ភ្នំពេញ៖ ថ្លែងតាមបណ្ដាញសង្គមហ្វេសប៊ុកផេកផ្លូវការរបស់អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងនៅថ្ងៃចន្ទទី០៩ ខែមីនា ឆ្នាំ២០២៦នេះថា៖ តម្លៃប្រេងឥន្ធនៈកើនឡើង អ្នកប៉ះពាល់ដល់មុនគេ គឺជាអ្នកដែលមានចំណូលពីប្រាក់ខែ ខណៈម្ចាស់អាជីវកម្ម មិនខាតនោះទេ ពោលគឺពួកគាត់អាចបូកថ្លៃដើមបន្ថែម។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជារូបនេះ បានគូសបញ្ជាក់ថា បន្ទាប់ពីតម្លៃប្រេងឥន្ធនៈបានកើនឡើងជាបន្តបន្ទាប់នៅប៉ុន្មានថ្ងៃកន្លងមកនេះ ក្រោយពីសហរដ្ឋអាមេរិក និងអ៊ីស្រាអ៊ែល វាយប្រហារប្រទេសអ៊ីរ៉ង់កាលពីដំណាច់ខែកុម្ភៈ។
បន្ថែមពីនេះ អ្នកឧកញ៉ា លឹម ហេង បានយល់ឃើញថា៖ «ប្រេង ឬពន្ធឡើងថ្លៃ អាជីវករមិនខាតទេ គាត់បូកថ្លៃដើមបន្ថែម ហើយក៏អាចជាឱកាសគាត់ទៅវិញ អ្នកប៉ះពាល់មុនគេគឺអ្នកមានចំណូលពីប្រាក់ខែ»។
សូមជម្រាបថា បើតាមក្រសួងពាណិជ្ជកម្មកម្ពុជា បានប្រកាសថា តម្លៃប្រេងឥន្ធនៈលក់រាយនៅតាមស្ថានីយអនុវត្តចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ ត្រូវបានកំណត់ស្របតាមរូបមន្តកំណត់តម្លៃដែលបានព្រមព្រៀងជាមួយក្រុមហ៊ុនប្រេងឥន្ធនៈ និងផ្អែកលើការប្រែប្រួលតម្លៃប្រេងលើទីផ្សារក្នុងតំបន់ និងអន្តរជាតិ។
តម្លៃប្រេងសាំងធម្មតា លក់រាយ ៤៤០០ រៀល ក្នុងមួយលីត្រ ខណៈប្រេងម៉ាស៊ូត ៥១៥០ រៀល ក្នុងមួយលីត្រ ចាប់ពីថ្ងៃទី ០៨ ដល់ថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២៦។
ក្រសួងពាណិជ្ជកម្មបញ្ជាក់ថា ការគណនាតម្លៃនេះផ្អែកលើតម្លៃប្រេងឥន្ធនៈមធ្យមនៅទីផ្សារអន្តរជាតិ និងអត្រាប្តូរប្រាក់ផ្លូវការ គិតត្រឹមថ្ងៃទី ៦ ខែមីនា ឆ្នាំ២០២៦ ដែលស្មើនឹង ៤០១៣ រៀល ក្នុងមួយដុល្លារអាមេរិក។
បណ្តាស្ថានីយលក់រាយប្រេងឥន្ធនៈនៅកម្ពុជា អាចលក់ប្រេងក្នុងតម្លៃណាមួយដែលទាបជាងតម្លៃដែលបានកំណត់ខាងលើ ដោយអាស្រ័យលើស្ថានភាពប្រកួតប្រជែងជាក់ស្តែងនៅលើទីផ្សារ។
ប្រព័ន្ធផ្សព្វផ្សាយបរទេសរាយការណ៍ថា តម្លៃប្រេងអន្តរជាតិបានហក់ឡើងជាង ២០% ដល់ជិត ១២០ ដុល្លារ ក្នុងមួយបារ៉ែល ដោយសារតែផលប៉ះពាល់ផ្នែកផ្គត់ផ្គង់ដែលបណ្ដាលមកពីភាពតានតឹងនៃជម្លោះរវាងអ៊ីស្រាអែល សហរដ្ឋអាមេរិក និងអ៊ីរ៉ង់។
តម្លៃប្រេងឆៅនាពេលអនាគត ម៉ាក Brent បានកើនឡើង ២៥,៩១ ដុល្លារ ក្នុងមួយបារ៉ែល ឬ ២៧,៩៥% ដល់ ១១៨,៦ ដុល្លារ ក្នុងមួយបារ៉ែល គិតត្រឹមម៉ោង ១០ កន្លះ ព្រឹក នៅទីក្រុងហុងកុង។
ដោយឡែកតម្លៃប្រេងអាមេរិក ម៉ាក WTI វិញ បានកើនឡើង ២៧,២៦ ដុល្លារ ឬ ២៩,៩៩% ដល់ប្រមាណ ១១៨,៧ ដុល្លារ ក្នុងមួយបារ៉ែល៕
ដោយ៖តារា










