ក្រោយកូរ៉េខាងជើងគម្រាម ពេលនេះ អាមេរិក ចាប់ផ្ដើមធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំជាមួយកូរ៉េខាងត្បូង

ចែករំលែក៖

សារព័ត៌មាន AP បានផ្សាយថា សហរដ្ឋអាមេរិក បានចាប់ផ្ដើមធ្វើសមយុទ្ធយោធារួមគ្នាទ្រង់ទ្រាយធំមួយជាមួយកូរ៉េខាងត្បូង ដោយមានការចូលរួមពីកងទ័ពរាប់ម៉ឺននាក់ នៅថ្ងៃចន្ទ ទី៩ ខែមីនា ឆ្នាំ២០២៦ ខណៈកំពុងធ្វើសង្រ្គាមជាមួយអ៉ីរ៉ង់នៅក្នុងតំបន់មជ្ឈិមបូព៌ា។

យោធាកូរ៉េខាងត្បូងបានឱ្យដឹងថាកងទ័ពកូរ៉េខាងត្បូង ១៨ ០០០នាក់នឹងចូលរួមក្នុងសមយុទ្ធរួមគ្នាជាមួយសហរដ្ឋអាមេរិកមានឈ្មោះថា Freedom Shield ដែលនឹងត្រូវ ប្រព្រឹត្តទៅរហូតដល់ថ្ងៃទី១៩ ខែមីនា។ កងទ័ពអាមរិកប្រចាំកូរ៉េខាងត្បូងមិនបានបញ្ជាក់ថាតើមានកងទ័ពអាមេរិកប៉ុន្មាននាក់នឹងត្រូវចូលរួមនោះទេ។
ការធ្វើសមយុទ្ធរួមគ្នារវាងសម្ព័ន្ធមិត្តទាំង២ កើតមានឡើងចំពេលប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងបានរាយការណ៍ថាទីក្រុងវ៉ាស៊ីនតោនបានរើបរិក្ខារយោធាមួយចំនួនចេញពី កូរ៉េខាងត្បូងដើម្បីគាំទ្រដល់ការធ្វើសង្រ្គាមប្រឆាំងអ៉ីរ៉ង់។ កាលពីសប្ដាហ៍មុន កងទ័ពអាមេរិកឈរជើងនៅកូរ៉េខាងត្បូងបាននិយាយថាខ្លួននឹងមិនធ្វើអត្ថាធិប្បាយអ្វីជាក់លាក់លើ បញ្ហាបរិក្ខារយោធានោះទេ ក្រោមហេតុផលសន្តិសុខ។ ក្រុមមន្ត្រីកូរ៉េខាងត្បូង ក៏បានបដិសេធធ្វើការអត្ថាធិប្បាយផងដែរពាក់ព័ន្ធនឹងសេចក្ដីរាយការណ៍ដែលថាប្រព័ន្ធខែលប្រឆាំងមីស៊ីល Patriot និងបរិក្ខារដទៃទៀតត្រូវបានបញ្ជូនទៅកាន់តំបន់មជ្ឈិមបូព៌ា ប៉ុន្តែពួកគេបានអះអាងថានឹងមិនមានផលប៉ះពាល់ធំដុំអ្វីដល់ជំហរការពាររួមគ្នារបស់ប្រទេសទាំង២ឡើង។
សមយុទ្ធ Freedom Shield ត្រូវបានរំពឹងថានឹងធ្វើឱ្យកូរ៉េខាងជើងក្ដៅក្រហាយ ដ្បិតទីក្រុងព្យុងយ៉ាងជារឿយៗបានចាត់ទុកថាការធ្វើសមយុទ្ធរួមគ្នារវាង សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងគឺជាការត្រៀមលក្ខណៈឈ្លានពាន និងប្រើវាជាលេសដើម្បីបង្កើនសាច់ដុំយោធា និងធ្វើតេស្តអាវុធ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print