ខេត្តកណ្តាល ÷ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលមានប្រវត្តិធ្លាប់ជាប់ពន្ធនាគារ២ឆ្នាំ ពីបទហិង្សាដោយចេតនា ពេលបានចេញមកវិញមិនរាងចាល ហិង្សាដោយចេតនាកាន់កាំបិតកាប់ប្រហារបង្កស្នាម របួសព្រោះយល់ខុសករណីមរតរបស់ប្រពន្ធទុកចែកឱ្យកូន។ ហេតុការណ៍បានកើតឡើងកាលពីវេលាម៉ោង ០៨ និង៣០នាទីថ្ងៃទី១៤ខែមីនាឆ្នាំ២០២៦ នៅចំណុចភូមិព្រែកតាពៅ(១) ស្ថិតក្នុងសង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ។
លោកវរសេនីយ៏ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅបានប្រាប់ឱ្យដឹងថា ជនរងគ្រោះមាន២នាក់៖ ១-ឈ្មោះ បាន សាក់នី ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុនរងរបួសស្នាមត្រង់គុម្ពក្លៀកខាងឆ្វេង១កន្លែងនិងត្រង់កដៃខាងឆ្វេង១កន្លែង, ២- ឈ្មោះឈុំ សារ៉េត ភេទស្រី អាយុ៦០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មេផ្ទះ រងរបួសស្នាមត្រង់ភ្លៅខាងឆ្វេង១កន្លែង។
ចំនែកជនសង្ស័យឈ្មោះ សា តាំ ភេទប្រុសអាយុ៥៧ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់សំណាញ់ និងមានប្រវត្តិធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាល២ឆ្នាំ ពីបទហិង្សាដោយ ចេតនា។ ទាំងជនរងគ្រោះនិងជនសង្ស័យមានទីលំនៅក្បែរខាងគ្នាក្នុងភូមិសង្កាត់កើតហេតុ។ វត្ថុតាងចាប់យកមាន÷កាំបិតប៉័ងតោ ដងឈើចំនួន០១។
លោកអធិការបានលើកយកសារបាននៃដើមហេតុមកប្រាប់ថា ស្ត្រីឈ្មោះ សា ទីម៉ាស់ អាយុ៦៥ឆ្នាំ ជាប្រពន្ធរបស់ជនសង្ស័យ និងត្រូវជាបងចិញ្ចឹមរបស់ជនរងគ្រោះ បានយកខ្សែដៃមាសទម្ងន់២ដំឡឹងមកផ្ញើនិងប្អូនចិញ្ចឹម (ជនរងគ្រោះ) និងបានផ្តាំផ្ញើថា ពេលគាត់ស្លាប់ទៅត្រូវយកខ្សែដៃមាស២ដំឡឹងនោះ កាត់ចែកឱ្យកូនគាត់ទាំងបីនាក់ស្មើៗគ្នាផង ។ លុះកំឡុងឆ្នាំ២០១០ប្រពន្ធជន សង្ស័យ ក៏បានស្លាប់បាត់ទៅ ឯជនរងគ្រោះជាមនុស្សស្មោះត្រង់ ក៏បានយកខ្សែដៃនោះប្រគល់ឲ្យទៅលោកមេភូមិព្រែកតាពៅ(១) ឈ្មោះស៊ូ សេន ចាត់ចែងឲ្យទៅកូនៗរបស់ជនសង្ស័យទាំង៣នាក់ ដែលមានអាយុចន្លោះពី២៥ឆ្នាំដល់៣០ឆ្នាំទទួលបានមរតកពីម្តាយស្មើរៗគ្នា ដោយមានទាំងជនសង្ស័យជាឳពុកចូលរួមជាសាក្សីផងដែរ ។
រយ:ពេល១៦ឆ្នាំក្រោយពីមរតកម្តាយ (មាស២ដំឡឹង) បានបែងចែកឲ្យកូនៗរួច ជនសង្ស័យ(ជាប្តី,ជាឪពុក ) តែងតែព្យាយាមមករករឿង ទាមទាមាស២ដំឡឹងពីជនរងគ្រោះ (ជាប្អូនចិញ្ចឹមរបស់ប្រពន្ធ)រហូតប្រើអំពើហិង្សាដោយចេតនា ជាប់ពន្ធនាគារ ២ឆ្នាំ តែពេលបានចេញមកវិញមិនរាងចាល។ លុះនៅវេលាថ្ងៃកើតហេតុ ជនសង្ស័យបានមកស្រែកសួររកជនរងគ្រោះទៀត។ ឮដូចនោះជនរងគ្រោះក៏បានដើរចេញមក ស្រាប់តែជន សង្ស័យសួររកមាស០២ដំឡឹងជាថ្មីម្តងទៀត ហើយក៏បានប្រើអំពើហិង្សាដោយចេតនា ទាញយកកាំបិតប៉ុ័ងតោ ពីក្នុងស្បោងក្រណាត់ពណ៌ក្រហម កាប់ទៅលើជនរងគ្រោះ (មានកាមេរាសុវត្ថិភាព) តែជនរងគ្រោះបានចាប់កាំបិតទាន់ និងហៅឲ្យគេជួយ ក៏ជនរងគ្រោះឈ្មោះ បាន សាក់នី រត់ចេញពីក្នុងផ្ទះទៅជួយម្តាយ រហូតរងរបួសទាំង២នាក់និងបានអ្នកក្បែរខាងមកជួយចាប់ឃាត់ខ្លួនជនសង្ស័យប្រគល់ជូនសមត្ថកិច្ច ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានយកកាំបិតប៉័ងតោកាប់ទៅលើជនរង គ្រោះទាំងពីរនាក់ ប្រាកដមែន ។
បច្ចុប្បន្នជនសង្ស័យបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ៕










