លោកគីម ជុងអ៊ុន ត្រូវបានជ្រើសតាំងឡើងវិញជាប្រធានគណៈកម្មាធិការកិច្ចការរដ្ឋ

ចែករំលែក៖

ប្រទេសកូរ៉េខាងជើង លោកគីម ជុងអ៊ុន ត្រូវបានជ្រើសតាំងឡើងវិញជាប្រធានគណៈកម្មការកិច្ចការរដ្ឋនៃប្រទេសកូរ៉េខាងជើង ដែលជាប្រមុខរដ្ឋ និងជាអគ្គមេបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធ។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍ថា លោកគីម ជុងអ៊ុន ត្រូវបានជ្រើសតាំងឡើងវិញជាប្រធានគណៈកម្មការកិច្ចការរដ្ឋនៅថ្ងៃទី 22 ខែមីនា ក្នុងអំឡុងពេលសម័យប្រជុំលើកដំបូងនៃសភាប្រជាជនកំពូលលើកទី 15 ដែលជាសភារបស់ប្រទេស។

គណៈកម្មការកិច្ចការរដ្ឋគឺជាស្ថាប័នគ្រប់គ្រង និងធ្វើគោលនយោបាយខ្ពស់បំផុតរបស់ប្រទេសកូរ៉េខាងជើង ដែលដឹកនាំដោយប្រមុខរដ្ឋ និងជាអគ្គមេបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធ។ យោងតាម KCNA ការសម្រេចចិត្តជ្រើសរើសលោកគីមឱ្យកាន់តំណែង «កំពូលនៃប្រទេស» ឆ្លុះបញ្ចាំងពីឆន្ទៈ និងសេចក្តីប្រាថ្នារួមរបស់ប្រជាជនកូរ៉េខាងជើងទាំងអស់។ មេដឹកនាំគីម ជុងអ៊ុន ក៏ត្រូវបានជ្រើសតាំងឡើងវិញជាអគ្គលេខាធិការនៃគណបក្សពលករនៅក្នុងសមាជជាតិលើកទី 9 កាលពីខែកុម្ភៈ។ បន្ទាប់មកកូរ៉េខាងជើងបានធ្វើការបោះឆ្នោតសម្រាប់សភាថ្មីនៅថ្ងៃទី 15 ខែមីនា។
ស្ថាប័ននេះជាធម្មតាកោះប្រជុំបន្ទាប់ពីសមាជគណបក្សពលករ ដើម្បីរៀបចំសេចក្តីសម្រេចចិត្តដែលបានធ្វើឡើង។ បន្ថែមពីលើការបោះឆ្នោតជ្រើសរើសប្រធានគណៈកម្មការកិច្ចការរដ្ឋ និងស្ថាប័នឈានមុខគេផ្សេងទៀតរបស់ប្រទេស សភាកូរ៉េខាងជើងថ្មីនឹងពិភាក្សាអំពីវិសោធនកម្ម និងការបន្ថែមរដ្ឋធម្មនុញ្ញ ក៏ដូចជាពិនិត្យឡើងវិញនូវផែនការសេដ្ឋកិច្ចរយៈពេលប្រាំឆ្នាំដែលបានប្រកាសនៅឯសមាជគណបក្សពលករ។ នៅក្នុងសុន្ទរកថាបើកសមាជនៅថ្ងៃទី 19 ខែកុម្ភៈ លោកគីមបាននិយាយថា គណបក្សកាន់អំណាចកំពុងប្រឈមមុខនឹង «ភារកិច្ចប្រវត្តិសាស្ត្រ និងបន្ទាន់» នៃការពង្រឹងការកសាងសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ក៏ដូចជាការផ្លាស់ប្តូរគ្រប់វិស័យនៃជីវិតសង្គម និងរដ្ឋឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ចាប់តាំងពីឡើងកាន់អំណាចក្នុងឆ្នាំ 2011 លោកគីមបានសង្កត់ធ្ងន់ជាប់លាប់អំពីតម្រូវការក្នុងការកែលម្អសេដ្ឋកិច្ចរបស់ប្រទេស៕

...

រូបថត​: KCNA

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print