ខេត្តបាត់ដំបង៖ មន្ត្រីនគរបាលក្រុងបាត់ដំបងបានឲ្យ ដឹងនៅថ្ងៃទី២៣ខែមីនានេះថា ករណីលួចលុយ និងគ្រឿងអលង្ការដ៏ធំមួយ បានកើតឡើងកាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ នៅភូមិផ្កាស្លា សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដែលបណ្តាលឲ្យជនរង គ្រោះបាត់បង់ប្រាក់ជិត៥០០លានរៀល និងទ្រព្យ សម្បត្តិមានតម្លៃជាច្រើន។
ក្រោយទទួលបណ្តឹង កម្លាំងនគរបាលជំនាញ បានបើកការស្រាវជ្រាវយ៉ាងតឹងរ៉ឹង រហូតដល់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦ ទើបឃាត់ខ្លួនជនសង្ស័យបានចំនួន៣នាក់ រួមមានស្ត្រី និងអនីតិជន នាំយកមកសាកសួរ។
តាមការសារភាព ជនសង្ស័យបានទទួលស្គាល់ថា ពិតជាបានចូលលួចលុយ និងគ្រឿងអលង្ការរបស់ជនរងគ្រោះមែន ខណៈសមត្ថកិច្ចក៏បានដកហូតវិញបានផ្នែកមួយ រួមមានប្រាក់រៀលជាង២៦៧លានរៀល ប្រាក់ដុល្លារ១២០០ដុល្លារ និងគ្រឿងអលង្ការផ្សេងៗជាច្រើន។
បច្ចុប្បន្ន ជនសង្ស័យទាំង៣នាក់ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅអាជ្ញាធរជំនាញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់បន្ត៕
ដោយ៖ សុរិយា










