កម្ពុជា-សិង្ហបុរី ទំហំពាណិជ្ជកម្មទ្វេភាគី សម្រេចបានកើនឡើងជាង ១៩០% 

ចែករំលែក៖

សេដ្ឋកិច្ច៖ យោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញថា ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-សិង្ហបុរី សម្រេចបាននូវទំហំទឹកប្រាក់ ៣៣៥ លានដុល្លារ គិតចាប់ពីខែមករា ដល់ខែកុម្ភៈ ឆ្នាំ ២០២៦ កើនឡើងជាង ១៩០% ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន ឆ្លុះបញ្ចាំងពីតម្រូវការកើនឡើងនៃប្រទេសទាំងពីរ ខណៈកម្ពុជានៅតែបន្តរក្សាបានទីផ្សារសំខាន់ៗ។

 

របាយការណ៍ដដែល បានគូសបញ្ជាក់ថា គិតចាប់ពីខែមករា ដល់ខែកុម្ភៈ ឆ្នាំ ២០២៦ ការដោះដូរទំនិញកម្ពុជា- សិង្ហបុរីសម្រេចបាន ៣៣៥ លានដុល្លារ ក្នុងនោះកម្ពុជានាំចេញទៅសិង្ហបុរី មានតម្លៃ ១២,៦៨ លាន ដុល្លារ ខណៈប្រទេសសិង្ហបុរី នាំចូលមកវិញមានតម្លៃ ៣២២ លានដុល្លារ កើន ២០៩%។

 

កម្ពុជាមានឱនភាពពាណិជ្ជកម្មជាមួយសិង្ហបុរីជាង ៣០០ លានដុល្លារ នៅក្នុងរយៈពេល ២ ខែ ដើមឆ្នាំ ២០២៦។

លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញផ្នែកសេដ្ឋកិច្ចនៅរាជ្យបណ្ឌិត្យសភាកម្ពុជា យល់ឃើញថា ដោយសារមានតម្រូវ ការកើនឡើងរវាងប្រទេសទាំងពីរជំរុញឱ្យមានការបង្កើនការនាំចេញ ឬក៏បង្កើតចរន្តឱ្យមានការទិញ-លក់ ដើម្បីបំពេញតម្រូវការឱ្យអ្នកប្រើប្រាស់។

 

លោកបណ្ឌិត ហុង វណ្ណៈ បញ្ជាក់ថា៖ «ប្រទេសសិង្ហបុរី ជាទីផ្សារមួយសំខាន់ ពីព្រោះសិង្ហបុរី ជាប្រទេសដែលមានស្ដង់ដារខ្ពស់ ទាំងមនុស្ស និងរបៀបរបបនៃការរស់នៅ បើគេមានតម្រូវការផលិតផលកម្ពុជា មានន័យថា ផលិតផលកម្ពុជា ឆ្លើយតបទៅនឹងតម្រូវការរបស់សិង្ហបុរី ដែលជាគំរូមួយជំរុញឱ្យកម្ពុជា មានឧត្តមភាពប្រកួតប្រជែងជាមួយបណ្ដាប្រទេសផ្សេងៗទៀត»។

...

 

យោងតាមក្រសួងពាណិជ្ជកម្ម នៅឆ្នាំ ២០២៥ ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-សិង្ហបុរី សម្រេចបាន ២,៣៤ ពាន់លានដុល្លារ កើនឡើង ៨៩% ក្នុងនោះកម្ពុជានាំទំនិញចេញទៅ ប្រទេសសិង្ហបុរី មានតម្លៃ ៩២០ លានដុល្លារ កើនជាង ២០០% ចំណែកឯសិង្ហបុរី នាំចូលមកវិញមានតម្លៃ ១,៤២ ពាន់លានដុល្លារ កើន ៥០,៥០%៕ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print