អន្ទាក់ចាប់សត្វជាច្រើនខ្សែ ត្រូវបានមន្ត្រីឧទ្យានុរក្ស និងកងរាជអាវុធហត្ថខេត្តកោះកុង ប្រមូលចេញពីក្នុងព្រៃ

ចែករំលែក៖

ខេត្តកោះកុង៖ ការដាក់អន្ទាក់ចាប់សត្វព្រៃ នៅតែជាការគំរាមកំហែងដ៏គួរឱ្យព្រួយបារម្ភមួយសម្រាប់អាយុជីវិតសត្វព្រៃនៅតាមឧទ្យានជាតិនានាក្នុងខេត្តកោះកុង។ ដើម្បីការពារអាយុជីវិតសត្វព្រៃរួចផុតពីអន្ទាក់របស់ជន ខិលខូច មន្ត្រីឧទ្យានុរក្ស កងរាជអាវុធហត្ថខេត្ត កោះកុង ក្រោមការគាំទ្រពីអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានចុះល្បាត និងទប់ស្កាត់បទល្មើសជាប់ជាប្រចាំ។ ក្នុងដំណើរចុះល្បាត និងទប់ស្កាត់បទល្មើសនោះ ឧទ្យានុរក្ស និងមន្ត្រីកងរាជអាវុធហត្ថ បានដោះអន្ទាក់ជាច្រើនខ្សែពីតាមព្រៃនៃឧទ្យានជាតិ និងដែនជម្រកសត្វព្រៃក្នុងភូមិសាស្ត្រខេត្តកោះកុង។

របាយការណ៍ពីមន្ទីរបរិស្ថានខេត្ត បានឱ្យដឹងថា នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ មន្ត្រីឧទ្យានុរក្ស និងមន្ត្រីកងរាជអាវុធហត្ថខេត្តកោះកុង បានដើរដោះអន្ទាក់បានចំនួនសរុប១៨៣ខ្សែ។

ការចាប់សត្វព្រៃ ជួញដូរ និងបរិភោគសត្វព្រៃ ជាទង្វើខុសច្បាប់ ដែលប្រឈមនឹងការផាកពិន័យជាប្រាក់ និងដាក់ពន្ធនាគារផងដែរ។ បើទោះបីដឹងថាការចាប់ ការជួញដូរ និងការបរិភោគសត្វព្រៃ ជាទង្វើខុសនឹងច្បាប់ តែឥរិយាបថរបស់ប្រជាពលរដ្ឋខ្មែរពាក់ព័ន្ធការចាប់ ការជួញដូរ និងការបរិភោគនៅតែបន្តកើតមាន។

ព្រៃធំបទល្មើសច្រើន មន្ត្រីផ្នែកការពារព្រៃមានចំនួនតិច បើបន្តរបៀបចាស់ក្នុងការទប់ស្កាត់បទល្មើស គឺជារឿងលំបាក។ ការប្រើបច្ចេកវិទ្យា ដោយបង្កប់កាមេរាសុវត្ថិភាពឱ្យបានច្រើននៅក្នុងព្រៃ ត្រូវបានគេមើល ឃើញថា ជាជម្រើសល្អមួយដើម្បីតាមដានសកម្មភាពល្មើស និងតាមវែកមុខជនល្មើស។ មានតែការផ្តន្ទាទោសទៅតាមច្បាប់ឱ្យបានតឹងរឹងបំផុត ទើបអាចបញ្ចប់សកម្មភាពក្រុមជនចាប់សត្វព្រៃ។

បន្ថែមពីលើនេះ ក្រៅពីការធ្វើសកម្មភាពបង្ក្រាបនៅក្នុងព្រៃហើយនោះ ការបង្ក្រាបក្រុមអ្នករកស៊ីជួញដូរសាច់ សត្វព្រៃ គឺជាត្រូវធ្វើប្រទាក់ក្រឡាគ្នា។ បើគ្មានអ្នកទិញ គ្មានអ្នកហូប ប្រហែលជាគ្មានអ្នកចាប់សត្វនោះឡើយ។
បច្ចុប្បន្ននេះ នៅតាមអាហារដ្ឋានធំៗមួយចំនួនតាមខេត្តមានសត្វព្រៃ ត្រូវបានគេរកឃើញថា នៅតែបន្តលក់សាច់សត្វព្រៃ ហើយសត្វព្រៃខ្លះទៀត ក៏មានលួចដឹកយកមកលក់ដល់ភ្នំពេញផងដែរ។

...

ដូច្នេះដើម្បីចូលរួមការពារសត្វព្រៃ លុបបំបាត់បទល្មើសលើសត្វព្រៃ ត្រូវការការចូលរួមពីសំណាក់ប្រជាពលរដ្ឋ។ ជាពិសេសគ្រប់គ្នាបញ្ឈប់ការបរិភោគសាច់សត្វព្រៃ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print