ភ្នំពេញ៖ ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា សូមជម្រាបជូនថា ចាប់តាំងពីបទឈប់បាញ់រវាងកម្ពុជា និងថៃ ចូល ជាធរមាន កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥មក ភាគីថៃពុំទាន់អនុវត្តពេញលេញតាមសេចក្តីប្រកាសរួមនៃកិច្ចប្រជុំ ពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) នៅឡើយទេ។ ក្រសួងមហាផ្ទៃ បានបន្តកត់ត្រាទុក សកម្មភាពមិនស្មោះត្រង់របស់ភាគីថៃ ទន្ទឹមគ្នានឹងការបន្តយកចិត្តទុកដាក់ដោះស្រាយផលប៉ះពាល់លើប្រជាពលរដ្ឋ និងតំបន់ស៊ីវិល ដោយសារអំពើឈ្លានពាន ជាពិសេសពលរដ្ឋដែលនៅពុំទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញបាន។ ក្នុងស្ថានភាពនេះ ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា សូមជូនបច្ចុប្បន្នភាពសភាពការណ៍ គិតពីម៉ោង ៦ព្រឹក ថ្ងៃទី១៣ ដល់ម៉ោង៦ព្រឹក ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ ដូចខាងក្រោម៖ ១-ស្ថានភាពពលរដ្ឋភៀសសឹក៖ មានពលរដ្ឋភៀសសឹក៩០នាក់បន្ថែមទៀត បានបន្តវិលត្រឡប់ទៅ លំនៅឋានវិញ។ ដូច្នេះ ក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង៦សែន៤ម៉ឺននាក់ មានជាង៦សែន១ម៉ឺននាក់ ឬ ជាង៩៤% បានវិលត្រឡប់ទៅលំនៅឋានវិញ។ នៅមានពលរដ្ឋចំនួន៣៦.៩៩៦នាក់ទៀត (ស្រ្តី១៩.១៩៤នាក់ និង កុមារ១២.៧៦២នាក់) ពុំទាន់អាចវិលទៅលំនៅឋានវិញ។
២-ការបន្តផ្អាកសេវាសាធារណៈជាមូលដ្ឋាន៖ ខេត្តឧត្តរមានជ័យ មានសាលារៀន៨ និងមន្ទីរពេទ្យ/មណ្ឌល សុខភាព៥ នៅបន្តផ្អាក។ ខេត្តបន្ទាយមានជ័យ មានសាលារៀន៥ និងមន្ទីរពេទ្យ/មណ្ឌលសុខភាព១ បន្តផ្អាក។ ខេត្តព្រះវិហារ មានសាលារៀន៧ និងមន្ទីរពេទ្យ/មណ្ឌលសុខភាព២ នៅបន្តផ្អាក។
៣-ការខូចខាតហេដ្ឋារចនាសម្ព័ន្ធរូបវន្តស៊ីវិល៖ គិតចាប់ពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥មក ការខូចខាតទ្រព្យ សម្បត្តិសាធារណៈ និងឯកជន ពុំទាន់មានរបាយការណ៍ថ្មីបន្ថែមលើករណីដែលក្រសួងបានកត់ត្រាទុកនៅឡើយទេ។ ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា សូមប្រកាសគាំទ្រ និងសូមចូលរួមទាញចំណាប់អារម្មណ៍សាធារណជន
បានជ្រាប អំពីគោលជំហរដោះស្រាយបញ្ហាព្រំដែន ដ៏ច្បាស់លាស់របស់រាជរដ្ឋាភិបាល ដោយគោរព និងអនុវត្តយ៉ាង ម៉ឺងម៉ាត់តាមស្មារតីនៃសេចក្តីប្រកាសរួម ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងផ្សេងទៀតដែលមានស្រាប់ ដើម្បីអនុញ្ញាតឱ្យគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) បានធ្វើការងារឱ្យឆាប់បំផុត ដោយមិនរង់ចាំរហូត ដល់ក្រោយពិធីបុណ្យចូលឆ្នាំថ្មីឡើយ។ ជាក់ស្តែង ចាប់ពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ កម្ពុជាបានដាក់សំណើជាផ្លូវការ ទៅកាន់ភាគីថៃ ចំនួន៥លើក ដើម្បីចាត់បញ្ជូនក្រុមការងារចម្រុះចុះវាស់វែងព្រំដែនលើដីជាក់ស្តែង ខណៈភាគីថៃ បានពន្យារពេលម្តងហើយម្តងទៀត។
ក្នុងន័យនេះ ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា បន្តអំពាវនាវជនរួមជាតិ និងមជ្ឈដ្ឋានអន្តរជាតិ ចូលរួម គាំទ្រ និងផ្តល់សារសំខាន់ខ្ពស់ ចំពោះគោលជំហរដោះស្រាយជម្លោះព្រំដែន ដូច សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ច្បាស់ថា សន្តិភាពនៅតែជាគុណតម្លៃស្នូលរបស់កម្ពុជា ហើយកម្ពុជាអំពាវនាវ ឱ្យមានការអនុវត្តយ៉ាងពេញលេញ និងដោយស្មោះត្រង់នូវកិច្ចព្រមព្រៀងដែលមានស្រាប់រវាងកម្ពុជា-ថៃ ការ ដោះស្រាយដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ និងសន្ធិសញ្ញានានាជាធរមាន ដើម្បីបញ្ចប់ភាពស្រពិចស្រពិលនៃ ខ្សែបន្ទាត់ព្រំដែន ដោយប្រជាជនស៊ីវិលអាចវិលត្រឡប់ទៅផ្ទះសំបែង រស់នៅដោយសុវត្ថិភាព គ្មានការគំរាមកំហែង ឬប្រើប្រាស់កម្លាំងដោយខុសច្បាប់៕
ដោយ៖តារា










