ភ្នំពេញ : កម្ពុជា-លុចសំបួបានឯកភាពគ្នាលើគម្រោងចុះកិច្ចព្រមព្រៀងលើការគាំទ្រលើការអភិវឌ្ឍជំនាញដល់យុវជន នៅតំបន់ដាច់ស្រយាលក្នុងខេត្តស្ទឹងត្រែង និងរតនគិរី ផ្នែកការកែច្នៃផលិតផលកសិកម្ម ទេសចរណ៍ និងបដិសណ្ឋារកិច្ច និងភាសាអន្តរជាតិ តាមរយៈកម្មវិធីអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET)។ ការឯកភាពនេះធ្វើឡើងក្នុងកិច្ចជំនួបរវាងលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាមួយលោក ថូមាស់ ឡាម៉ា (Thomas Lammar) ភារធារីស្ដីទីនៃស្ថានទូតលុចសំបួ ប្រចាំប្រទេសឡាវ នាថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦។
នាឱកាសនោះ លោក ហេង សួរ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក ថូមាស់ និងសហការី និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការរួមចំណែកដ៏ធំធេងរបស់ប្រទេសលុចសំបួនៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅកម្ពុជា ក៏ដូចជាបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ ជាពិសេសការអភិវឌ្ឍធនធានមនុស្ស និងសេវាសង្គម។ ដោយឡែក ចំពោះខេត្តទាំងពីរទោះបីជាស្ថិតនៅតំបន់ដាច់ស្រយាល ក៏វាជាខេត្តស្ថិតក្នុងរបៀបវារៈអភិវឌ្ឍន៍របស់កម្ពុជាដែរ ហើយការចាប់ផ្តើមនៅខេត្តទាំងនេះនឹងក្លាយជាគន្លឹះដ៍សំខាន់ ដើម្បីឱ្យការរីកចម្រើនអាចមានភាពស្មើគ្នារវាងទីក្រុង និងខេត្តដាច់ស្រយាល។
លោករដ្ឋមន្រ្តី និងលោក ថូមាស់ បានស្នើឱ្យមន្រ្តីបច្ចេកទេសនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងទីភ្នាក់ងារអភិវឌ្ឍន៍លុចសំបួ បន្តពិភាក្សាគ្នាលើការដាក់ឱ្យដំណើរការអនុវត្តគម្រោងនេះ ដើម្បីឈានទៅសម្រេចបាននូវការចុះកិច្ចព្រមព្រៀងជាមួយគ្នានៅចុងឆ្នាំ២០២៦នេះ។ កិច្ចសហការនេះកើតមានឡើងបន្ទាប់ពីគណៈប្រតិភូប្រទេសលុចសំបួបានអញ្ជើញទៅទស្សនកិច្ចកម្មវិធី TVET ក្នុងខេត្តទាំងពីរ កាលពីខែមិថុនា ឆ្នាំ២០២៥។
លោក ហេង សួរ មានប្រសាសន៍ទៀតថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានដាក់ចេញយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយមានចក្ខុវិស័យដ៏វែងឆ្ងាយក្នុងគោលដៅជំរុញកំណើនសេដ្ឋកិច្ចជាតិ ដើម្បីសម្រេចផែនការចាកចេញពីឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួច (LDC) នៅក្នុង ឆ្នាំ២០២៩។ ហេតុនេះ ការអភិវឌ្ឍមូលធនមនុស្សតាមរយៈការធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធ TVET (រួមទាំងកម្មវិធី TVET 1.5M) គឺជាស្នូលដ៏ចាំបាច់។ ទន្ទឹមនឹងនេះ លោកបានលើកឡើងថា លទ្ធផលផ្លែផ្កា នៃការសម្រេចបាននូវកិច្ចសហការនៅក្នុងថ្ងៃនេះ គឺបានកើតចេញពីលទ្ធផលនៃជំនួបទ្វេភាគីនាពេលកន្លងមក ដោយលោកបានគូសបញ្ជាក់ថា លុចសំបួ គឺជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់ ដែលផ្តល់តម្លៃរួមក្នុងការគាំទ្រលើការលើកកម្ពស់ជំនាញវិជ្ជាជីវៈ ផលិតភាព ឱកាសការងារ ការពារសង្គម និងកំណើនដែលរួមបញ្ចូល ប្រកបដោយចីរភាព ស្របតាមអាទិភាពអភិវឌ្ឍន៍ជាតិរបស់កម្ពុជា។
ជាការឆ្លើយតប លោក ថូមាស់ បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះចក្ខុវិស័យដ៏ច្បាស់លាស់របស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយលោកបានលើកឡើងពីការចាប់ផ្តើមនៃទំនាក់ទំនងដ៏ល្អរវាងរាជរដ្ឋាភិបាលកម្ពុជា និងលុចសំបួ ដែលឈានដល់ការបើកការិយាល័យទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍ នៃប្រទេសលុចសំបួនៅកម្ពុជាកាលពីខែតុលា ឆ្នាំ២០២៥ ដែលនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេសចូលរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចនៅកម្ពុជា តាមរយៈគំនិតផ្តួចផ្តើម និងគម្រោងអភិវឌ្ឍន៍សំខាន់ៗ។
ជាមួយនឹងការផ្លាស់ប្តូរយោបល់ពីការពង្រឹងទំនាក់ទំនងទ្វេភាគីនាពេលអនាគត លោករដ្ឋមន្រ្តី និង លោក ថូមាស់ ក៏បានពិភាក្សាលើការកំណត់គម្រោងសហប្រតិបត្តិការជាក់ស្ដែង និងអាទិភាពផ្សេងៗទៀតដែរ ដោយបានគូសបញ្ជាក់ឡើងវិញនូវការប្ដេជ្ញាចិត្តរួមគ្នា ក្នុងការបន្តការកសាងភាពជាដៃគូយូរអង្វែង ជាពិសេសការពង្រីកកម្មវិធីបណ្តុះបណ្តាលនេះទៅកាន់ខេត្តគោលដៅផ្សេងទៀត និងនៅក្នុងវិស័យឧស្សាហកម្មកាត់ដេរជាដើម។
ជាទីបញ្ចប់ លោក ហេង សួរ បានសម្តែងក្តីសោមនស្សរីករាយ និងថ្លែងអំណរគុណយ៉ាងក្រៃលែងចំពោះលោក ថូមាស់ និងសហការីសម្រាប់កិច្ចពិភាក្សាប្រកបដោយស្ថាបនា ជាពិសេសសម្រាប់ការបញ្ជាក់ជាថ្មីនូវការបន្តការគាំទ្រ និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ដោយលោកបានបង្ហាញការជឿជាក់យ៉ាងមុតមាំថា កិច្ចសហការរួមនេះនឹងកាន់តែរឹងមាំបន្ថែមទៀត ក្នុងទិសដៅអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជាប្រកបដោយនិរន្តរភាព៕
ប្រភព : ក្រសួងការងារ










