ភ្នំពេញ៖ អតីតតារាសម្តែងស្រីល្បីឈ្មោះពីររូបគឺ អ្នកនាង ឱក បូរី និងអ្នកនាងស្រីតូច ចំណាននៅតែមិនបាត់មុខពីកម្មវិធីអ្នកសិល្បៈមួយចំនួនបើទោះបីជាពួកគេបានចាកចេញពីពិភពសិល្បៈអស់ជាច្រើនឆ្នាំមកហើយក្តី។ អ្នកទាំងពីរត្រូវបានអ្នកសិល្បៈភាគច្រើនបានកោតសសើរពីអត្តចរិករួសរាយរាក់ទាក់និងសភាពសាមញ្ញក្នុងការទំនាក់ទំនងក្នុងសង្គម។
ក្រោយដកខ្លួនពីវិថីសិល្បៈជាង១០ឆ្នាំ ឱក បូរីនៅតែធ្វើឲ្យទស្សនិកជនចាប់អារម្មណ៍ដដែលព្រោះក្នុងចំណោមតារាសម្តែងជើងចាស់ ដែលរស់នៅលើគំនរទ្រព្យ គេសង្កេតឃើញថា មានតែអ្នកនាង ម្នាក់គត់ បង្ហាញមុខមាត់ តាមកម្មវិធីអ្នកសិល្បៈច្រើនជាងគេ ជាមួយ នឹងភាពហ៊ឺហា ដូចជំទាវ។ អ្នកនាងបានបង្ហាញមុខស្វាមីជាសាធារណៈ ក្នុងឈុតសម្លៀកបំពាក់បែបចាស់ទុំ បន្តិច ។ប្រភពពីអ្នកសិល្បៈដែលស្និទ្ធនឹងនាងលើកឡើងថា
ឱក បូរី នៅតែហាក់មានព្រលឹង (ធាត់) ជាងមុនច្រើន មើលទៅ ប្រហែលជាកំពុងតែមានសេចក្តីសុខខ្លាំងណាស់ ព្រោះនាង កំពុងរស់នៅក្នុងវីឡា ស្កឹមស្កៃថែមទៀត នៅទួលទំពូង ។ ទោះជាមានទ្រព្យស្តុកស្តម្ភប៉ុន្តែ ឱក បូរីបានប្រើប្រាស់ជីវិតបែបសាមញ្ញរបស់នាងក្នុងការរស់នៅ ។ ប្រភពបញ្ជាក់ថា អ្នកស្រីមានកូនស្រី៣នាក់ក្នុងបន្ទុក ហើយបើទោះបីជាមានងារជាជំទាវក្តីក៏អ្នកស្រីមិនចេះប្រកាន់ខ្លួនច្រើននោះទេ។ មានការលើកឡើងថា អ្នកស្រីមិននិយមប្រើប្រាស់អង្គរក្សឆ្វេងស្តាំហែហម បូករួមទាំងអ្នកបើករថយន្ត ដែលគេសង្កេតឃើញថាអ្នកស្រីតែបើករថយន្តដោយខ្លួនឯងចេញចូលផ្ទះ និងចេញទៅយកកូនស្រីនៅសាលារៀនដោយផ្ទាល់ខ្លួន។ មានការលើកឡើងដែរថា នៅផ្ទះអ្នកស្រីនិយមធ្វើការងារជាស្ត្រីមេផ្ទះជាជាងប្រើឈ្នូលបម្រើ។ អ្វីដែលអ្នកសិល្បៈសសើរផងដែរគឺអ្នកស្រីនៅតែបង្ហាញវត្តមានចូលរួមកម្មវិធីអ្នកជិតដិតក្នុងចង្កោមអ្នកសិល្បៈផងដែរ។
ស្វាមី អ្នកនាង ឱក បូរីឈ្មោះ លោក ស៊ុត តារា ជាអគ្គនាយករងនៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្មហើយគាត់មានអត្តចរិករាក់ទាក់គួរសម ប៉ុន្តែលោកមិនចង់មានវត្តមាននៅលើបណ្តាញសារព័ត៌មានជាមួយភរិយាឡើយ។ ទោះជាយ៉ាងណាប្រភពលើកឡើងថា គ្រួសារពួកគេមានសេចក្តីសុខណាស់ព្រោះឱក បូរី បានទៅកម្សាន្តជាមួយស្វាមី នៅក្រៅប្រទេស ជាញឹកញាប់ណាស់ ហើយគាត់មាន សេចក្តីសុខណាស់ ទើបធាត់បែបនេះ។
ងាកមកមើលអតីតារាសម្តែង និងពិធីការិនី ស្រីតូច ចំណាវិញម្តង គឺអ្នកស្រីមិនត្រឹមតែជាមិត្តរួមអាជីពជាមួយ នឹងអ្នកនាងឱក បូរីទេសូម្បីតែភូមិគ្រឺះក៏នៅជិតគ្នាដែរ។
អតីពិធីការិនី ល្បីឈ្មោះរូបនេះបានដកខ្លួនពីសិល្បៈ ក្នុងពេលអ្នកនាងកំពុងមានឈ្មោះល្បីល្បាញ នៅអំឡុងឆ្នាំ ២០០៣។ អ្នកនាងបានបង្ហាញមុខជាសាធារណៈ ក្នុងមង្គលការរបស់តារាសម្តែងសឿ សុធារ៉ា និងពិធីការិនីគង់ សុជាតិជាដើម។ អ្វីដែលជាភាពសាមញ្ញរបស់ជំទាវតូចរូបនេះ ត្រូវបានអ្នកសិល្បៈលើកឡើងថាគឺស្នាមញញឹមមិនដាច់ទៅកាន់អ្នកជំវិញខ្លួនពិសេសគឺភាពសុភាពរាបសារ និងសម្តីដ៏ទន់ភ្លន់ទៅកាន់មនុស្សគ្រប់គ្នា។ ថ្មីៗចុងក្រោយនេះអ្នកស្រីនិយមធ្វើដំណើរចូលរួមកម្មវិធីនានាដោយមិននិយមប្រើប្រាស់អង្គរក្សឆ្វេងស្តាំច្រើននោះទេ។ ក្រោយរៀបចំពិធីមង្គលការពេញមុខមាត់ជាមួយអ្នកជំនួញល្បីអ្នកឧកញ៉ា គិត ម៉េង រួចមកអ្នកស្រីកាន់តែបង្ហាញខ្លួនជាញឹកញាប់ក្នុងកម្មវិធីតូចធំនានា។
គួរបញ្ជាក់ដែរថាអតីតតារាសម្តែងស្រីទាំងពីរូបគឺស្ថិតក្នុងចំណោមតារាស្រីរួមជំនាន់ដូចជាអ្នកនាង ពេជ្រ ច័ន្ទបូរមី, អ្នកនាង ឡាយ លក្ខិណា, អ្នកនាង សៀម ស្រីណុចជាដើម។ ក្នុងនោះមានតារាស្រីមួយចំនួនមានវាសនាទទួលបានស្វាមីជាមន្ត្រី និងអ្នកជំនួញមានទ្រព្យស្តុកស្តម្ភប៉ុន្តែក៏មានអតីតារាស្រីល្បីឈ្មោះមួយចំនួនមិនមានវាសនាខ្ពង់ខ្ពស់នោះដែរ៕
ដោយ៖ វឌ្ឍនា