ខេត្តបាត់ដំបង : អភិបាលខេត្តបាត់ដំបង ចង់បានការចងសម្ព័ន្ធមេត្រីភាព ជាមួយក្រុង ឬ ខេត្ត ណាមួយ នៃប្រទេសចិន។ សង្គមស៊ីវិល បង្ហាញការគាំទ្រ ចំពោះគោលបំណងនៃការចងមេត្រីភាពរបស់កម្ពុជា ជាមួយនឹងខេត្ត ឬ ក្រុងណាមួយ នៃ ប្រទេសចិន។
លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានស្នើទៅកាន់លោក Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាឱ្យពិនិត្យលទ្ធភាព រៀបចំឱ្យមានការចងសម្ព័ន្ធមេត្រីភាព រវាងខេត្តបាត់ដំបង និង ខេត្ត ឬ ក្រុងណាមួយ នៃប្រទេសចិន ដើម្បីពង្រឹងនូវកិច្ចសហប្រតិបត្តិការល្អ និង ទំនាក់ទំនង ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។
លោក Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានអញ្ជើញទៅកាន់ខេត្តបាត់ដំបង កាលពីចុងសប្ដាហ៍។ វត្តមានរបស់លោកទូត នៅខេត្តដែលមានសក្ដានុពលសេដ្ឋកិច្ច និងវប្បធម៌ លោកបានជួបពិភាក្សាការងារជាមួយលោក សុខ លូ អភិបាលខេត្តបាត់ដំបងនៅសាលាខេត្ត។
ក្រៅពីបង្ហាញជូនភ្ញៀវអំពីស្ថានភាពនៃភូមិសាស្រ្ត អំពីសក្ដានុពលនៃវិស័យកសិកម្ម ទេសចរណ៍ សេវាកម្ម និងប្រព័ន្ធធារាសាស្រ្តដែលផ្តល់អំណោយផលដល់ការវិនិយោគ លើវិស័យកសិ-ឧស្សាហកម្ម និង ការកែច្នៃផលិតផលកសិកម្ម ឯកឧត្តម អភិបាលខេត្តបាត់ដំបង បានស្នើដល់ឯកអគ្គរដ្ឋទូតចិន ឱ្យជួយកៀរគរវិនិយោគិនចិន ឱ្យមកវិនិយោគ លើការកែច្នៃកសិផលនិងឈានទៅបង្កើតឱ្យមានតំបន់សេដ្ឋកិច្ចពិសេស របស់ចិន នៅក្នុងខេត្តបាត់ដំបង ពេលខាងមុខ។
លោក សុខ លូ ថែមទាំងស្នើភាគីចិនឱ្យពិនិត្យលទ្ធភាព រៀបចំឱ្យមានការចងសម្ព័ន្ធមេត្រីភាពរវាង ខេត្តបាត់ដំបង និង ក្រុងឬខេត្តណាមួយនៃប្រទេសចិន ដើម្បីពង្រឹងនូវកិច្ចសហប្រតិបត្តិការល្អ និងទំនាក់ទំនង ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។
ចំណែក លោក Wang Wenbin បានមើលឃើញច្បាស់ពីសក្ដានុពលសេដ្ឋកិច្ចខ្ពស់លើវិស័យស្រូវអង្ករ និង កសិផលផ្សេងៗ ដែលមាននៅក្នុងខេត្តបាត់ដំបង។ ក្នុងនេះស្ថានទូតចិនប្រចាំកម្ពុជា បានចាត់ទុកការអភិវឌ្ឍលើច្រករបៀងមច្ឆានិងអង្ករ រវាង ប្រទេសទាំងពីរគឺជាកិច្ចការអាទិភាព ក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម ផ្តោតលើការនាំចេញមច្ឆា និង កសិផល របស់កម្ពុជាទៅកាន់ប្រទេសចិន។
បន្ថែមលើសំណើ របស់អភិបាលខេត្តបាត់ដំបង លោក ឯកអគ្គរដ្ឋទូតចិនក៏បានលើកឡើង ពីការជំរុញសភាពាណិជ្ជកម្មចិនប្រចាំកម្ពុជា ឱ្យបង្កើនកិច្ចសហប្រតិបត្តិការ ជាមួយរដ្ឋបាលខេត្តបាត់ដំបង។ លោក ក៏បានអះអាងពីការជំរុញការចងសម្ព័ន្ធមេត្រីភាព រវាង ខេត្ត-ក្រុង នៃ ប្រទេសចិន ជាមួយរដ្ឋបាលខេត្តបាត់ដំបង ផងដែរ។
ជុំវិញរឿងនេះ លោកបណ្ឌិត ជា មុនីឬទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានបង្ហាញពីការគាំទ្រយ៉ាងដូច្នេះថា «ដូចបទពិសោធន៍ ឆ្នាំ២០២៤ កន្លងមក សមាគមមិត្តភាពកម្ពុជា-ចិន ក៏ធ្លាប់បានរៀបចំសន្និសីទខេត្ត-ក្រុងមេត្រីភាព កម្ពុជា-ចិន។ ក្នុងនាមសង្គមស៊ីវិល ខ្ញុំគាំទ្រការចងសម្ព័ន្ធមេត្រីភាពរវាងខេត្តបាត់ដំបង ដែលជាជង្រុកស្រូវធំបំផុតរបស់កម្ពុជា និង ខេត្ត ឬក្រុងណាមួយ នៃប្រទេសចិន ព្រោះវាអាចជួយពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច កសិកម្ម វប្បធម៌ និងការផ្លាស់ប្តូរបទពិសោធន៍អភិវឌ្ឍន៍មូលដ្ឋាន ជាពិសេស ការនាំចេញស្រូវ-អង្ករពីកម្ពុជាដល់ផ្ទះបាយរបស់ជនជាតិចិន ក្នុងប្រទេសចិន។ លើសពីនេះទៀត ការចងមេត្រីភាពបែបនេះ ក៏អាចបង្កើតឱកាសវិនិយោគ ទេសចរណ៍ និងការអប់រំ ដែលមានប្រយោជន៍ផ្ទាល់សម្រាប់ការអភិវឌ្ឍខេត្ត និងជីវភាពរបស់ប្រជាជនកម្ពុជាផងដែរ»៕
ប្រភព : (CCFR)











