ភ្នំពេញ៖ ជនសង្ស័យដែលដកកាំភ្លើងសំញែង ខណៈបង្កករណីគ្រោះថ្នាក់ចរាចរណ៍បន្តិចបន្តួច ត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធីច្បាប់ នាថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៦។
ជនសង្ស័យឈ្មោះ មុំ សាវ័ន្ត ភេទប្រុសអាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មិនបញ្ជាក់មុខរបរ។
សូមរំលឹកថា ដោយមានការណែនាំពីលោកវរសេនីយ៍ឯក អ៊ុក បូនីន អធិការ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដឹកនាំដោយលោកវរសេនីយ៍ទោ នូ ប្រីយសត្យា អធិការរង នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង២១ៈ៤៥នាទី កម្លាំងផ្នែកនគរបាលយុត្តិធម៌ កំពុងធ្វើការល្បាតនៅក្នុងមូលដ្ឋានក៏មានការរាយការណ៍ពីប្រជាពលរដ្ឋថា មានករណីកាន់កាប់អាវុធដោយខុសច្បាប់ ដែលដកមកគំរាមបាញ់ប្រជាពលរដ្ឋពេលជួបករណីគ្រោះថ្នាក់ចរាចរណ៍។ ភ្លាមនោះសមត្ថកិច្ចយើងក៏បានចុះទៅដល់ចំណុចកើតហេតុផ្លូវលូប្រាំ ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ឈ្មោះ មុំ សាវ័ន្ត ភេទប្រុស អាយុ៣៥ឆ្នាំ រួមទាំងវត្ថុតាងមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ ហើយបញ្ជូនខ្លួនទៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យដេីម្បីកសាងសំណុំរឿងទៅតុលាការ។
បច្ចុប្បន្នជនសង្ស័យកំពុងស្ថិតក្នុងដំណាក់កាលតំណាងអយ្យការបើកការស៊ើបសួរនៅឡើយ៕ ដោយ រ៉ារ៉ា










