ខេត្តកណ្ដាល៖ ដោយអនុវត្តតាមបទបញ្ជាដឹកនាំរបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោក គួច ចំរើន អភិបាលខេត្តកណ្តាល លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាដល់កម្លាំងជំនាញរបស់ស្នងការដ្ឋានរួមជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ស្រុកស្អាង និងស្រុកកណ្តាលស្ទឹង បានធ្វើការស្រាវជ្រាវបង្ក្រាបមុខសញ្ញា ធាក់ប្លន់ប្រជាពលរដ្ឋនៅពេលយប់ក្នុងភូមិសាស្ដ្រខេត្តកណ្ដាល។
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦នេះ បានបញ្ជាក់ថា ក្រុមជនសង្ស័យទាំង៣នាក់នេះ ធ្លាប់បានធ្វើសកម្មភាពធាក់ប្លន់ចំនួន៣ករណី រួមមាន៖
ករណីទី១៖ កើតហេតុនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង១៖៣០នាទី នៅចំណុច ផ្លូវជាតិលេខ២១ ស្ថិតនៅក្នុងភូមិស្វាយជួរ ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល
ករណីទី២៖ កើតហេតុថ្ងៃទី១៣ ខែ ធ្នូ ឆ្នាំ២០២៥ ម៉ោង៥៖០០នាទី នៅចំណុច ជិតគណបក្សប្រជាជនកម្ពុជាភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ករណីទី៣៖ កើតហេតុនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង៣៖៥៧នាទី នៅចំណុច បណ្ដោយផ្លូវជាតិលេខ២ ស្ថិតក្នុងភូមិព្រែកស្លែង ឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល (ប្លន់ស្ដ្រីលក់បន្លែ)។ ករណីនេះចាប់ខ្លួនបានម្នាក់ដែលជាជនដៃដល់ និងបក្ខពួក២នាក់ទៀត កំពុងស្រាវជ្រាវ។
បច្ចុប្បន្នកម្លាំងបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ និងកំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធី។ ដោយឡែក មុខសញ្ញាដែលនៅសេសសល់ កម្លាំងជំនាញកំពុងស្រាវជ្រាវបន្តដើម្បីឃាត់ខ្លួនចាត់ការតាមនីតិវិធី៕
ដោយ÷ចន្ទ លីហ្សា










