អន្តរជាតិ៖ យោងតាមមន្ត្រីពីររូបដែលដឹងច្បាស់ពីចារកម្មអាមេរិក រុស្ស៊ីបានផ្តល់ព័ត៌មានឲ្យអ៊ីរ៉ង់ថាអាចជួយទីក្រុងតេអេរ៉ង់ វាយប្រហារនាវាចម្បាំង យន្តហោះ និងទ្រព្យផ្សេងទៀតរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់។
មន្ត្រីដែលមិនត្រូវបានអនុញ្ញាតឱ្យធ្វើអត្ថាធិប្បាយជាសាធារណៈលើបញ្ហារដ៏សើប បានព្រមានថា ចារកម្មអាមេរិកមិនបានរកឃើញថា រុស្ស៊ីកំពុងណែនាំអ៊ីរ៉ង់អំពីអ្វីដែលត្រូវធ្វើជាមួយព័ត៌មាននោះទេ ខណៈសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បន្តទម្លាក់គ្រាប់បែកហើយអ៊ីរ៉ង់បាញ់សងសឹកទៅលើទីតាំង និងសម្ព័ន្ធមិត្តរបស់អាមេរិកនៅឈូងសមុទ្រពែក្ស។ ទោះជាយ៉ាងណា វាគឺជាការចង្អុលបង្ហាញដំបូងថា ទីក្រុងមូស្គូបានព្យាយាមចូលរួមក្នុងសង្គ្រាមដែលសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានចាប់ផ្តើមលើអ៊ីរ៉ង់កាលពីមួយសប្តាហ៍មុន។
រុស្ស៊ី ស្ថិតនៅក្នុងក្លឹបដ៏កម្រនៃប្រទេសដែលរក្សាទំនាក់ទំនងមិត្តភាពជាមួយទីក្រុងតេអេរ៉ង់ បានប្រឈមនឹងភាពឯកោរយៈពេលជាច្រើនឆ្នាំមកហើយលើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន និងការគាំទ្ររបស់ប្រទេសនេះចំពោះក្រុមតំណាងដែលបានបង្កភាពវឹកវរនៅមជ្ឈិមបូព៌ា រួមមានក្រុមហេសបូឡា ហាម៉ាស និងក្រុមហ៊ូទី។ ជាមួយគ្នានេះ សេតវិមាន បាននិយាយសម្រាលពីរបាយការណ៍ដែលថារុស្ស៊ីកំពុងចែករំលែកព័ត៌មានចារកម្មជាមួយអ៊ីរ៉ង់អំពីគោលដៅរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់នោះ។
អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt កាលពីថ្ងៃសុក្របានប្រាប់អ្នកសារព័ត៌មានថា «វាច្បាស់ណាស់ថា ពុំមានភាពខុសគ្នាចំពោះអ្វីទាក់ទងនឹងប្រតិបត្តិការយោធានៅក្នុងប្រទេសអ៊ីរ៉ង់ទេ ព្រោះយើងនឹងបំផ្លាញពួកគេទាំងស្រុង»។ លោកស្រី Leavitt បានបដិសេធមិននិយាយថា តើលោក Trump បានពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin អំពីការចែករំលែកព័ត៌មានចារកម្មដែលត្រូវបានរាយការណ៍ ឬថាតើលោក ជឿថារុស្ស៊ី នឹងប្រឈមផលវិបាកដែរឬយ៉ាងណា ដោយនិយាយថាលោកស្រីនឹងទុកឱ្យប្រធានាធិបតីនិយាយអំពីរឿងនោះដោយខ្លួនឯង៕
ដោយ៖តារា










