ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បើកការដ្ឋានសាងសង់អគារសិក្សា១ខ្នង៣ជាន់ស្មើ១៥ បន្ទប់ ជាចំណងដៃជូនសាលាបឋមសិក្សាព្រៃស សង្កាត់ព្រៃស ខណ្ឌដង្កោ ដែលជាអំណោយសប្បុរស់ជន ជីបម៉ុង បានរៀបចំក្រុងពាលី នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងម្ចាស់អំណោយ រួមជាមួយអាណាព្យាបាល លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ជាច្រើនផងដែរ ។
ពិធីក្រុងពាលីតាមបែបសាសនានេះ ធ្វើឡើងដើម្បីសុំម្ចាស់ទឹកម្ចាស់ដី សុំសេចក្តី សុខចំរុងចំរើន និងទទួលបានជោគជ័យក្នុងការបើកការដា្ឋនសាងសង់សាលាបឋមសិក្សាព្រៃស។
សាលាបឋមសិក្សាព្រៃស មានផ្ទៃដីជិត១ហិចតានិងមានទីតាំងស្ថិតពីក្រោយវត្តធម្មត្រ័យ ក្នុងសង្កាត់ព្រៃស ខណ្ឌ ដង្កោ រាជធានីភ្នំពេញ។ ដោយអគារសិក្សាមានចំនួនតិច ចាស់ទ្រុឌទ្រោម និងចំនួនសិស្សានុសិស្សចេះតែកើនឡើងជាលំដាប់ ទើបរដ្ឋបាលរាជធានីភ្នំពេញ អំពាវនាវឱ្យវិស័យឯកជនចូលរួមជាទឹកចិត្ដ ជួយសាងសង់អគារសិក្សា និងបានសម្រេចឱ្យមានពិធីក្រុងពាលីបើកការដ្ឋានសាងសង់នាពេលនេះ។
សូមបញ្ជាកើថា៖ អគារសិក្សាដែលត្រូវសាងសង់ថ្មីចំនួន១ខ្នង ៣ជាន់ ១៥បន្ទប់ នៅសាលាបឋមសិក្សាព្រៃសនេះត្រូវសាងសង់ឡើងជាតំណាក់កាលៗ ប្រើប្រាស់រយៈពេល៦ខែ។ ក្រោយបញ្ចាប់ការសាងសង់តំណាក់កាលទី១ គឺឱ្យសិស្សានុសិស្ស ចូលមករៀនអគារថ្មីបាន ហើយបន្ទាប់មកក្រុមហ៊ុន នឹងធ្វើការសាងសង់មួយតំណាក់កាលទៀត(លើទីតាំងអគារចាស់នេះដ៏ដែល) ដោយសាងសង់ប្រើរយៈពេលសាងសង់ចំនួន៨ខែ។ គ្រប់ជាន់នីមួយៗក្រាលថ្មម៉ាមព័ណ៏ខ្មៅទាំងអស់ ,ទំហំ ទទឺង១១ ម៉ែត្រ បណ្ដោយ៤០ ម៉ែត្រ ។
ក្នុងឱកាសនោះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍ថា៖ ក្នុងនាមររដ្ឋបាលរាជធានីនិងក្នុងនាមប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ សូមថ្លែងនូវការអរគុណ ចំពោះក្រុមហ៊ុន ជីបម៉ុង ដែលបានជួយសាងសង់អគារសិក្សាដ៏ប្រណិតខាងលើនេះ ជាការចូលរួមចំណែកដ៏ធំធេង សំខាន់បំផុតលើវិស័យអប់រំ ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ដែលមានកន្លែល្អស្អាត ព្រោះសាលាជាថ្នាលបណ្ដុះកូនចៅ និងជាទំពាំងស្នងឬស្សីដ៏ល្អ សម្រាប់ប្រទេសជាតិយើងផងដែរ ៕
ដោយ៖ សំរិត










