អាជ្ញាធររាជធានីភ្នំពេញនឹងដាក់ទោសទណ្ឌផាកពិន័យក្នុងកម្រិតធ្ងន់ធ្ងរ ប្រសិនបើម្ចាស់ទីតាំងផ្ទះជួលនានា ព្រងើយកន្តើយ                      

ចែករំលែក៖

ភ្នំពេញ ៖ លោក ហ៊ុន សុរិទ្ធី បានលើកឡើងថា៖ ម្ចាស់ទីតាំងផ្ទះជួលនានា បើព្រងើយកន្តើយមិនព្រមពង្រឹងលើការគ្រប់គ្រងជនបរទេសដែលមកជួលស្នាក់នៅផ្ទះរបស់ខ្លួននោះទេនឹងទទួលទោសទណ្ឌនិងផាកពិន័យក្នុងកម្រិតមួយយ៉ាងធ្ងន់ធ្ងរ ។

លោកហ៊ុន សុរិទ្ធី អភិបាលរងរាជធានី បានបញ្ជាក់បែបនេះ ខណៈដែលលោកអញ្ជើញជាតំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញជាធិបតីក្នុងពិធីផ្សព្វផ្សាយស្តីពីអនុក្រឹត្យរបស់រាជរដ្ឋាភិបាលស្តីពីការគ្រប់គ្រងសន្តិសុខ សុវត្ថិភាព តាមទីតាំងរស់នៅប្រមូលផ្តុំទៅដល់ម្ចាស់ទីតាំង បុរី ខុនដូ អាផាតមិន សណ្ឋាគារ អគារសហកម្មសិទ្ធិ និងលំនៅស្នាក់នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ នៅសាលារាជធានីភ្នំពេញ។

លោក ហ៊ុន សុរិទ្ធី បានបញ្ជាក់ថា គ្រប់ម្ចាស់ទីតាំងដែលត្រូវជួលឱ្យជនបរទេសស្នាក់នៅត្រូវតែពង្រឹងលើការគ្រប់គ្រង ដើម្បីសន្តិសុខនិងសុវត្ថិភាពសង្គម ការស្នាក់នៅរបស់ជនបរទេសទាំងអស់ត្រូវមានលិខិតស្នាមបញ្ជាក់ឱ្យបានត្រឹមត្រូវ។ចំពោះអ្នកណាម្នាក់ត្រូវជាសាច់ញាតិដែលចង់មកលេងក៏ត្រូវទាមទារលិខិតឱ្យបានច្បាស់លាស់ផងដែរ ។ ធ្វើយ៉ាងណាត្រូវតែអនុវត្តតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលឱ្យបានល្អប្រសើរ និងមានប្រសិទ្ធភាពខ្ពស់បំផុត ។

លោក ហ៊ុន សុរិទ្ធី បានបន្ដថា៖ ប្រសិនបើមានការធ្វេសប្រហែសលើការគ្រប់គ្រងជនបរទេសបង្កឱ្យមានបញ្ហានឹងត្រូវទទួលទោសទណ្ឌ និងផាកពិន័យក្នុងកម្រិតធ្ងន់ធ្ងរ ព្រោះបើឈានដល់ដំណាក់កាលនេះហើយ មិនមែនត្រូវអប់រំណែនាំទៀតទេ ត្រូវតែប្រឈមនឹងមុខច្បាប់ហើយ ។

អ្វីដែលយើងអនុវត្តនេះ មិនមែនសំដៅដាក់គំនាបគាបសង្កត់ទៅលើម្ចាស់ទីតាំងឬមួយក៏ម្ចាស់អ្វីផ្សេងទេ។ យើងធ្វើនេះក្នុងន័យថា ធ្វើយ៉ាងណាធានាបានថា ទីតាំងរបស់បងប្អូនទាំងអស់គ្នាមិនមានបទល្មើសលួចលាក់នៅក្នុងហ្នឹង”។ ការឱ្យម្ចាស់ទីតាំងរាយការណ៍អំពីជនបរទេសស្នាក់នៅនេះ ក្នុងគោលបំណងបញ្ចៀសធ្វើយ៉ាងណាកុំឱ្យពួកគាត់ទទួលរងទុក្ខទោស និងផាកពិន័យ។

...

សូមបញ្ជាក់ថា យោងតាមមាត្រា១៩ នៃអនុក្រឹត្យស្តីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំបានឱ្យដឹងថា ម្ចាស់ទីតាំងរស់នៅប្រមូលផ្តុំ ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្តុំដែលធ្វេសប្រហែសខកខានមិនបំពេញកាតព្វកិច្ច រាយការណ៍អំពីការស្នាក់របស់ជនបរទេសទេ នឹងត្រូវផាកពិន័យចំនួន៤លានរៀល ដោយមិនទាន់គិតដល់ព្យសនកម្មដែលកើតឡើងពីការធ្វេសប្រហែសនោះទេ។ សម្រាប់មាត្រា២០ ម្ចាស់ទីតាំងរស់នៅប្រមូលផ្តុំ ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្តុំដែលមានចេតនាលាក់បាំង និងអនុញ្ញាតឱ្យជនបរទេសដែលចូលមកកម្ពុជាដោយខុសច្បាប់ស្នាក់នៅក្នុងទីតាំងស្ថិតនៅក្រោមការទទួលខុសត្រូវរបស់ខ្លួន ត្រូវផាកពិន័យជាប្រាក់៤លានរៀលសម្រាប់ជនបរទេសម្នាក់ ដោយមិនទាន់គិតដល់ទោសព្រហ្មទណ្ឌផងទេ៕ ដោយ៖  សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print