ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងនៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦នេះថា សម្ដេច បានតាមដានយ៉ាងយកចិត្តទុកដាក់នូវស្ថានភាព នៅមជ្ឈឹមបូព៌ា។ ជាមួយគ្នានេះ សម្តេច ក៏បានណែនាំឱ្យផ្អាកការការបញ្ជូននិស្សិត ឬកាមសិក្សា ទៅធ្វើការ ឬទៅរៀននៅអ៉ីស្រាអែល ឬមជ្ឈិមបូព៌ា ជាបណ្តោះអាសន្នសិន រហូតដល់ស្ថានការណ៍វិលមកស្ងប់ស្ងាត់វិញ។
ការលើកឡើងរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនាឱកាសដែល សម្តេចអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅបន្ដរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។
សម្តេចនាយករដ្ឋមន្រ្តីកម្ពុជា បានគូសបញ្ជាក់ថា បច្ចុប្បន្ន មាននិស្សិត និងប្រជាពលរដ្ឋខ្មែរប្រមាណ ៤៨៧ នាក់ នៅស្ថិតនៅតំបន់មជ្ឈឹមបូព៌ា ហើយក្នុងនោះមានជាង២៨០នាក់ កំពុងនៅក្នុងប្រទេសអ៉ីស្រាអែល។
សម្តេចធិបតី បានលើកឡើងថា សម្រាប់ពលរដ្ឋខ្មែរដែលស្ថិតនៅតំបន់ជម្លោះមជ្ឈិមបូព៌ា មន្រ្តីទូត និងមន្រ្តីពាក់ព័ន្ធត្រូវបន្តយកចិត្តទុកដាក់ ដោយធ្វើយ៉ាងណា គឺគិតសុវត្ថិភាពរបស់គាត់ជាចម្បង។
សម្តេចធិបតី យល់ថា បើចាំបាច់ ត្រូវមានការជម្លៀសយ៉ាងម៉េច គឺត្រូវធ្វើឱ្យទាន់ពេលវេលា និងតាមឱ្យជាប់ជាប្រចាំ។ ជាមួយនឹងស្ថានភាពនេះ សម្តេចក៏បានស្នើឱ្យផ្អាកបញ្ជូននិស្សិត និងកាមសិក្សាការីរបស់កម្ពុជា ទៅកាន់ប្រទេសអ៉ីស្រាអែលជាបណ្តោះអាសន្ន រហូតដល់ស្ថានភាពបានសមរម្យឡើងវិញ៕ដោយ៖តារា










