អន្តរជាតិ៖ លោក Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែន បានចោទប្រកាន់សម្ព័ន្ធមិត្តអឺរ៉ុប ពីបទគំរាមកំហែងទីក្រុងគីវឱ្យបើកបំពង់បង្ហូរប្រេងឡើងវិញដែលដឹកជញ្ជូនប្រេងរុស្ស៊ីទៅកាន់ប្រទេសហុងគ្រី និងស្លូវ៉ាគី។ លោក Zelenskyy ថា ការស្ដារឡើងវិញនូវលំហូរប្រេងឆៅរបស់រុស្ស៊ីតាមរយៈអ៊ុយក្រែនចូលទៅក្នុងសហភាពអឺរ៉ុប នឹងដូចជាការដកទណ្ឌកម្មសេដ្ឋកិច្ចលើទីក្រុងមូស្គូ អញ្ចឹង។
អ៊ុយក្រែននិយាយថា បំពង់បង្ហូរប្រេង Druzhba សម័យសូវៀតត្រូវបានខូចខាតដោយការវាយប្រហារតាមអាកាសរបស់រុស្ស៊ីកាលពីខែមករា ហើយមិនទាន់ត្រូវបានជួសជុលនៅឡើយទេ។
ប្រទេសហុងគ្រីពឹងផ្អែកលើថាមពលរបស់រុស្ស៊ី ហើយកំពុងរារាំងទាំងទណ្ឌកម្មថ្មីៗរបស់សហភាពអឺរ៉ុបលើទីក្រុងមូស្គូ និងប្រាក់កម្ចីដ៏សំខាន់ចំនួន៩០ ពាន់លានអឺរ៉ូ សម្រាប់ទីក្រុងគីវរហូតដល់បំពង់បង្ហូរប្រេងត្រូវបានបើកឡើងវិញ។នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban បានធ្វើឱ្យអរិភាពចំពោះអ៊ុយក្រែនក្លាយជាបញ្ហាសំខាន់មួយមុនការបោះឆ្នោតខែមេសាខាងមុខ។
សហភាពអឺរ៉ុបបានជំរុញឱ្យលោក Zelenskyy ជួសជុលបំពង់បង្ហូរប្រេងឱ្យបានឆាប់រហ័ស ហើយកំពុងស្នើសុំលោកអនុញ្ញាតឱ្យក្រុមអ្នកត្រួតពិនិត្យចូលមើលការខូចខាត។ ក្រុមមន្ត្រីសហភាពអឺរ៉ុបមួយចំនួនមានការភ័យខ្លាចថាការតស៊ូរបស់លោក Zelenskyy អាចជួយលោក Orban ឱ្យឈ្នះការបោះឆ្នោតឡើងវិញ។
ថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មាននៅទីក្រុងគីវ រួមទាំងទូរទស្សន៍ BBC ផង លោក Zelenskyy បាននិយាយថា លោកគ្រាន់តែប្រឆាំងជាគោលការណ៍ចំពោះការអនុញ្ញាតឱ្យប្រេងរបស់រុស្ស៊ីឆ្លងកាត់អ៊ុយក្រែន តែប៉ុណ្ណោះ។ ការអត្ថាធិប្បាយរបស់លោក Zelenskyy បានកើតឡើងបន្ទាប់ពីអាមេរិកបានបន្ធូរបន្ថយទណ្ឌកម្មដែលរារាំងប្រទេសដទៃទៀតមិនឱ្យទិញប្រេងរបស់រុស្ស៊ី ដើម្បីបន្ធូរបន្ថយវិបត្តិផ្គត់ផ្គង់ថាមពលបង្កឡើងដោយសង្គ្រាមអាមេរិក-អ៊ីស្រាអែលជាមួយអ៊ីរ៉ង់។ ចំណាត់ការនេះបានទាក់ទាញការរិះគន់ពីបណ្ដាមេដឹកនាំអឺរ៉ុបមួយចំនួន៕
ដោយ៖តារា










