ខេត្តកំពត៖ ដោយអនុវត្តតាមការណែនាំរបស់ក្រសួង កាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦ មន្ត្រីមន្ទីរជំនាញខេត្តកំពត សហការជាមួយមន្ត្រីមន្ទីរពាក់ព័ន្ធចុះតាមបណ្តាស្ថានីយប្រេងឥន្ធនៈ ពិនិត្យឃើញភាពមិនប្រក្រតីកើតឡើងលើទីតាំងមួយចំនួន ពិសេសអំពីតម្លៃលក់ប្រេងលើសពីការកំណត់របស់អន្តរក្រសួង។
លោក ស្រី កុម្ភៈ ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពត បានប្រាប់ឱ្យដឹងថា កាលពីថ្ងៃទី៧ ខែមីនា ពោលគឺ ក្រោយទទួលសេចក្តីណែនាំពីក្រសួង មន្ត្រីរបស់លោកបានសហការជាមួយមន្ត្រីមន្ទីររ៉ែ និងថាមពល បានចុះពិនិត្យស្ថានីយប្រេងឥន្ធនៈតាមបណ្តាក្រុង-ស្រុក ទូទាំងខេត្ត។ តាមរយៈបេសកកម្មនៅទីតាំងចំនួន៨០ ក្រុមការងាររកឃើញស្ថានីយ ២០កន្លែង បានលក់ប្រេងលើសតម្លៃដែលកំណត់ដោយប្រកាសអន្តរក្រសួង។ កន្លែងខ្លះលក់ ១លីត្រ តម្លៃលើស ៤.០០០រៀល និងខ្លះទៀតជាង ៥.០០០រៀល។ ក្រុមការងារក៏បានណែនាំម្ចាស់ស្ថានីយឱ្យលក់តាមតម្លៃដែលក្រសួងកំណត់ ហើយតែងតែប្រកាសក្នុងអំឡុង ១០ថ្ងៃម្តង។ស្ថានីយចំនួន២០កន្លែង ដែលបានផ្អាកព្រោះពុំមានប្រេងលក់ដោយរង់ចាំក្រុមហ៊ុនបញ្ជូនឱ្យ។ ទាំងនេះក៏ដោយសារតែក្រុមហ៊ុនពុំមានប្រេងគ្រប់គ្រាន់ដើម្បីលក់ជូនតាមការបញ្ជាទិញ ឬអាចតម្លៃដើមមានការកើនខ្លាំង ធ្វើឱ្យស្ថានីយមួយចំនួនទិញចូលលែងបាន។ ប៉ុន្តែ ស្ថានីយធំៗគ្មានបញ្ហាអវិជ្ជ មានកើតឡើងនោះទេគឺអនុវត្តបានត្រឹមត្រូវតាមប្រកាស របស់ក្រសួងពាណិជ្ជកម្ម ថែមទាំងចូលរួមសន្សំសំចៃតាមរយៈការមិនលក់ជូនអតិថិជនដែលទិញដាក់ប៊ីដុងដើម្បីយកទៅស្តុកទុក។
លោក សុខ សុភ័ក្ត្រ នាយកគ្រប់គ្រងស្ថានីយប្រេង ឥន្ធនៈ តេលាខ្មែរ ប្រចាំខេត្តកំពតបានប្រាប់ឱ្យដឹងថា អាជីវកម្មរបស់ តេលាខ្មែរ នៅតែបន្តដំណើរការជាធម្មតា រីឯតម្លៃលក់ដូរអនុលោមទៅតាមសេចក្តីប្រកាសរបស់ក្រសួងពាណិជ្ជកម្ម។ ក្នុងដំណាក់កាលលំបាកកំពុងកើត ឡើងជាសាកលក្តី តេលាខ្មែរ មានតួនាទីចូលរួមទប់ ស្កាត់ភាពខ្ជះខ្ជាយដើម្បីបានប្រេងប្រើប្រាស់គ្រប់គ្នា គឺស្ថានីយតេលាខ្មែរមិនលក់ជូនចំពោះអតិថិជនដែលទិញដាក់ប៊ីដុងក្នុងបរិមាណច្រើនយកទៅស្តុកទុកនាំឱ្យអ្នកផ្សេងខ្វះខាតនោះទេ។ ការមិនលើកទឹកចិត្តអតិថិជនឱ្យយកប្រេងទៅស្តុកទុកដោយខ្លួនឯងនោះ ជាចំណែកសំខាន់ដែលអាចបញ្ចៀសបានពីហានិភ័យដែលអាចកើតឡើងជាយថាហេតុ។
សូមបញ្ជាក់ថា ក្នុងបំណងធានាបាននូវការគ្រប់គ្រងហានិភ័យនៃការទិញ-លក់ និងសន្តិសុខ-សុវត្ថិភាពអ្នកប្រើប្រាស់ប្រេងឥន្ធនៈ ក្រសួងពាណិជ្ជកម្ម តាមរយៈលិខិតចុះថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ បានអំពាវនាវដល់ម្ចាស់ស្ថានីយប្រេងឥន្ធនៈឱ្យអនុវត្តតាមលក្ខណៈស្តង់ដារបច្ចេកទេសដើម្បីគ្រប់គ្រងហានិភ័យទូទៅ។
ក្រសួងពាណិជ្ជកម្ម លើកទឹកចិត្តប្រជាពលរដ្ឋអនុវត្ត និងយោគយល់ចំពោះស្ថានីយប្រេងឥន្ធនៈដែលបានខិតខំគ្រប់គ្រងហានិភ័យ និងចូលរួមសន្សំសំចៃក្នុងការប្រើប្រាស់ប្រេងឥន្ធនៈ ហើយជៀសវាងការសម្រុកទិញប្រេងឥន្ធនៈស្តុកទុកលើសពីតម្រូវការចាំបាច់ ដែលអាចបង្កហានិភ័យ ឆាបឆេះ និងប៉ះពាល់ដល់ទ្រព្យ សម្បត្តិ ក៏ដូចជាការរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕










