ្ឆេះកំហឹង ការចងគំនុំ និងការសងសឹកណាមួយចំពោះប្រទេសជិតខាងណាមួយនោះទេ។ អ្វីជាការឆ្លុះបញ្ចាំងនៃផ្ទាំងគំនូរនេះ គឺអ្វីដែលជាសច្ចធម៌ ដែលកើតឡើងពីសង្គ្រាម នាំមកនូវវិនាសកម្ម ការបាត់បង់ ការខ្ទេចខ្ទាំ គ្រប់ទិដ្ឋភាពទាំងអស់។
លោក ហ៊ុន ម៉ានី ក្នុងឱកាសនោះបានថ្លែងនូវការអរគុណចំពោះវីរកងទ័ព វីរនគរបាលដែលបានពលីដើម្បីការពារបូរណភាពទឹកដី។ បន្ថែមពីនេះក៏សូមអរគុណចំពោះវីរកងទ័ព កងកម្លាំងប្រដាប់អាវុធដែលកំពុងតែបន្តឈរជើង ជាខែលការពារជាតិនៅក្នុងស្ថានភាពនាពេលបច្ចុប្បន្ននេះ ហើយក៏នឹករលឹកចំពោះពលរដ្ឋដែលជាជនភៀសសឹកផងដែរ។
លោក ហ៊ុន ម៉ានី បន្តថា៖ ក្នុងកាលៈទេសៈណាក៏ដោយកូនខ្មែរគ្រប់រូបមិនបំភ្លេចបានឡើយនូវអ្វីដែលយើងបានជួបប្រទះ នៅឆ្នាំ២០២៥នេះ។ ក៏ប៉ុន្តែការអំពាវនាវមិនឱ្យមានការបំភ្លេច មិនមែនមានន័យថា ឈានទៅដល់ការសងសឹកនោះទេ។ តែផ្ទុយទៅវិញ វាជាមេរៀននិងចងចាំថា យើងខ្សោយគ្មាននរណាជួយយើងទេ។ រឿងបែបនេះមិនមែនមានតែប្រទេសកម្ពុជាទេនៅប្រទេសគេក៏មានដែរ។ ដូច្នេះបើយើងមិនមានការរូបរួមគ្នាទេ យើងមិនអាចឆ្ពោះទៅមុខដោយភាពជោគជ័យនោះដែរ។ យើងត្រូវប្រែក្លាយអ្វីដែលជាទុក្ខ ឱ្យក្លាយជាកម្លាំងចិត្តដាស់តឿនយើងជាប្រចាំ ដើម្បីដើរឆ្ពោះទៅមុខ៕















