ខេត្តសៀមរាប÷នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦នេះ លោក អ៊ឹង គឹមលាង អភិបាលរងខេត្តសៀមរាប បន្តដឹកនាំកម្លាំងចម្រុះចុះបង្ក្រាបសិប្បកម្មឈើខុសច្បាប់ ៧កន្លែង និងឡដុតធ្យូង ១កន្លែង ក្នុងភូមិសាស្ត្រស្រុកបន្ទាយស្រី និងស្រុកវ៉ារិន ដោយម្ចាស់អាជីវកម្មណានៅតែបន្តសកម្មភាពល្មើសច្បាប់តទៅទៀត នឹងត្រូវប្រឈមមុខនឹងចំណាត់ការតាមនីតិវិធីច្បាប់ជាធរមានដោយគ្មានការលើកលែងឡើយ។
លោក អ៊ឹង គឹមលាង បានបញ្ជាក់ថា កន្លងមកអាជ្ញាធរខេត្ត និងមន្រ្ដីជំនាញ បានធ្វើការចុះណែនាំ និងបញ្ឈប់មិនឱ្យមាន និងមិនឱ្យធ្វើសិប្បកម្មកែច្នៃខុសច្បាប់បន្ដទៀត ប៉ុន្តែទីតាំងខាងលើពួកគាត់នៅបន្ដធ្វើសិប្បកម្មកែច្នៃនេះដោយខុសច្បាប់។ ដូច្នេះក្នុងនាមមន្រ្ដីជំនាញ ក្រុមការងារពាក់ព័ន្ធនឹងធ្វើការអនុវត្តតាមផ្លូវច្បាប់ដោយ ធ្វើការរឹបអូសម៉ាស៊ីនកែច្នៃ និងឈើខុសច្បាប់ទាំងនេះជាដាច់ខាត។
លោកក៏បានស្នើឱ្យមានការបង្កើតសហគមន៍ឡធ្យូងគំរូមួយនៅភូមិកំព្រហ្ម ឃុំឃុនរាម ស្រុកបន្ទាយស្រី ដែលសហគមន៍នេះនឹងតម្រូវឱ្យប្រើប្រាស់តែប្រភេទឈើក្នុងស្រុកដែលមិនប៉ះពាល់ដល់ព្រៃឈើធម្មជាតិ ឬព្រៃសហគមន៍ ដូចជា ដើមស្វាយចន្ទី ឬស្សី និងត្រឡោក ដូងជាដើម។
សូមជម្រាបថា ក្នុងប្រតិបត្តិការណ៍នេះ កម្លាំងចម្រុះបានចុះត្រួតពិនិត្យជាក់ស្តែងលើទីតាំងសរុបចំនួន៨ មានសិប្បកម្មឈើ ៧កន្លែង និងឡដុតធ្យូង ១កន្លែង ដោយ ក្រុមការងារចម្រុះបានសម្រេចដកហូតនូវឧបករណ៍បម្រើឱ្យសកម្មភាពកែច្នៃឈើជាច្រើនរួមមាន៖ ម៉ាស៊ីនតាប ៤គ្រឿង, ម៉ាស៊ីនវាល ៣គ្រឿង និងម៉ាស៊ីនច្រៀក ៤គ្រឿង, ម៉ាស៊ីនភ្លើង ៤គ្រឿង, ម៉ាស៊ីនខ្យល់, ម៉ាស៊ីនកាត់ឈើ និងឧបករណ៍ក្រឡឹងមួយចំនួនទៀត។ ជាមួយគ្នានោះ ក្រុមការងារក៏បានដកហូតឈើប្រណិត និងឈើលេខ១ ចំនួន ២ទីតាំង ជាប្រភេទឈើកំណាត់សម្រាប់ដុតធ្យូង ព្រមទាំងសរសរឈើមួយចំនួន ដែលម្ចាស់បានរត់គេចខ្លួនបាត់។
ក្រៅពីការដកហូតអាជ្ញាធរខេត្តសៀមរាប បានតម្រូវឱ្យម្ចាស់ទីតាំងធ្វើកិច្ចសន្យា បញ្ឈប់អាជីវកម្មកែច្នៃផលអនុផលព្រៃឈើជាបន្ទាន់។ ដោយឡែកចំពោះករណីឡធ្យូងក្នុងដែនអភិរក្ស ស្ថិតនៅភូមិពើងឆ័ត្រ អាជ្ញាធរបានចុះផ្សព្វផ្សាយ និងធ្វើកិច្ចសន្យាឱ្យបញ្ឈប់សកម្មភាពផងដែរ៕










