ខេត្តស្ទឹងត្រែង÷បន្ទាប់ពីការធ្វើដំណើរយ៉ាងស្វិតស្វាញអស់រយៈពេល ៦ ថ្ងៃ កាត់កម្តៅថ្ងៃ និងចម្ងាយផ្លូវដ៏វែងឆ្ងាយជាង ៣៦០ គីឡូម៉ែត្រ ក្បួនស៊ីក្លូអភិរក្សខ្មែរបានឈានជើងមកដល់ទឹកដីខេត្តស្ទឹងត្រែងហើយ នៅវេលាថ្ងៃត្រង់ថ្ងៃទី៦មីនា២០២៦នេះ ក្នុងក្តីរំភើបញាប់ ញ័រ និងមោទនភាពជាទីបំផុត និងក្រោមការស្វាគមន៍យ៉ាងកក់ក្តៅ ពីអាជ្ញាធរខេត្ត/ក្រុងស្ទឹងត្រែង មន្ត្រីរាជការ និងសិស្សានុសិស្ស ផងដែរ។
ផ្តើមចេញពីរង្វង់មូលវិមានឯករាជ្យ កាលពីព្រឹកព្រលឹមថ្ងៃទី១ ខែមីនា ឆ្នាំ២០២៦ ក្បួនស៊ីក្លូខ្មែរបានធ្វើដំណើរឆ្លងកាត់ខេត្តកណ្តាល កំពង់ចាម ត្បូងឃ្មុំ និងក្រចេះ តាមបណ្តោយផ្លូវជាតិលេខ៧ ក្នុងចម្ងាយផ្លូវ ៣៦០ គីឡូម៉ែត្រ ក្នុងរយៈពេល ៦ ថ្ងៃនេះ មិនត្រឹមតែជាការ សាកល្បងកម្លាំងកាយប៉ុណ្ណោះទេ ប៉ុន្តែគឺជាការបង្ហាញពីភាពរឹងមាំនៃ “សមាគមស៊ីក្លូកម្ពុជា” ក្នុងបេសកកម្មអភិរក្សមធ្យោបាយធ្វើដំណើរ ដែលជាមរតកវប្បធម៌តាំងពីសម័យមុន។
គួរបញ្ជាក់ថា អ្នកធាក់ស៊ីក្លូ១០រូប បានធ្វើយុទ្ធនាការជិះស៊ីក្លូពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ខេត្តស្ទឹងត្រែង ដើម្បីរួមគ្នាលើកកម្ពស់វិស័យទេសចរណ៍ និងស្ទឹងត្រែងលើសពីទន្លេ លើសពីធម្មតា បានចាប់ផ្តើមចេញដំណើរពីវិមាន ឯករាជ្យ រាជធានីភ្នំពេញ។ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានថ្លែងថា យុទ្ធនាការធាក់ស៊ីក្លូចំងាយផ្លូវ ៣៧០ គ.ម នេះ នឹងធានាបាននូវការការអភិរក្ស អភិវឌ្ឍន៍ ពិសេសទទួលបានគាំទ្រប្រើប្រាស់ច្រើននៅ ក្នុងសង្គមកម្ពុជា។
លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ថ្លែងក្នុងឱកាសជូនដំណើរក្រុមអ្នកធាក់ស៊ីក្លូភ្នំពេញស្ទឹងត្រែងនៅព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២៦នេះថា តាមរយៈការចំណាយពេលចំនួន៦ថ្ងៃ ធ្វើយុទ្ធនាការធាក់ស៊ីក្លូពីរាជធានីភ្នំពេញ ទៅកាន់ខេត្តស្ទឹងត្រែង លើចម្ងាយ ៣៧០គ.ម របស់ក្រុមអ្នកធាក់ស៊ីក្លូនេះ គឺរួមចំណែកផ្សព្វផ្សាយទិវាជាតិទីក្រុងស្អាតឆ្នាំ២០២៦ និងជំរុញការអភិរក្ស អភិវឌ្ឍន៍ ក៏ដូចជំរុញការគាំទ្រ និងប្រើប្រាស់ស៊ីក្លូធ្វើដំណើរកាន់តែច្រើននៅក្នុងសង្គមកម្ពុជា ហើយក្រសួងទេសចរណ៍ផ្ទាល់ នឹងជំរុញការផ្តល់តម្លៃបន្ថែម ដោយជំរុញឲ្យឲ្យអាជីវកម្មទេសរណ៍ ពិសេសការីទេសចរណ៍រៀបចំកញ្ចប់ទេសចរណ៍ ដោយមានដាក់ បញ្ចូលឲ្យទេសចរអន្តរជាតិទទួលបានពិសោធន៍ធ្វើដំណើរតាមស៊ីក្លូនេះផងដែរ៕










