ខេត្តកំពង់ធំ៖ រសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ មាន ហេតុការណ៍ផ្ទុះគ្រាប់មួយបានកើតឡើង ដោយសារក្មេង ប្រុសស្រី២នាក់ រើសគ្រាប់មិនទាន់ផ្ទុះយកមកដំលេង នៅក្រោមស្ពានថ្មីឆ្លងស្ទឹងជីនិត ស្ថិតក្នុងភូមិកំពង់ថ្ម ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ បណ្ដាល ឲ្យស្លាប់ទាំង២នាក់។
របាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានឲ្យដឹងថា ជនរងគ្រោះទាំង២នាក់ រួមមាន៖ ទី១៖ ឈ្មោះ សុទ្ធ សិលា ភេទស្រី អាយុ១៤ឆ្នាំ មានទីលំនៅភូមិជ័យមង្គល ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ
និងទី២៖ ឈ្មោះ យ៉ាន រតនា ភេទប្រុស អាយុ ៨ឆ្នាំ មានទីលំនៅភូមិសំពៅលូន ឃុំចើងដើង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
របាយការណ៍របស់សមត្ថកិច្ច ក្រោយកើតហេតុជនរង គ្រោះទាំង២នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកស្រុកបារាយណ៍-សន្ទុក ប៉ុន្តែដោយសារស្ថានភាពរបួសធ្ងន់ធ្ងរពេក ពួកគេបានស្លាប់នៅពេលបញ្ជូន ទៅដល់មន្ទីរពេទ្យ។
បើតាមការសាកសួរពីស្ត្រីឈ្មោះ សឹម ប៉ុង អាយុ ៦៤ឆ្នាំ រស់នៅភូមិសំពៅលូន ឃុំច្រើនដើម ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដែលត្រូវជាយាយបង្កើតរបស់ជនរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុ គាត់បានទៅរកកាប់ដើមថ្នាំ និងស្ទូចត្រី នៅចំណុចក្រោមស្ពានថ្មីកំពង់ថ្ម ដោយមានចៅទាំង២នាក់បានទៅជាមួយផងដែរ។
ខណៈពេលគាត់កំពុងស្ទូចត្រី ចៅទាំងពីរនាក់បាននាំគ្នាលេងនៅក្រោមស្ពាន។ បន្ទាប់មកគាត់បានឮសូរចៅស្រីដំរបស់អ្វីមួយ ដូចជាលេងរបស់លេងធម្មតា ប៉ុន្តែគាត់ពុំបានដឹងថា ជាវត្ថុអ្វីនោះឡើយ។ មួយសន្ទុះក្រោយមក ស្រាប់តែមានសំឡេងផ្ទុះយ៉ាងខ្លាំងកើតឡើង ធ្វើឲ្យគាត់ភ្ញាក់ផ្អើលយ៉ាងខ្លាំង និងប្រញាប់រត់ទៅមើល ក៏ឃើញចៅទាំង២នាក់រងរបួសធ្ងន់ធ្ងរនៅកន្លែងកើតហេតុតែ ម្តង។ ក្រោយមកគាត់បានស្រែកឆោឡោសុំឲ្យអ្នកជិត ខាង និងអ្នកធ្វើដំណើរជួយដឹកជនរងគ្រោះទៅមន្ទីរ ពេទ្យជាបន្ទាន់ ប៉ុន្តែអកុសល ក្មេងទាំងពីរនាក់មិនអាចសង្គ្រោះបានឡើយ។
សមត្ថកិច្ចបានសន្និដ្ឋានជាបឋមថា មូលហេតុនៃហេតុការណ៍នេះ បណ្តាលមកពីក្មេងៗបានយក គ្រាប់មិនទាន់ផ្ទុះមកលេង ដោយមិនបានដឹងពីគ្រោះថ្នាក់បណ្តាលឲ្យផ្ទុះយ៉ាងរន្ធត់។ ករណីនេះ បានបង្កឲ្យមានការភ្ញាក់ផ្អើល និងសោកស្តាយយ៉ាងខ្លាំងពីសំណាក់ក្រុមគ្រួសារ និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។ បច្ចុប្បន្នសាកសពជនរងគ្រោះ ត្រូវបានឪពុកម្តាយ និងសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។
ជាមួយគ្នានេះ សមត្ថកិច្ចបានអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសអាណាព្យាបាល កុមារ និងយុវវ័យ ត្រូវមាន ការប្រុងប្រយ័ត្នខ្ពស់ ចំពោះវត្ថុសង្ស័យ ឬគ្រាប់មិនទាន់ផ្ទុះ ដែលអាចសេសសល់ពីសម័យសង្គ្រាម ហើយមិនត្រូវប៉ះពាល់ ឬយកមកលេងជាដាច់ខាត ព្រោះអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតយ៉ាងធ្ងន់ធ្ងរ។
ក្រោយកើតហេតុភ្លាមៗ អភិបាលខេត្តកំពង់ធំលោក នួន ផារ័ត្ន និងស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ទោ ហេង សុផល ព្រមទាំងសមត្ថកិច្ច និងអាជ្ញាធរ បានចុះទៅដល់កន្លែងកើតហេតុ ដើម្បីពិនិត្យមើលជាក់ស្តែង និងថាជាករណីដុំគ្រាប់លេងរបស់ក្មេងរងគ្រោះមែន បណ្តាលឲ្យផ្ទុះស្លាប់។
លោកអភិបាលខេត្ត និងស្នងការនគរបាលខេត្ត សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ និងសោកស្តាយយ៉ាងខ្លាំងចំពោះហេតុការណ៍មួយនេះ រហូតបណ្តាលឲ្យក្មេងទាំង២នាក់ស្លាប់៕










