លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអនុញ្ញាតឱ្យលោកស្រី Vladanka Andreeva អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ (UN) ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ចែករំលែក៖

ភ្នំពេញ : ទីស្តីការក្រសួងយុត្តិធម៌៖ នៅរសៀលថ្ងៃពុធ ១៥រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអនុញ្ញាតឱ្យលោកស្រី Vladanka Andreeva អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ (UN) ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

 

ជាកិច្ចចាប់ផ្តើម លោកឧបនាយករដ្ឋមន្ត្រីបានធ្វើការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះលោកស្រី Vladanka Andreeva និងសហការី មកកាន់ទីស្តីការក្រសួងយុត្តិធម៌ និងបានឆ្លៀតឱកាសថ្លែងអំណរគុណដល់ភ្នាក់ងារនៃអង្គការសហប្រជាជាតិ ដែលកន្លងមកតែងផ្តល់ការគាំទ្រ និងកិច្ចសហប្រតិបត្តិការដល់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងយុត្តិធម៌ ដើម្បីជាឧត្តមប្រយោជន៍របស់ប្រជាជនកម្ពុជា។ ជាការឆ្លើយតប លោកស្រីក៏បានថ្លែងអំណរគុណជូនចំពោះ លោកឧបនាយករដ្ឋមន្ត្រីដែលបានចំណាយពេលវេលាទទួលជំនួបសម្តែងការគួរសម និងបានសម្តែងនូវអារម្មណ៍សោមនស្សរីករាយដែលបានវិលត្រឡប់មកបំពេញការងារនៅប្រទេសកម្ពុជាវិញ ក្នុងតួនាទីជាអ្នកសម្របសម្រួលអង្គការសហប្រជាជាតិថ្មីប្រចាំព្រះរាជាណាចក្រកម្ពុជា។

 

នៅក្នុងជំនួបនេះ លោកឧបនាយករដ្ឋមន្ត្រី និងលោកស្រី Vladanka Andreeva បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរវាងក្រសួងយុត្តិធម៌ និងភ្នាក់ងារផ្សេងៗនៃអង្គការសហប្រជាជាតិ ជាពិសេស OHCHR, UNICEF, UNDP, និង UNODC។ ទន្ទឹមនេះ លោកឧបនាយករដ្ឋមន្ត្រី និងលោកស្រី ក៏បានពិភាក្សាអំពីកិច្ចការងារមួយចំនួនពាក់ព័ន្ធនឹងយុត្តិធម៌អនិតិជន, ភាពចង្អៀតណែនក្នុងពន្ធនាគារ, ការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាជាដើម។ ឆ្លៀតក្នុងឱកាសនេះ លោកឧបនាយករដ្ឋមន្ត្រីក៏បានលើកឡើងអំពីបញ្ហាប្រឈមមួយចំនួនពាក់ព័ន្ធនឹងការដោះស្រាយកិច្ចការខាងលើនេះ ដោយបានធ្វើការសង្កត់ធ្ងន់លើសារៈសំខាន់នៃការចូលរួមគាំទ្រពីដៃគូសហការនានា។ ជាការឆ្លើយតប លោកស្រីក៏បានឯកភាពបើកទ្វារផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងទូលំទូលាយបំផុតជូនក្រសួងយុត្តិធម៌ ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនោះ។

 

ជាកិច្ចបញ្ចប់ លោកឧបនាយករដ្ឋមន្ត្រី និងលោកស្រីក៏បានពិភាក្សាលើបញ្ហាព្រំដែនកម្ពុជា-ថៃ ដែលបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។ លោកស្រី Vladanka Andreeva បានបញ្ជាក់ផងដែរថា លោកជំទាវ និងក្រុមការងារនឹងពិនិត្យលទ្ធភាពក្នុងការផ្តល់ការគាំទ្រដល់ជនភៀសសឹក តាមរយៈភ្នាក់ងារអង្គការសហប្រជាជាតិដែលមានការពាក់ព័ន្ធ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print