គ្រូបង្វឹកក្រុម Arsenal FC លោក Mikel Arteta បានអំពាវនាវឱ្យកីឡាកររបស់គាត់បង្ហាញការលេង ពេញលេញ និងល្អបំផុត នៅកីឡដ្ឋាន Emirates នៅថ្ងៃអង្គារ ខណៈពួកគេចង់ឆ្លងទៅវគ្គ ៨ ក្រុមចុងក្រោយនៃពាន UEFA Champions League ក្នុងការប្រកួតជាមួយ Bayer Leverkusen។
ការប្រកួតជើងទីមួយបានបញ្ចប់ដោយលទ្ធផលស្មើ 1-1 ដែលធ្វើឱ្យការប្រកួតជើងទីពីរនៅទីក្រុង ឡុងដ៍ មានភាពតានតឹង។
ក្នុងជើងទីមួយ ក្រុម Arsenal បានទទួលឱកាសសង្គ្រោះនៅចុងម៉ោង ដោយកីឡាករជំនួស Kai Havertz ស៊ុតបាល់ប៉េណាល់ទីនៅនាទី 89 ទល់នឹងក្លឹបចាស់របស់គាត់។
លោក Arteta បាននិយាយថា៖
“មានកត្តាជាច្រើនដែលនឹងជួយឱ្យយើងឆ្លងទៅវគ្គ 8 ក្រុមចុងក្រោយ។ យើងត្រូវធ្វើឱ្យគ្រប់ធាតុទាំងអស់ស្ថិតនៅក្នុងអត្ថប្រយោជន៍របស់យើង ដើម្បីសម្រេចគោលដៅនោះ។”
ក្រុម Bayer Leverkusen មកដល់ភាគខាងជើងទីក្រុងឡុងដ៍ដោយមានទំនុកចិត្ត បន្ទាប់ពីស្មើ 1-1 ជាមួយក្រុមកំពូលលីគអាល្លឺម៉ង់ Bayern Munich ក្នុងការប្រកួត Bundesliga កាលពីថ្ងៃសៅរ៍។
Arteta បាននិយាយថា ការលេងរបស់ Leverkusen ទល់នឹង Bayern គឺស្រដៀងនឹងអ្វីដែលគាត់បានឃើញមុននេះ៖“ពួកគេត្រូវបានបង្វឹកយ៉ាងល្អ និងមានរចនាសម្ព័ន្ធក្រុមច្បាស់លាស់។ យើងដឹងថាត្រូវធ្វើអ្វីនៅមុខអ្នកគាំទ្ររបស់យើង ហើយសង្ឃឹមថាយើងអាចធ្វើបាន។”
Arsenal ដែលកំពុងព្យាយាមបំបែកកំណត់ឈ្នះ 4 ពានក្នុងមួយរដូវកាល (quadruple) ខណៈពេលនេះកំពុងឈរលេខ 1 ក្នុង Premier League និងនៅតែមានឱកាសក្នុងពានក្នុងស្រុកពីរផ្សេងទៀត នឹងខ្វះកីឡាករសំខាន់ពីរនាក់ក្នុងជើងទីពីរ គឺ
ទោះជាយ៉ាងណា ប្រធានក្រុម Martin Odegaardនិងខ្សែការពារ Jurrien Timber។
ប៉ុន្តែខ្សែប្រយុទ្ធ Leandro Trossard ត្រូវបានបញ្ជាក់ថា អាចលេងបានវិញ។
លោកArteta បានបន្ថែមថា ស្ថានភាពរបស់ Timber អាចត្រូវការពេលពីរបីថ្ងៃទៀត ហើយក្រុមត្រូវការកីឡាករគ្រប់គ្នាឲ្យមានភាពរួចរាល់។ គាត់ក៏បានបញ្ជាក់ថា ខ្សែការពារ Ben White បានហ្វឹកហាត់ជាមួយក្រុមរួចហើយ ហើយស្ថានភាពរបស់គាត់គឺល្អ៕










