ស្ថាប័នចំនួន៥​ ប្រឹងប្រែងអភិវឌ្ឍន៍ផលិតផលស្វាយចន្ទីកម្ពុជា

ចែករំលែក៖

ភ្នំពេញ​៖​ កម្ពុជាជាប្រទេសផលិតគ្រាប់ស្វាយចន្ទីឆៅជាប់លេខ២ ច្រើនបំផុតនៅលើពិភពលោកនិងជាប់លេខ ១ ខាងគុណភាព​ គិតត្រឹមឆ្នាំ២០២៥ ។​ ខណៈ​ដំណាំស្វាយចន្ទី ត្រូវបានចាត់ទុកជាដំណាំយុទ្ធសាស្រ្តមួយរបស់កម្ពុជា និងជាដំណាំដែលមានសក្តានុពលខ្ពស់សម្រាប់ការនាំចេញ និងការកែច្នៃ។

ជាក់ស្ដែង​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រសួងពាណិជ្ជកម្ម ក្រសួងឧស្សាហកម្ម ក្រសួងបរិស្ថាន និង ក្រសួងកសិកម្មបាននាំគ្នារកមធ្យោបាយដើម្បីធ្វើអោយគ្រាប់ស្វាយចន្ទីរបស់កសិករអាច កែច្នៃនាំចេញ កើនឡើងដល់ ២៥ភាគរយនៃផលដំណាំស្វាយចន្ទី នៅឆ្នាំ២០២៧ និងយ៉ាងតិច ៥០ភាគរយ នៅឆ្នាំ២០៣២ខាងមុខនេះ។

ផែនការលើកស្ទួយភោគផលស្វាយចន្ទីនេះ បានធ្វើឡើងតាមរយះការបង្កើតគោលនយោបាយជាតិស្តីពី«ស្វាយចន្ទី» កាលពីឆ្នាំ២០២៣ដែល មានចក្ខុវិស័យអភិវឌ្ឍន៍ផលិតកម្ម កែច្នៃ និងទីផ្សារស្វាយចន្ទីឱ្យមានលក្ខណៈប្រកួតប្រជែងប្រកបដោយបរិយាបន្ន ធានានូវនិរន្តរភាព និងការធ្វើពិពិធកម្មសេដ្ឋកិច្ចដែលមានគោលដៅប្រែក្លាយកម្ពុជាឱ្យទៅជា ប្រទេសផលិត និងផ្គត់ផ្គង់ផលិតផលសា្វយចន្ទីដ៏សំខាន់មួយ សម្រាប់បម្រើទីផ្សារក្នុងស្រុក តំបន់ និងពិភពលោក។ គោលនយោបាយនេះ គឺជាយុទ្ធសាស្ត្រ សម្រាប់ជំរុញទីផ្សារ និង ជួយកសិករ ផលិតកម្មកសិកម្ម ជាពិសេស ជួយ ពង្រីក ការកែច្នៃ ស្វាយចន្ទី ឱ្យមានលទ្ធភាពនាំចេញ បានកាន់តែច្រើន ថែម មួយ កម្រិតទៀត និង បង្កើនតម្លៃបន្ថែម ក្នុងសេដ្ឋកិច្ចជាតិ។

ដើម្បីសម្រេចបាននូវគោលបំណងអភិវឌ្ឍន៍ដំណាំស្វាយចន្ទី ប្រកបដោយនិរន្តរភាព ស្ថាប័នរដ្ឋទាំង៥ បានផ្តោតលើការអនុវត្តន៍យុទ្ធសាស្រ្តចម្បងចំនួន៣គឺ ការផលិត ការកែច្នៃ និង ការនាំចេញ។

ក្រសួងកសិកម្មចូលរួមលើកកម្ពស់ផលិតភាពនៃវិស័យស្វាយចន្ទី ដោយយកចិត្តទុកដាក់ ជំរុញកែលម្អការប្រើប្រាស់បច្ចេកវិទ្យាកសិកម្មថ្មីៗប្រកបដោយនវានុវត្តន៍ ការអនុវត្តកសិកម្មល្អ កសិកម្មសរីរាង្គ។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ត្រូវជំរុញឱ្យមានរោងចក្រកែច្នៃផលិតផលស្វាយចន្ទី ចូលមកកម្ពុជាកាន់តែច្រើន ដើម្បីអភិវឌ្ឍសមត្ថភាព ផលិតកម្មស្វាយចន្ទី។

ក្រសួងឧស្សាហកម្មត្រូវលើកទឹកចិត្តវិស័យឯកជនឱ្យវិនិយោគកែច្នៃផលិតផលស្វាយចន្ទី សម្រាប់ តម្រូវការទីផ្សារក្នុងស្រុក និងការនាំចេញព្រមទាំងជំរុញការផ្ទេរបច្ចេកវិទ្យាឧស្សាហកម្មកែច្នៃ ដើម្បីអភិវឌ្ឍសមត្ថភាពផលិតកម្ម ស្វាយចន្ទី ការកែច្នៃ និងគ្រប់គ្រងផលិតផលស្វាយចន្ទី សម្រាប់ការប្រើប្រាស់ជាផលិតផលសម្រេចឬជាវត្ថុធាតុដើម សម្រាប់ផលិត ផលិតផលផ្សេងៗ។

ក្រសួងបរិស្ថានមានភារកិច្ចចម្បងក្នុងការធានាថាការដាំដុះ និងផលិតគ្រាប់ស្វាយចន្ទីស្របតាមស្តង់ដារបរិស្ថានប្រកបដោយនិរន្តរភាព និងការកាត់បន្ថយផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុដែលប៉ះពាល់ដល់ទិន្នផល។

ក្រសួងពាណិជ្ជកម្មរកគ្រប់មធ្យោបាយ តាមរយៈព្រឹត្តិការណ៍ពាណិជ្ជកម្ម វេទិកា ជំនួបពាណិជ្ជកម្ម យុទ្ធនាការប្រើប្រាស់ផលិតផលខ្មែរ និងម៉ាកពាណិជ្ជកម្មដើម្បី

ពង្រីកវិសាលភាពកសិពាណិជ្ជកម្មស្របតាមតម្រូវការទីផ្សារទាំងក្នុងនិងក្រៅប្រទេស តាមរយៈ កិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលនិងវិស័យឯកជន។

យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានអោយដឹងថា កម្ពុជាមានផ្ទៃដីប្រមូលផលស្វាយចន្ទីសរុបចំនួនជាង ៥៨ ម៉ឺនហិកតា ដែលនៅក្នុង ខេត្ត ចំនួន ១០ របស់កម្ពុជា។

ការដាក់គោលនយោបាយជាតិស្តីពី«ស្វាយចន្ទី»នេះបានធ្វើឡើងបន្ទាប់ពីកម្ពុជានៅខ្វះសមត្ថភាពកែច្នៃដោយគ្រាប់ស្វាយចន្ទីមិនបានកែច្នៃត្រូវបាននាំចេញទៅវៀតណាម ចិន និងឥណ្ឌា។

យោងតាមសមាគមស្វាយចន្ទីកម្ពុជា បានអោយដឹងថា កាលពីឆ្នាំ ២០២៥ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីឆៅប្រមាណ ១ លានតោន កើនឡើង ២៧ភាគរយ ធៀបនឹងឆ្នាំ ២០២៤។

យ៉ាងណាក៌ដោយកាលពីថ្ងៃទី ៤កញ្ញាឆ្នាំ២០២៥ គ្រាប់ស្វាយចន្ទីកែច្នៃរួច១០០ភាគរយ ប្រមាណ ១៤តោន បានសម្រេចនាំចេញទៅកាន់ ទីផ្សារប្រទេសអ៊ីតាលី ជាលើកដំបូងក្នុងផែនការនាំចេញទៅទីផ្សារអឺរ៉ុប ខណៈកម្ពុជាដាក់ផែនការនាំចេញគ្រាប់ស្វាយចន្ទីកែច្នៃរួច១០០ភាគរយទៅទីផ្សរាប្រទេសចិន និងជប៉ុនទៀត។

...

មន្ត្រីជាន់ខ្ពស់នៃក្រសួងកសិកម្មបានលើកឡើងថា បច្ចុប្បន្នកម្ពុជាមានសមត្ថភាពកែច្នៃ គ្រាប់ស្វាយចន្ទីប្រមាណ១២ភាគរយ នៃបរិមាណគ្រាប់ស្វាយចន្ទីដែលដាំដុះបាន ដែលបរិមាណនេះនឹងកើនឡើងទៀត ខណៈរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីចំនួន៣ទៀតនឹងដាក់ដំណើរការនៅដើមឆ្នាំ២០២៦នេះដែល២នៅខេត្តកំពង់ធំនិង១នៅខេត្តកំពង់ចាមដែលមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីបានជាង៦ម៉ឺនតោនក្នុង១ឆ្នាំ ដែលយើងសង្ឃឹមថានៅឆ្នាំ២០២៧ខាងមុខនេះកម្ពុជានឹងមានលទ្ធភាពកែច្នៃ គ្រាប់ស្វាយចន្ទីឡើងដល់ ២៥ភាគរយ ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print