ក្រសួងការងារ សហការជាមួយអង្គការ ILO រៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្គោល ស្តីពីប្រព័ន្ធគ្រប់គ្រងសុវត្ថិភាព និងសុខភាពការងារនៅកន្លែងធ្វើការ

ចែករំលែក៖

ភ្នំពេញ៖ វិទ្យាស្ថានជាតិការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយគម្រោង ILO-Japan នៃអង្គការអន្តរជាតិខាងការងារ ដើម្បីបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពី «ប្រព័ន្ធគ្រប់គ្រងសុវត្ថិភាព និងសុខភាពការងារនៅកន្លែងធ្វើការ»។ កម្មវិធីនេះ ធ្វើឡើងកាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ ត្រូវបានរៀបចំឡើងសម្រាប់អធិការការងារ អធិការពេទ្យការងារ និងមន្ត្រីជំនាញ ក្រោមអធិបតីភាពលោក លឹម ស៊ុយហុង អនុរដ្ឋលេខាធិការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

 

ក្នុងឱកាសនោះ លោក លឹម ស៊ុយហុង បានបញ្ជាក់ថា គោលបំណងចម្បងនៃវគ្គបណ្តុះបណ្តាលនេះ គឺដើម្បីពង្រឹងសមត្ថភាពមន្ត្រីជំនាញឱ្យកាន់តែយល់ច្បាស់អំពីគោលនយោបាយសុវត្ថិភាព និងសុខភាពការងារតាមបណ្តាសហគ្រាស គ្រឹះស្ថាន និងរោងចក្រ ក្នុងគោលដៅបង្កើតបរិយាកាសការងារឱ្យមានសុវត្ថិភាពខ្ពស់សម្រាប់បងប្អូនកម្មករនិយោជិត។

 

ជាមួយគ្នានេះ លោក បានសង្កត់ធ្ងន់ថា ការលើកកម្ពស់ចំណេះដឹងដល់មន្ត្រីអធិការកិច្ច គឺជាអាទិភាពគន្លឹះដែលមិនអាចខ្វះបាន ក្នុងការជំរុញការអភិវឌ្ឍវិស័យការងារ និងសន្តិសុខសង្គម។ លើសពីនេះ លោក បានឱ្យដឹងថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកំពុងស្ថិតក្នុងដំណាក់កាលពិភាក្សាប្រមូលធាតុចូលយ៉ាងសកម្ម ដើម្បីរៀបចំសេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាព និងសុខភាពការងារឱ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង។

...

 

វគ្គបណ្តុះបណ្តាលរយៈពេល ២ថ្ងៃនេះ ទទួលបានការណែនាំផ្ទាល់ពី លោកស្រីវេជ្ជបណ្ឌិត យូកា អ៊ូជីតា អ្នកជំនាញជាន់ខ្ពស់របស់អង្គការ ILO ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក។ ខ្លឹមសារសំខាន់ៗដែលត្រូវបានលើកយកមកបង្ហាញ រួមមាន ការវាយតម្លៃហានិភ័យនៅកន្លែងធ្វើការ ការកំណត់ប្រភេទគ្រោះថ្នាក់ វិធីសាស្ត្រកត់ត្រា និងការជូនដំណឹងអំពីជំងឺវិជ្ជាជីវៈផ្សេងៗ។ គួរកត់សម្គល់ថាមន្ត្រីដែលចូលរួមនឹងក្លាយជាគ្រូបង្គោលដែលមានសមត្ថភាពពេញលេញ ក្នុងការផ្ទេរចំណេះដឹងបន្ត និងរៀបចំផែនការបណ្តុះបណ្តាលនៅតាមមូលដ្ឋាន ដើម្បីធានាឱ្យសហគ្រាស និងរោងចក្រក្លាយជាកន្លែងធ្វើការដែលមានសុខដុមរមនា និងសុវត្ថិភាពបំផុត៕ ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print