តុលាការកាត់ទោសអតីតព្រះរាជអាជ្ញារងខេត្តពោធិសាត់ ពាក់ព័ន្ធ.អំពើពុករលួយ ទទួលសំណូកក្នុងការដោះលែងមេ.ក្រុម Online Scam៥ នាក់

ចែករំលែក៖

​ភ្នំពេញ ៖ អតីតព្រះរាជអាជ្ញារងខេត្តពោធិ៍សាត់ម្នាក់ ជាប់ពាក់ព័ន្ធអំពើពុករលួយ ទទួលសំណូកយកប្រាក់ក្នុងការដោះលែងពីមេការជនជាតិចិនម្នាក់ និងស្រ្តីជនជាតិវៀតណាម៤ នាក់ ជាក្រុម Online Scam ខុសច្បាប់ មកបើក សវនាការជំនុំជម្រះ កាលពីព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ ប៉ុន្តែក្រោយពីបញ្ចប់ការសាកសួរដេញដោលក្នុងសំណុំរឿងនេះ ត្រូវបានលើកពេលប្រកាសសាលក្រមផ្តន្ទាទោសលើជនត្រូវចោទ ទៅថ្ងៃក្រោយដោយមិនកំណត់ ។

សវនាការបានធ្វើឡើងជាសាធារណៈ ដែលមានលោក ញឹម ពិសាល ជាចៅក្រមជំនុំជម្រះ លោក ប៉េង ម៉េងគ័ង ព្រះរាជអាជ្ញារង តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នឹងចំពោះជនត្រូវចោទឈ្មោះ គ្រី សីហា អតីតព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់​។
សូមជម្រាបថា ៖ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានសម្រេចធ្វើការឃាត់ខ្លួនព្រះរាជអាជ្ញារងខេត្តពោធិ៍សាត់ គ្រី សីហា បន្ទាប់ពីការរកឃើញភស្តុ តាង និងការស្ដាប់ចម្លើយដែលមានលក្ខណៈស៊ីចង្វាក់គ្រប់គ្រាន់ ដែលលោកព្រះរាជអាជ្ញារងរូបនេះបានទទួលប្រាក់ពីមេការ Online Scam ដើម្បីដោះលែងមនុស្ស៥ (ប្រុសចិនម្នាក់ និងស្រីវៀតណាម៤នាក់) នៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ជាថ្នូរនឹងការមិនបន្តធ្វើនីតិវិធីទៅលើជនទាំង៥ នាក់ ដែលសមត្ថកិច្ចបានរកឃើញពីក្នុងប្រតិបត្តិការបង្ក្រាបអំពើឆបោកតាមអនឡាយនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ។ ខណៈពេលនោះលោក យ៉ិនទៀង ពុទ្ធិរិទ្ធ អនុប្រធានទី១ នៃអង្គភាពប្រឆាំងអំពើ ពុករលួយ ដែលដឹកនាំការស៊ើបអង្កេត ក៏បានឱ្យដឹងថា អង្គភាពប្រឆាំងអំពើពុករលួយ បានចាត់មន្ត្រីចេញទៅខេត្តពោធិ៍សាត់ភ្លាមៗនៅពេលអាធ្រាត្រថ្ងៃទី១៦ ខែកក្តដា ហើយថ្ងៃទី១៨ ខែកក្កដា ថ្នាក់ដឹកនាំជាន់ខ្ពស់ និងមន្ត្រីស៊ើបអង្កេតរបស់អង្គភាពប្រឆាំងពុកលួយ បានចុះទៅស្រាវជ្រាវប្រមូលភស្តុតាងដល់ទីកន្លែងឃុំថ្មដា ។ លោក ហ៊ូ ស្ថាបនា អគ្គនាយករង នៃអគ្គនាយកដ្ឋានប្រតិបត្តិការ នៃអង្គភាពប្រឆាំងអំពើពុករលួយ ជាប្រធានក្រុមស៊ើបអង្កេតផ្ទាល់ករណីនេះ បានស្ដាប់ចម្លើយលោក គ្រី សីហា និងអ្នកពាក់ព័ន្ធមួយចំនួនទៀត រហូតដល់ឃើញ មានបន្ទុកគ្រប់គ្រាន់ទើបសុំការអនុញ្ញាតពីប្រធានអង្គភាពប្រឆាំងអំពើពុក រលួយធ្វើការឃាត់ខ្លួនលោក គ្រី សីហា ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានសម្រេចផ្អាកជាបណ្តោះអាសន្ននូវមុខងារ លោក គ្រី សីហា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង ខេត្តពោធិ៍សាត់ ដើម្បីបើកផ្លូវឱ្យក្រុមអធិការកិច្ច និងស្ថាប័នមានសមត្ថកិច្ចធ្វើការស៊ើបអង្កេតស្រាវជ្រាវ ទាក់ទងនឹងការអនុវត្តច្បាប់ដោយរំលោភបំពាន ក្នុងការដោះលែងជនល្មើសដែលត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងបទល្មើស ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅក្នុងខេត្តពោធិ៍សាត់។
ការសម្រេចនេះ បានធ្វើឡើងតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ៕ ដោយ រ៉ារ៉ា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print