កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បង្ក្រាបនិងឃាត់ ខ្លួនក្មេងទំនើង ៧នាក់ ករណីបង្ហោះម៉ូតូតាមផ្លូវសាធារណៈយ៉ាងភាពអនាធិបតេយ្យ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ មន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺបានឲ្យដឹងនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ នេះថា ដោយអនុវត្តតាមគោលការដឹកនាំរបស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថខេត្តលើផ្ទៃប្រទេស ព្រមទាំងមានការណែនាំដោយផ្ទាល់ពីសំណាក់លោកបណ្ឌិតជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ ក្រោម ការដឹកនាំបញ្ជាដោយផ្ទាល់យ៉ាងមុឺងម៉ាត់របស់ឧត្តម សេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់‌‎ស្ពឺ ក្មេងទំនើងដែលតែងតែបង្ហោះម៉ូតូ និងផុសបង្ហោះបង្អួតតាមបណ្តាញសង្គម រួមទាំងក្នេងទំនើង ដែលពាក់ព័ន្ធជាមួយនឹងបទល្មើសផ្សេងៗត្រូវបានអាវុធ ហត្ថខេត្តកំពង់ស្ពឺ បង្ក្រាបនិងឃាត់ខ្លួនបានជាបន្តបន្ទាប់ជាច្រើនក្នុងមូលដ្ឋានខេត្តកំពង់ស្ពឺ នាពេលកន្លងមកនេះផងដែរ។

 

ជាក់ស្តែងថ្មីៗនេះ កាលពីវេលាម៉ោង១៨:២០នាទី នាថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៦ ការិយាល័យព្រហ្មទណ្ឌបានទទួលជនសង្ស័យជាក្មេងទំនើង និងវត្ថុតាងពីកម្លាំងអង្គភាពនគរបាលយុត្តិធម៌ ពាក់ព័ន្ធករណីក្មេងទំនើងបង្ហោះម៉ូតូ ដែលប្រព្រឹត្តកាលពីវេលាម៉ោង ១៧ :៥០នាទី ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៦ នៅចំណុចភូមិគោករងៀង ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

 

ក្មេងទំនើងទាំងនេះរួមមានឈ្មោះ យឿន ធារ៉ា ភេទប្រុស អាយុ១៦ឆ្នាំ និងឈ្មោះ គីម ពិសិទ្ធ ភេទប្រុស អាយុ១៧ ឆ្នាំ និងបន្ទាប់មកទៀតនៅវេលាម៉ោង១៨:៥០នាទី នាថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៦ កម្លាំងអង្គភាពនគរបាលយុត្តិធម៌ បានឃាត់ខ្លួនក្មេងទំនើងបង្ហោះម៉ូតូបាន១នាក់ទៀត ដោយក្មេងទំនើងនេះបានធ្វើសកម្មភាពបង្ហោះម៉ូតូកាលពីវេលាម៉ោង០៦:៥០នាទី នាថ្ងៃទី០៧ ខែមីនា ឆ្នាំ ២០២៦ នៅចំណុចភូមិទួលគោក សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។មានឈ្មោះ សួន សុជាតិ ភេទប្រុស អាយុ១៨ឆ្នាំ។

 

លុះដល់នៅវេលាម៉ោង០៣:៣០នាទី ថ្ងៃទី០៧ ខែ មីនា ឆ្នាំ២០២៦ដដែល កម្លាំងអង្គភាពនគរបាលយុត្តិធម៌បានបន្តឃាត់ខ្លួនក្មេងទំនេីងចំនួន០២នាក់បន្ថែមទៀត ដោយក្មេងទំនើង២នាក់នេះ បានធ្វើសកម្មភាពបង្ហោះម៉ូតូ នៅចំណុចភូមិផ្សារចាស់ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្ដកំពង់ស្ពឺមានឈ្មោះ វិន សុភណ្ឌ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅក្នុងភូមិដីឆ្នាំង ឃុំហោងសំណំ ស្រុកឪរ៉ាល់ ខេត្តកំពង់ស្ពឺ និងឈ្មោះ មឿន ចាន់ថន ភេទ ប្រុស អាយុ១៧ រស់នៅភូមិដីឆ្នាំង ឃុំហោងសំណំ ស្រុកឪរ៉ាល់ ខេត្តកំពង់ស្ពឺ ដូចគ្នា។

 

ក្រោមវិធានជំនាញរបស់កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នៅវេលាម៉ោង១២:៣០០នាទី នាថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ ២០២៦ កម្លាំងអង្គភាពនគរបាលយុត្តិធម៌បានបន្តឃាត់ខ្លួនក្មេងទំនេីងបាន ២នាក់ ស្ថិតនៅចំណុចស្ពានពពែភ្នំមានឈ្មោះ ឆៃ រ៉ាហ្វាត ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅក្នុងភូមិចំការដូង សង្កាត់ច្បារមន ក្រុងច្បារមន ខេត្ដកំពង់ស្ពឺ និងក្មេងទំនើងម្នាក់ទៀតឈ្មោះ ទូច លីមហេង ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅក្នុងភូមិត្រពាំងលេីក សង្កាត់រការធំ ក្រុងច្បារមន ខេត្ដកំពង់ស្ពឺ។

 

ជាលទ្ធផលក្នុងប្រតិបត្តិការបង្ក្រាបក្មេងទំនើងនេះដែរ អាវុធហត្ថខេត្តកំពង់ស្ពឺ ដកហូតវត្ថុតាងបានរួមមាន៖ ម៉ូតូចំនួន០៣គ្រឿង (ម៉ាក់Honda Dream ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ស្ពឺ 1Z-9153 ស៊េរីឆ្នាំ២០២៥ មួយគ្រឿង,ម៉ាក់Nex Cross ពណ៌ក្រហម ផ្លាកលេខ ភ្នំពេញ 1MG-4756 ស៊េរីឆ្នាំ២០២៦ មួយគ្រឿង ,Honda dream ឆ្នាំ២០២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1Z-8099 មួយគ្រឿង និងHONDA DREAM ពណ៌ខ្មៅ ពាក់ស្លាក់ ភ្នំពេញ 1LW-5224 ស៊េរីឆ្នាំ២០២៦ មួយគ្រឿងទៀត), ទូរស័ព្ទចំនួន ០៤គ្រឿង និងនាឡិការចំនួន ០១គ្រឿងថែមទៀត។

 

បច្ចុប្បន្នក្មេងទំនើងដែលបង្ហោះម៉ូតូទាំងនេះ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ យកមកអប់រំណែនាំនិងធ្វើកិច្ចសន្យាចំពោះមុខ ម្តាយ ឪពុកនិងអាណាព្យាបាល ដើម្បីបញ្ឈប់រាល់សកម្មភាពទំនើងទាំងនេះដែលនាំឱ្យប៉ះពាល់ ជាយថាហេតុដែលបំផ្លាញទ្រព្យសម្បត្តិក៏ដូចជាកិត្តិយសគ្រួសារ ព្រមទាំងបង្កការ ភ័យខ្លាចដល់អ្នកជុំវិញ បង្កភាពអនាធិបតេយ្យក្នុងសង្គម ចំណែកម៉ូតូត្រូវដកហូតយកទៅរក្សាទុករយៈពេល០៣ខែ នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ។

...

 

គួររំលឹកផងដែរថា តាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជា ដែលធ្លាប់មានប្រសាសន៍កន្លងមកពាក់ព័ន្ធនឹងក្មេងទំនើង ត្រូវអនុវត្តគ្រប់វិធានការឱ្យបានតឹងរឹងបំផុត ទាំងវិធានការរដ្ឋបាល និងវិធានការច្បាប់ ពិសេសក្មេងទំនើងនេះតែម្តង ត្រូវឃាត់ម៉ូតូរក្សារទុករយៈពេល ៣ខែ ចំពោះការប្រព្រឹត្តលើកទី១ និង៦ខែ ប្រសិនបើមិនរាងចាលនៅតែប្រព្រឹត្តលើកទីពីរបន្តទៀត៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print