ភ្នំពេញ៖ សម្តេច ម៉ែន សំអន បានបញ្ជាក់ថា៖ ការងារយ៉ាងសកម្មរបស់ស្រ្តី ក្នុងកិច្ចខិតខំប្រឹងប្រែង កសាង ថែរក្សាសន្តិភាព គឺជាធាតុផ្សំមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍ ប្រកបដោយចីរភាព ស្ថិរភាព និងវិបុលភាពសង្គម ។ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បញ្ជាក់បែបនេះ ក្នុងពិធីអបអរសាទរ ទិវានារីអន្តរជាតិ ៨ មីនា ខួបលើកទី១១៥ ឆ្នាំ២០២៦ ក្រោមប្រធានបទ សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ និងពិធីប្រកាសទទួលស្គាល់ការកែសម្រួល និងបំពេញបន្ថែមសមាសភាពគណៈ កម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ ក្រសួងធនធានទឹក និងឧតុនិយម នាព្រឹកថ្ងៃព្រហស្បត្តិ៍ ២រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦។
លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្រសួងតែងតែផ្តល់អាទិភាពខ្ពស់លើការលើកកម្ពស់តួនាទីរបស់ស្ត្រី តាមរយៈ ការតែងតាំងមុខតំណែងដឹកនាំ និងការដំឡើងឋាន្តរស័ក្តិស្របតាមសមត្ថភាព និងអតីតភាពការងារ នៅគ្រប់រចនាសម្ព័ន្ធទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ ទន្ទឹមនឹងនេះ ថ្នាក់ដឹកនាំក្រសួងជានិច្ចកាលតែងគិតគូរពីការបង្កើនបរិមាណ និងពង្រឹងភាពអង់អាចដល់មន្ត្រីរាជការជាស្ត្រី។ ជាក់ស្តែង យុទ្ធសាស្ត្របញ្ជ្រាបយេនឌ័ររបស់ក្រសួងត្រូវបានដាក់ចេញ ដើម្បីធានានូវកាលានុវត្តភាពស្មើៗគ្នា ក្នុងការចូលរួមសម្រេចចិត្តលើវិស័យធនធានទឹក និងឧតុនិយម។
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានបញ្ជាក់ថា៖ ប្រធានបទសន្តិភាព និងសន្តិសុខសម្រាប់ស្រ្តី និងគ្រួសារដែល បានរំលេចពីសារៈសំខាន់មិនអាចកាត់ថ្លៃបាននៃសន្ដិភាព និងសន្តិសុខសម្រាប់ស្ត្រី និងក្រុមគ្រួសារ ក៏ដូចគូសបញ្ជាក់ពីការរួមចំណែកយ៉ាងសកម្មរបស់ស្រ្តីក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីកសាង និងថែរក្សាសន្តិភាព ដែលជាធាតុផ្សំមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ស្ថិរភាព និងវិបុលភាពសង្គម។ លើសពីនេះ ការប្រារព្ធយុទ្ធនាការទិវាអន្តរជាតិនារី ៨មីនា គឺដើម្បីអបអរសាទរពីវឌ្ឍនភាព និងសមិទ្ធ ផលលើគ្រប់វិស័យរបស់ស្ត្រី ក៏ដូចជាការឆ្លុះបញ្ចាំងលើមេរៀនបទពិសោធ បញ្ហាប្រឈម កាលានុវត្តភាព និងលើកឡើងនូវទិសដៅអាទិភាព ដើម្បីធ្វើឱ្យប្រសើរឡើងនូវសកម្មភាពជាក់លាក់ និងវិធានការជាវិជ្ជមាននានា ដើម្បីឆ្ពោះទៅ សម្រេចបានសង្គមមួយដែលមានបរិយាបន្ន និងសមភាពសម្រាប់ទាំងអស់គ្នា។
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានចូលរួមអបអរសាទរ ជូនចំពោះលោកស្រី លៀង យុគ ថោជេដ្ឋា ប្រធានកិត្តិយសគណៈកម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងធនធានទឹក និងឧតុនិយម និងបានជំរុញឱ្យ គណៈកម្មការសាខាសមាគមនារីក្រសួង ដែល បានប្រកាសកែសម្រួល និងបំពេញបន្ថែមសមាសភាពនាថ្ងៃនេះ ត្រូវបន្តការខិតខំប្រឹងប្រែងគ្រប់សកម្មភាព ដូចជាពង្រឹងរបៀបរបបធ្វើការ របបរាយការណ៍ ការបែងចែកតួនាទីភារកិច្ច និងទទួលខុសត្រូវទៅថ្នាក់ដឹកនាំ នៃគណៈកម្មការសមាគមនារីសាខា អនុសាខា ទូទាំងអង្គភាពកាន់តែទូលំទូលាយ និងឱ្យបានស៊ីជម្រៅទៅតាមគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ ប្រធានបទសន្តិភាព និងសន្តិសុខសម្រាប់ស្តី និងគ្រួសារ នៅក្នុងឆ្នាំនេះធ្វើឡើង ក្នុងគោលបំណងរំលេចពីសារៈសំខាន់មិនអាចកាត់ថ្លៃបាននៃសន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងក្រុមគ្រួសារ ក៏ដូចគូសបញ្ជាក់ ពីការរួមចំណែកយ៉ាងសកម្មរបស់ស្រ្តី ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីកសាង និងថែរក្សាសន្តិភាព។ ជាមួយគ្នានេះ ក៏អំពាវនាវឱ្យមានកិច្ចអន្តរាគមន៍ជាបន្ទាន់ក្នុងការការពារ និងលុបបំបាត់នូវរាល់ឧបសគ្គរារាំង ដែលមានផលប៉ះពាល់ជាអវិជ្ជមានដល់ស្រ្តី និងគ្រួសារ ដែលទាំងនេះជាបុរេលក្ខខណ្ឌ និងជាធាតុផ្សំមិនអាចខ្វះបាន សម្រាប់ការអភិវឌ្ឍប្រកប ដោយចីរភាព ស្ថិរភាព និងវិបុលភាពសង្គម ៕














