ភ្នំពេញ ៖ សម័យសាច់ស្អុយសុីកាំបិតកោ តើមន្រ្តីនគរបាលចរាចរណ៍រូបណា ទៅប្រថុយកាឡៃប្ដូររបាយការណ៍រឿងគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ និងដែលសារធារណជនកំពុងឈួលច្រមុះតាមដានស្អិតយ៉ាងដូច្នេះនោះ? នេះជាលើកឡើងពីលោក រ៉េន រតនៈ អ្នកនាំពាក្យលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លើប្រព័ន្ធតេឡេក្រាមផ្ទាល់ខ្លួនរបស់លោកកាលពីម្សិលមុិញ ។
បើទោះជាលោកមិនបញ្ជាក់លម្អិតពីមន្រ្តីនគរបាលចរាចរណ៍រូបណា ទៅប្រថុយកាឡៃប្ដូររបាយការណ៍រឿងគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នោះក៏ដោយ តែលោក រ៉េន រតនៈ អ្នកនាំពាក្យលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកថា ៖ ខ្ញុំទទួលស្គាល់ថា ទោះក្នុងហេតុផលណាក៏ដោយ សាធារណជន នៅតែសម្លឹងផ្ដោតលើស្រមោលខ្មៅជាជាងរូបកាយមន្រ្តីផ្លុំកញ្ចែបោយដៃក្រោមកំដៅថ្ងៃ។ ប៉ុន្តែយើងក៏មិនគួរបណ្ដោយឱ្យការវិនិច្ឆ័យ ដើរផ្ទុយពីសច្ចធម៌ដែលកំពុងកើតឡើងពេកនោះដែរ។
និយាយបែបម្យ៉ាងទៀត បើយើងអាចរិះគន់ និងហ៊ានបង្ហាញអារម្មណ៍ខឹងស្អប់លើមន្ត្រីគ្មានសីលធម៌ ឬមិនអនុវត្តច្បាប់បានត្រឹមត្រូវ យើងក៏គួរតែហ៊ានទទួលយកការពិត ដោយផ្អែកលើការពិចារណារវាងហេតុ និងផលផងដែរ។
លោកថា ៖ ក្នុងនាមមន្ត្រីមួយរូបធ្វើការក្បែរថ្នាក់ដឹកនាំកំពុងឈរក្នុងអំណាចសម្រេចចំពោះលទ្ធផលនៃការបំពេញតួនាទីភារកិច្ចរបស់មន្ត្រី ក្រោមឱវាទដែលនៅទីនេះខ្ញុំនិយាយពីមន្ត្រីនគរបាលចរាចរណ៍ ខ្ញុំសូមអះអាងថា សច្ចធម៌ជាគូនឹងយុត្តិធម៌ ហើយអំពើទុច្ចរិតក៏ជាគូនឹងទណ្ឌកម្ម៕
ដោយ ៖ សិលា











