ខេត្តបាត់ដំបង៖ លោក ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងលោករដ្ឋមន្ត្រី ឌិត ទីណា នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំក្រុមការងារជំនាញចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផល ចាប់ពីចំណុចមាត់ពាមចុងឃ្នៀស ស្ថិតក្នុងសង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ខេត្តសៀមរាប រហូតដល់ចំណុចឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
ប្រតិបត្តិការនេះ មានការអមដំណើរដោយកម្លាំងអធិការដ្ឋានរដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាប កម្លាំងអធិការដ្ឋានរដ្ឋបាលជលផលខាងជើងបឹងទន្លេសាប កម្លាំងខណ្ឌរដ្ឋបាលជលផលសៀមរាប និងកម្លាំងខណ្ឌរដ្ឋបាលជលផលបាត់ដំបង សរុបចំនួន ២៣នាក់ និងមធ្យោបាយកាណូតចំនួន ៥គ្រឿង។
លោកអនុរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា ជាលទ្ធផល ក្រុមការងារបានពិនិត្យមើលការធ្វើនេសាទដោយឧបករណ៍លបរ៉ាវ ចំនួន ៣០របាំង នៅចំណុចភូមិព្រែកទាល់ ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង (ក្នុងដែននេសាទជាប់ព្រំប្រទល់ខេត្តសៀមរាប-បាត់ដំបង)។ ជាការសង្កេត ឃើញថាបងប្អូនប្រជានេសាទបានអនុវត្តបានត្រឹមត្រូវតាមច្បាប់ស្តីពីជលផល។ ជាមួយគ្នានេះ ក្រុមការងារក៏បានពិនិត្យតំបន់អភិរក្សសហគមន៍នេសាទ ក្នុងដែនអតីតឡូត៍នេសាទលេខ ៣ ខេត្តបាត់ដំបង ដោយពុំឃើញមានសកម្មភាពលួចធ្វើនេសាទក្នុងតំបន់អភិរក្សឡើយ។
ទន្ទឹមនឹងនេះ ក្រុមការងារក៏បានបន្តចុះពិនិត្យតំបន់អភិរក្សអតីតឡូត៍នេសាទលេខ ២ ខេត្តបាត់ដំបង នៅចំណុចព្រែកឡុងអុង ព្រែកដា ព្រែកអង្ក្រង និងព្រែកមូស ស្ថិតក្នុងភូមិសាស្ត្រភូមិព្រែកទាល់ ភូមិអន្លង់តាអួរ និងភូមិកំពង់ប្រហុក ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ដែលលទ្ធផលបង្ហាញថា ពុំមានបទល្មើសនេសាទកើតឡើងនោះទេ។
ក្នុងឱកាសនោះដែរ លោកបានថ្លែងអំណរគុណចំពោះបងប្អូនប្រជានេសាទ ដែលបានគោរពច្បាប់បានល្អប្រសើរ និងបានសំណូមពរឱ្យពួកគាត់ជួយផ្សព្វផ្សាយបន្តដល់អ្នកនេសាទដទៃទៀត ដើម្បីរួមគ្នាទប់ស្កាត់បទល្មើស និងចូលរួមអភិរក្សធនធានជលផលក្នុងបឹងទន្លេសាបឱ្យមានចីរភាព។ ជាកិច្ចបញ្ចប់ លោកក៏បានកោតសរសើរដល់ក្រុមការងារចម្រុះ ដែលជានិច្ចកាលតែងតែខិតខំប្រឹងប្រែងយ៉ាងសកម្ម ដូចភ្លៀងរលឹម ក្នុងការការពារធនធានធម្មជាតិ ជាពិសេសកងកម្លាំងប្រដាប់អាវុធដែលបានចុះល្បាតជាប្រចាំទាំងយប់ទាំងថ្ងៃ៕
ដោយ៖តារា










