ភ្នំពេញ៖ អគ្គនាយកដ្ឋានការពារអ្នកប្រេីប្រាស់កិច្ចការប្រកួតប្រជែង និង បង្ក្រាបការក្លែងបន្លំ (ក.ប.ប) នៃក្រសួងពាណិជ្ជកម្ម ព្រមានចាត់វិធានការចំពោះស្ថានីយ៍ប្រេងដែលលក់លេីសតម្លៃកំណត់របស់ក្រសួងពាណិជ្ជកម្ម។ ហើយមន្ត្រីជំនាញ ក.ប.ប និងធ្វើការចុះអង្កេតថ្លៃលក់រាយប្រេងឥន្ធនៈ តាមបណ្តាស្ថានីយនិងដេប៉ូចែកចាយ។
យោងលើស្ថានការណ៍នៃជម្លោះដែលកំពុងកើតមាននិងរីករាលដាលនៅតំបន់មជ្ឈឹមបូព៌ា ដែលបង្កផលប៉ះពាល់ ដល់ការផលិត ការនាំចេញ និងការចែកចាយប្រេងឥន្ធនៈផ្គត់ផ្គង់លើទីផ្សារពិភពលោក ការណ៍នេះនឹងអាចជះឥទ្ធិពល អវិជ្ជមាននាំឱ្យមានការកើនឡើងថ្លៃលក់ប្រេងឥន្ធនៈជាសាកល ពិសេសប៉ះពាល់ដល់ប្រទេសនាំចូលប្រេងឥន្ធនៈ ដែលក្នុងនោះក៏មានព្រះរាជាណាចក្រកម្ពុជាផងដែរ។ ក្នុងន័យនេះ ដើម្បីទទួលបានព័ត៌មានជាក់លាក់នៃបម្រែបម្រួល ថ្លៃលក់រាយប្រេងឥន្ធនៈ ដែលនឹងកើតមានឡើង អគ្គនាយកដ្ឋាន ក.ប.ប. សូមធ្វើការណែនាំដល់សាខា ក.ប.ប. រាជធានី ខេត្តទាំងអស់ ដូចខាងក្រោម៖
- ត្រូវបង្កើនសកម្មភាពចុះអង្កេតថ្លៃលក់រាយប្រេងឥន្ធនៈ នៅតាមបណ្តាស្ថានីយ ដេប៉ូចែកចាយ ដោយ ត្រូវផ្ទៀងផ្ទាត់អនុលោមភាពតាមសេចក្តីជូនដំណឹងស្តីពីថ្លៃលក់រាយប្រេងឥន្ធនៈ នៅតាមបណ្តាស្ថានីយ ដែលក្រសួងពាណិជ្ជកម្ម បានចេញរៀងរាល់ ១០ថ្ងៃម្តង
- សហការជាមួយមន្ទីរពាណិជ្ជកម្ម ស្រង់ស្ថិតិចំនួនស្ថានីយ ដេប៉ូចែកចាយ ដែលមានការប្រែប្រួលថ្លៃ។ ក្នុងករណី មានការលក់លើសថ្លៃលក់រាយ ដែលកំណត់ក្នុងសេចក្តីជូនដំណឹង ត្រូវអនុវត្តវិធានការតាម នីតិវិធីជាធរមាន
- ស្រាវជ្រាវនិងត្រួតពិនិត្យការក្លែងបន្លំយថាប្រភេទនិងបរិមាណ ពាក់ព័ន្ធការធ្វើអាជីវកម្មមិនសុចរិត
- ត្រូវរាយការណ៍ប្រចាំថ្ងៃមក លោក អ៊ុត សណ្តាប់ ដើម្បីបូកសរុបរបាយការណ៍ជូនថ្នាក់ដឹកនាំ អគ្គនាយកដ្ឋាន តាមរយៈលេខទូរសព្ទ 078 737 939 ។
ទទួលបានសេចក្តីណែនាំខាងលើ សូមលោកប្រធានសាខា ក.ប.ប. រាជធានី ខេត្ត ទាំងអស់ អនុវត្តឱ្យមាន ប្រសិទ្ធភាព ចាប់ពីថ្ងៃចេញសេចក្តីជូនដំណឹងនេះតទៅ៕
ដោយ៖តារា










