កម្ពុជាបានធ្វើការតវ៉ាជាផ្លូវការបន្ថែមថ្មីទៀតប្រឆាំងនឹងការបន្តសកម្មភាពរំលោភ លើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា ដោយកងកម្លាំងប្រដាប់អាវុធថៃ ក្រោយបទឈប់បាញ់ នៅថ្ងៃទី២៧ ខែធ្នូ

ចែករំលែក៖

ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅព្រឹកថ្ងៃសៅរ៍ទី២១ ខែមីនា ឆ្នាំ២០២៦នេះ បានឱ្យដឹងថា នៅចុងសប្តាហ៍នេះ កម្ពុជាបានធ្វើការតវ៉ាជាផ្លូវការបន្ថែមថ្មីទៀតប្រឆាំងនឹងការបន្តសកម្មភាពរំលោភ លើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា ដោយកងកម្លាំងប្រដាប់អាវុធថៃ ក្រោយបទឈប់បាញ់ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ នៅទីតាំងដូចខាងក្រោម៖

 

នៅតំបន់បឹងត្រកួន ឃើញមានផ្សែងហុយចេញពីទីតាំងចំនួនបី ដែលសន្មត់ថាជាផ្ទះកំពុងឆេះនៅ ក្នុងតំបន់លំនៅដ្ឋានរបស់កម្ពុជា ដែលបច្ចុប្បន្នស្ថិតក្រោមការកាន់កាប់ដោយខុសច្បាប់នៃកង កម្លាំងប្រដាប់អាវុធថៃ។

 

នៅតំបន់អូរទឹកចោល ក្នុងសង្កាត់បន្សាយរាក់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ កម្លាំងប្រដាប់អាវុធ ថៃបានបន្តសកម្មភាពឈូសឆាយដីធ្លី ក៏ដូចជាការសាងសង់ផ្លូវ និងសំណង់បេតុងផ្សេងៗ ដែល លាតសន្ធឹងពីតំបន់ប្រាសាទខ្នារ ឆ្ពោះទៅតំបន់ប្រាសាទតាក្របី ក្នុងទឹកដីកម្ពុជា។

 

តាមសេចក្តីរាយការណ៍បានឱ្យដឹងថា នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ កងកម្លាំងប្រដាប់អាវុធថៃ រួមជាមួយមន្ត្រីនាយកដ្ឋានព្រៃឈើ និងមន្ត្រីសុរិយោដី បានធ្វើសកម្មភាពវាស់វែងដីធ្លី និងបែង ចែកដីចំនួន៣កន្លែងដល់ប្រជាពលរដ្ឋថៃ នៅក្នុងតំបន់ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ស្ថិតនៅចន្លោះបង្គោលព្រំដែនលេខ៤៦ និង៤៧។

 

រាជរដ្ឋាភិបាលកម្ពុជាសង្កត់ធ្ងន់ថា កម្ពុជាមិនទទួលយកខ្សែព្រំដែន ឬការទាមទារទឹកដីណាមួយតាម ការអះអាងជាឯកតោភាគីដោយប្រទេសថៃឡើយ។ សកម្មភាពខាងលើមិនប៉ះពាល់ដល់សិទ្ធិ និងជំហរស្រប ច្បាប់របស់ព្រះរាជាណាចក្រកម្ពុជាលើការកំណត់ព្រំដែនអន្តរជាតិរបស់កម្ពុជានោះទេ។

 

រាជរដ្ឋាភិបាលកម្ពុជាសូមអំពាវនាវដល់ប្រទេសថៃឱ្យបញ្ឈប់ជាបន្ទាន់នូវសកម្មភាពនៅក្នុងតំបន់ ដូចបានរៀបរាប់ខាងលើ ឬនៅក្នុងតំបន់ផ្សេងទៀត ក្រោមកាលៈទេសៈស្រដៀងគ្នានេះ ដោយសូមជៀសវាងធ្វើសកម្មភាពឯកតោភាគីបន្ថែមទៀត និងធានាការអនុវត្តរាល់កិច្ចព្រមព្រៀងពាក់ព័ន្ធរវាងប្រទេសទាំងពីរឱ្យបាន ពេញលេញ និងដោយសុច្ឆន្ទៈ សំដៅបន្ធូរស្ថានការណ៍ លើកកម្ពស់ទុកចិត្តគ្នាទៅវិញទៅមកនិងរក្សា សន្តិភាព ស្ថិរភាព និងភាពជាអ្នកជិតខាងល្អតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។

...

 

រាជរដ្ឋាភិបាលកម្ពុជាសូមបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តម៉ឺងម៉ាត់ ក្នុងការស្វែងរកដំណោះស្រាយដោយ សន្តិវិធីចំពោះវិវាទព្រំដែនជាមួយប្រទេសថៃ ក៏ដូចជាជាមួយប្រទេសជិតខាងទាំងអស់ តាមសន្តិវិធី ស្របច្បាប់ អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគី ហើយទន្ទឹមនេះនៅតែប្តេជ្ញាចិត្តក្នុងការរក្សាជំហរគោលការណ៍របស់ខ្លួន ថា ខ្សែព្រំដែនមិនត្រូវផ្លាស់ប្តូរដោយកម្លាំងឡើយ៕ ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print