ភ្នំពេញ : ជនបរទេសជាង ២១ម៉ឺននាក់ បានស្ម័គ្រចិត្តចាកចេញពីកម្ពុជាដោយខ្លួនឯង និងជនបរទេសជាង ៣ម៉ឺន២ពាន់នាក់ ត្រូវបានបណ្តេញចេញពីកម្ពុជាពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានបញ្ជាក់ថា ការបង្ក្រាបនេះ គឺពិតជាមានសារសំខាន់ ដោយOnline Scams នៅតែជាបញ្ហាក្តៅគគុក ដោយរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញវិធានការទទួលបានជោគជ័យយូរអង្វែង។ រាជរដ្ឋាភិបាលបានប្តេជ្ញាបោសសម្អាត Online Scamsឲ្យអស់ពីកម្ពុជា។
ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានស្នើឲ្យកម្ទេច Online Scams ឲ្យអស់នៅក្នុងមូលដ្ឋានរបស់ខ្លួន ហើយផែនការទី២ បង្ក្រាបOnline Scams នឹងអនុវត្តនៅក្នុងពេលឆាប់ៗនេះ៕
ដោយ៖ ជ្រោយពេជ្រ










