កម្ពុជារកឃើញជំងឺរបេងជាង ៣ពាន់ករណី គិតត្រឹមរយៈពេលជាង៣ខែ ដើមឆ្នាំ២០២៦នេះ! 

ចែករំលែក៖

ភ្នំពេញ៖ ប្រធានមជ្ឈមណ្ឌលជាតិកម្ចាត់រោគរបេង និងហង់សិន លោកវេជ្ជបណ្ឌិត ហួត ចាន់យូដា បានឱ្យដឹងនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦នេះថា ចាប់តាំងដើមឆ្នាំ២០២៦ រហូតមកដល់ថ្ងៃនេះ កម្មវិធីជាតិបានស្រាវជ្រាវរកជំងឺរបេងបាន ៣ ១៩៤ ករណី (ក្នុងនោះ ១ ៦៦៩ ករណីជំងឺវិជ្ជមានបេកា។

 

លោកវេជ្ជបណ្ឌិត ហួត ចាន់យូដា បានបញ្ជាក់បន្ថែមថា ក្នុងចំណោមអ្នកកើតជំងឺរបេងទាំង ៣ ១៩៤ករណី ភាគច្រើនជាមនុស្សដែលមានវ័យចំណាស់ ពោលគឺចាប់ពី ៥៥ឆ្នាំឡើងទៅ (១ ៥៧២ ករណី)។

 

ប្រធានមជ្ឈមណ្ឌលជាតិកម្ចាត់រោគរបេង និងហង់សិន បានបញ្ជាក់ទៀតថា អ្នកកើតជំងឺរបេងទាំងនោះ ភាគច្រើនបណ្តាលមកពីឆ្លងជំងឺរបេងចូលក្នុងខ្លួន ហើយក្រោយមកស្ថានភាពសុខភាពរបស់ពួកគាត់ចុះខ្សោយទៅតាមវ័យជាធម្មជាតិ កង្វះអាហារូបត្ថម្ភ ឬមានជំងឺប្រចាំកាយផ្សេងៗជាដើម។

 

បើតាមប្រធានបច្ចេកទេស នៃមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន (CENAT) ធ្លាប់បានពន្យល់ថា របេង គឺជាជំងឺឆ្លង មិនមែនជាជំងឺតពូជនោះទេ។ ជំងឺនេះបង្កឡើងដោយមេរោគរបេង ឬបេកា (BK = Bacille de koch) ឬ (MTB = Mycobacterium Tuberculosis)។

...

 

លោកបានឱ្យដឹងទៀតថា លក្ខណៈរបស់វា គឺការកើតដំបៅនៅក្នុងជាលិកា ដែលជាពិសេសនៅក្នុងសួត។ រីឯការចម្លងរោគរបេង គឺពីអ្នកជំងឺរបេងសួត ទៅអ្នកជិតខាង តាមខ្យល់ នៅពេលអ្នកជំងឺនោះក្អក កណ្តាស និយាយ ឬសើច/ច្រៀង បង្កើតបានជាតំណក់តូចៗ ដែលមានផ្ទុកមេរោគរបេង (Nuclei Droplet) អាចស្ថិតនៅក្នុងខ្យល់បានយូរ ហើយចូលទៅក្នុងសួតមនុស្សដែលនៅជិតអ្នកជំងឺតាមរយៈការដកដង្ហើមស្រូបយកខ្យល់ដែលមានមេរោគរបេងនោះ៕ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print