សម្តេចក្រឡាហោម ស ខេង៖ អធិបតេយ្យភាពជាតិមិនអាចរំលោភបាន ខណៈពលរដ្ឋភៀសសឹក៦ភូមិនៅបន្ទាយមានជ័យ បន្តរស់ក្នុងក្តីសង្ឃឹមក្រោមម្លប់ រាជរដ្ឋាភិបាល

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ក្នុងកាយវិការប្រកប ដោយមនុស្សធម៌ និងការយកចិត្តទុកដាក់ ខ្ពស់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារសង្គ្រាម ឈ្លានពានតាមព្រំដែន សម្តេចក្រឡា ហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ នេះ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយសង្គ្រោះបន្ទាន់ជាគ្រឿងឧបភោគបរិភោគ ចែកជូនតំណាងបងប្អូនជនភៀសសឹកចំនួន ៦ភូមិ មកពីស្រុកអូរជ្រៅ និងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដែលកំពុងស្នាក់នៅបណ្តោះអាសន្នក្នុងមណ្ឌលសុវត្ថិភាព។

ពិធីសំណេះសំណាលនេះ ក៏មានការអញ្ជើញចូលរួមពីលោក កែ គឹមយ៉ាន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាតំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ ព្រមទាំងថ្នាក់ដឹកនាំខេត្ត នៅបរិវេណសាលាខេត្តបន្ទាយមានជ័យ។
យោងតាមរបាយការណ៍របស់ ឯកឧត្តម អ៊ុំ រាត្រី បានលាតត្រដាងនូវភាពឈឺចាប់ និងការរំលោភបំពានយ៉ាងធ្ងន់ធ្ងរពីសំណាក់ភាគីថៃ។ ថ្វីត្បិតតែមានបទឈប់បាញ់កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក៏ដោយ ប៉ុន្តែទាហានថៃនៅតែបន្តបង្ហាញមហិច្ឆតាលោភលន់ ដោយបានប្រើប្រាស់បន្លាលួស និងទូរកុងតឺន័រ ហ៊ុមព័ទ្ធភូមិចំនួន ៦ របស់កម្ពុជាទាំងកម្រោល។ ទំហំនៃការខូចខាត ផ្ទះប្រជាពលរដ្ឋជាង ២,០០០ខ្នង ត្រូវបានបំផ្លាញខ្ទេចខ្ទី។ ផលប៉ះពាល់មនុស្សសាស្ត្រ ប្រជាពលរដ្ឋជាង ៣,០០០គ្រួសារ (ស្មើនឹងជាង ១១ម៉ឺននាក់) ត្រូវបង្ខំចិត្តបោះបង់ភូមិឋាន មកស្នាក់នៅក្នុងមណ្ឌលសុវត្ថិភាព។ ឧបសគ្គនៃការវិលត្រឡប់ ក្រៅពីការហ៊ុមព័ទ្ធដោយរបងបន្លាលួស ផ្ទៃដីកសិកម្ម និងលំនៅដ្ឋានមួយផ្នែកធំ នៅតែត្រូវបានគ្របដណ្តប់ដោយគ្រាប់មិនទាន់ផ្ទុះ ដែលបង្កជាហានិភ័យដល់អាយុជីវិត។
ក្នុងឱកាសនោះ សម្តេចក្រឡាហោម បានសម្តែងនូវការសោកស្តាយជាពន់ពេកចំពោះមហន្តរាយដែលបង្កឡើងដោយការរំលោភអធិបតេយ្យភាពជាតិ។ សម្តេចបានបញ្ជាក់យ៉ាងច្បាស់ថា រាជរដ្ឋាភិបាលកម្ពុជាមិនដែលបោះបង់ចោលប្រជាពលរដ្ឋណាម្នាក់ឡើយ ទោះក្នុងកាលៈទេសៈណាក៏ដោយ។ សម្តេចបានសង្កត់ធ្ងន់លើស្មារតីសាមគ្គីជាតិ និងការប្តេជ្ញាចិត្តការពារទឹកដីតាមផ្លូវច្បាប់ និងសន្តិវិធី ដើម្បីធានាថាបងប្អូនជនភៀសសឹកអាចវិលត្រឡប់ទៅកាន់ភូមិឋានវិញដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ។
ទឹកមុខដែលពោរពេញដោយភាពហត់នឿយ បានប្រែជាមានសង្ឃឹមឡើងវិញ នៅពេលបងប្អូនជនភៀសសឹកបានទទួលអំណោយ និងការលើកទឹកចិត្តដោយផ្ទាល់ពីថ្នាក់ដឹកនាំខ្ពស់បំផុត។
តំណាងពលរដ្ឋម្នាក់ដែលមកពីតំបន់រងគ្រោះ បានរៀបរាប់ទាំងក្តុកក្តួលថា«ពួកយើងមានអារម្មណ៍កក់ក្តៅណាស់ នៅពេលឃើញសម្តេច និងថ្នាក់ដឹកនាំមិនភ្លេចពួកយើង។ ថ្វីត្បិតតែផ្ទះសំបែងត្រូវគេបំផ្លាញ ដីស្រែត្រូវគេព័ទ្ធបង ប៉ុន្តែវត្តមានរបស់សម្តេចនៅថ្ងៃនេះ គឺជាឱសថទិព្វជួយព្យាបាលដំបៅចិត្តពួកយើង។ យើងជឿជាក់លើរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែន ដើម្បីឲ្យពួកយើងបានត្រឡប់ទៅដាំដុះលើដីដូនតាវិញ»។
ព្រឹត្តិការណ៍នេះ មិនត្រឹមតែជាការចែកអំណោយមនុស្សធម៌ប៉ុណ្ណោះទេ ប៉ុន្តែគឺជាការផ្ញើសារនយោបាយ និងការទូតយ៉ាងខ្លាំងក្លាទៅកាន់ពិភពលោក អំពីភាពរឹងមាំនៃអធិបតេយ្យភាពកម្ពុជា និងការរួបរួមគ្នារវាងរាស្ត្រ និងរដ្ឋ ក្នុងគ្រាមានអាសន្ន។ ខណៈដែលភូមិចំនួន ៦ នៅតែបន្តរងការរំលោភបំពាន ស្នាមញញឹមរបស់ពលរដ្ឋភៀសសឹកនៅថ្ងៃនេះ គឺជាសក្ខីភាពនៃក្តីសង្ឃឹមថា យុត្តិធម៌ និងសន្តិភាពពិតប្រាកដនឹងត្រឡប់មកវិញក្នុងពេលឆាប់ៗខាងមុខ។
សូមបញ្ជាក់ថាអំណោយ  សម្តេចក្រឡាហោមស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អ្នកតំណាងរាស្រ្តមណ្ឌលបាត់ដំបង បានចែកជូនពលរដ្ឋភៀសសឹកនៅមណ្ឌលសុវត្ថិភាពស្រុកអូរជ្រៅ និង ស្រុកថ្មពួក ចំនួន២៩៨៣គ្រួសារ។
កងកម្លាំងជួរមុខ១៨អង្គភាព និងអង្គភាពក្រុមប្រចាំការតាមមណ្ឌលសុវត្ថិភាពជនភៀសសឹកទាំង២ស្រុកចំនួន៦អង្គភាព៕ ដោយ៖ សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print