ខេត្តកំពង់ស្ពឺ÷ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ និងមានការចង្អុលបង្ហាញ ដឹកនាំតម្រង់ទិសដោយផ្ទាល់លោកឧត្តមសេនីយ៍ត្រី សម សាក់ ស្នងការរងទទួលផែនព្រហ្មទណ្ឌ និងដឹកនាំបញ្ជាកំលាំងដោយលោកវរៈសេនីយ៍ឯកឃុត សុផល អធិការដ្ឋាននគរបាលស្រុកសំរោងទង បង្ក្រាបករណីហិង្សាឃាត់ខ្លួនយុវជនបីនាក់។
មន្ត្រីនគរបាលស្រុកសំរោងទងបានឲ្យដឹងថា នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង៩ និង ៣០នាទី ឈ្មោះ អាន ជីវ័ន ភេទប្រុស អាយុ ២៣ឆ្នាំ រស់នៅភូមិធ្លក ឃុំត្រពាំងគង ស្រុកសំរោងទង បានមកដាក់ពាក្យបណ្តឹងទៅលើជនសង្ស័យមិនស្គាល់ឈ្មោះ និងបក្ខពួក ស្នាក់ នៅបន្ទប់ជួលភូមិធ្លក ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលបានប្រើអំពើហិង្សាមកលើខ្លួន។
យុវជន អាន ជីវ័ន បានឱ្យដឹងថា នៅថ្ងៃទី១ ខែមីនា ឆ្នាំ ២០២៦ នៅវេលាម៉ោង២០ និង៣០នាទី ឈ្មោះអាន រ៉ាឌី ភេទប្រុស អាយុ ៣១ឆ្នាំ បានជិះម៉ូតូ ១គ្រឿង ម៉ាកអ៉ិចអ៊ែរ ពណ៌ខ្មៅ ឌុបខ្លួនចេញពី ផ្ទះ ទៅទិញម្ហូបនៅផ្សារត្រពាំងអំពិល លុះមកដល់ភូមិធ្លក ឃុំត្រពាំងគង ស្រុកសំរោងទង ក៏មានជនសង្ស័យមានគ្នាប្រហែល៦ នាក់ ជិះម៉ូតូ ៣គ្រឿង(ម៉ាកនិច ១គ្រឿង និងម៉ាកសង់ ២គ្រឿង) មកពីទិសខាងជេីងបង្ហោះម៉ូតូរកបុកម៉ូតូពួកខ្លួន ។ ជនរងគ្រោះឈប់ម៉ូតូសួរនាំក៏បានទាស់ពាក្យសម្តីគ្នានឹងបានប្រតាយប្រតប់គ្នាទៅវិញទៅមក ពួកខ្លួនបានរត់ឡេីងជិះម៉ូតូ ហើយក្រុមជនសង្ស័យខាងលេីបានយកដុំថ្មគប់ ត្រូវឈ្មោះអាន ជីវ័ន្ត ចំខ្នង បណ្តាលឱ្យរលាត់ និងឈ្មោះអាន រ៉ាឌី ត្រូវ១ដុំថ្មចំមុខធ្លាក់ពីលេីម៉ូតូ បណ្តាលឲ្យរងរបួសធ្ងន់។ ធ្វេីសកម្មភាពរួចជនសង្ស័យខាងលេីបានជិះគេចទៅទិសខាងត្បូង។
ចំពោះឈ្មោះអាន រ៉ាឌី ត្រូវបានក្រុមគ្រួសារបញ្ជូលទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ។
រហូតដល់ថ្ងៃទី ៩ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង១១ ថ្ងៃ ត្រង់ កម្លាំងនគរបាលព្រហ្មទណ្ឌស្រុកសំរោងទង សហការជាមួយកម្លាំងប៉ុស្ដិត្រពាំងគង បានស្រាវជាវឃាត់ខ្លួន
១- ឈ្មោះ ឈឺន សុខា ភេទប្រុស អាយុ ១៨ឆ្នាំ ស្នាក់នៅបន្ទប់ជួលភូមិត្រពាំងគង ឃុំត្រពាំងគង
២- ឈ្មោះ ម៉ន មុន្នីរ័ត្ន ហៅឡូត ភេទប្រុស អាយុ ២១ឆ្នាំ នៅភូមិត្រពាំងគង ឃុំត្រពាំងគង
៣-ឈ្មោះ វឿន ចន្ថា ភេទប្រុស អាយុ ១៨ឆ្នាំ នៅភូមិរលាំងចក ( ព្រៃតាសួស ) ឃុំរលាំងគ្រើល មកសាកសួរហើយពួកគេបានឆ្លើយសារភាពថា ពិតជាបានគប់ទៅ លើជនរងគ្រោះ ជាមួយបក្ខពួកដែលគេចខ្លួនរួមមាន÷
១-ឈ្មោះយឿន គឹមឡេង ភេទប្រុស អាយុ ១៨ឆ្នាំ នៅភូមិស្ទឹង ឃុំត្រពាំងគង ( អ្នកគប់ )
២- ឈ្មោះ ប៉ូច វិច្ឆិកា ហៅកា ភេទប្រុស អាយុ ១៧ឆ្នាំ ( អ្នកគប់ )
៣- ឈ្មោះ តូ ភេទប្រុស អាយុ ១៩ឆ្នាំ នៅភូមិធ្លក ឃុំត្រពាំងគង
ពួកជនសង្ស័យដែលឃាត់ខ្លួនបានឱ្យដឹងអំពីមូលហេតុ ដោយក្រុមជនបង្កខឹងជនរងគ្រោះគប់មកលើខ្លួនមុន ។
សមត្ថកិច្ចដកហូតបាន: ម៉ូតូចំនួន ២គ្រឿង។
ករណីនេះ កម្លាំងជំនាញនិងនគរបាលប៉ុស្តិ៍ បានកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕










