ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦នេះ បានចេញសេចក្ដីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា ខណៈសម្ពាធទាបដែលកើតនៅមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច បានវិវត្តទៅជាព្យុះទី៣ ឈ្មោះនូរី (Nuri) T2603។
ក្រសួងធនធានទឹក ព្យុះនេះមានឥទ្ធិពលលើរបបខ្យល់មូសុងឦសាន ដែលប់ក់លើសមុទ្រចិន ខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើព្រះរាជាណាចក្រកម្ពុជា។ ស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាសចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦៖
១-តំបន់វាលទំនាប៖
-សីតុណ្ហភាពមធ្យមអប្បបរមា២៣°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៦°C។ ខ្យល់ បក់មកពីទិសឦសាន និងទិសបូព៌មានល្បឿនមធ្យម ៣ម៉ែត្រ វិនាទី។ ខេត្តបាត់ដំបង ពោធិ៍សាត់ និងតាកែវ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្តប់លើ ផ្ទៃដី ១០%។ ចំណែកខេត្តបន្ទាយមានជ័យ សៀមរាប ព្រៃវែង កំពង់ធំ កំពង់ឆ្នាំង កំពង់ចាម ត្បូងឃ្មុំ កណ្តាល ស្វាយរៀង និងរាជធានីភ្នំពេញ ពុំមានភ្លៀងធ្លាក់ទេ។
២-តំបន់ខ្ពង់រាប៖
-សីតុណ្ហភាពមធ្យមអប្បបរមា២២°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៥°C។ខ្យល់បក់ មកពីទិសឧត្តរ និងទិសឦសានមានល្បឿនមធ្យម ២ម៉ែត្រ វិនាទី។ ខេត្តកំពង់ស្ពឺ និង ប៉ៃលិន អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្តប់លើផ្ទៃដី ១០%។ ចំណែកខេត្តឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវាញ ពុំមានភ្លៀងធ្លាក់ទេ។
៣-តំបន់មាត់សមុទ្រ៖
-សីតុណ្ហភាពមធ្យមអប្បបរមា២៣°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៥°C។ ខ្យល់បក់ មកពីទិសនិរតី និងទិសអាគ្នេយ៍មានល្បឿនមធ្យម ៣ម៉ែត្រ វិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្តប់លើ ផ្ទៃដី ១៥%។
-រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,០០ម៉ែត្រ៕
ដោយ៖តារា










