ភ្នំពេញ៖ មានករណីឃាតកម្មមួយកើតឡើង ប្រព្រឹត្តដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ និងមិនដឹងចំនួន ទៅលើសពមានឈ្មោះ ឆោម ឆៃយ៉ា ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅភូមិខ្នាចរមាស ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង ។ ករណីឃាតកម្មនេះ កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ នៅចំណុចជើងភ្នំ១៥០ ភូមិអណ្តូងនាង ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង ។
សម្ភារៈបាត់បងមាន៖ ម៉ូតូ០១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០២៥ ពណ៌ខ្មៅ ស្លាកលេខ បាត់ដំបង 1AV-1247, ទូរស័ព្ទដៃ ០១គ្រឿង ម៉ាកសាំសុង និងខ្សែកមាស ចំនួន០១ខ្សែ (ទម្ងន់ប្រហែល២តម្លឹង) ។
ក្រោយពីទទួលបានពត៌មាន ដោយអនុវត្តនូវបទបញ្ជាយ៉ាងហ្មឹងម៉ាត់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អនុវត្តតាមយោបល់ដឹកនាំរបស់ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្តម មាស ចាន់ពិសិដ្ឋ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង កម្លាំងជំនាញព្រហ្មទណ្ឌ័ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមជាមួយកម្លាំងជំនាញព្រហ្មទណ្ឌ័ នៃអធិការដ្ឋាននគរបាលស្រុកបាណន់ ដឹកនាំដោយលោកវរសេនីយ៍ឯក ឈឿង គឹមសុង ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ បានចុះធ្វើការស៊ើបអង្កេតស្រាវជ្រាវ រហូតដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ ទើបធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់៖ ១-ឈ្មោះ ភឿក សារ៉ាវុធ ហៅសម្បត្តិ ភេទប្រុស អាយុ៣៩ឆ្នាំ មានទីលំនៅភូមិខ្នាចរមាស ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង, ២-ឈ្មោះ រុំ ដន ហៅអ៊ូក ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅភូមិបឹងសំរោង ឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបង និង៣-ឈ្មោះ ឆោម ឆៃយុត ហៅប៉ក់ អាយុ២៧ឆ្នាំ មានទីលំនៅភូមិខ្នាចរមាស ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង នាំយកមកសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។
ក្រោយពីបានសាកសួរជនសង្ស័យខាងលើ បានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានធ្វេីសកម្មភាព ប្លន់សម្លាប់ ទៅលើជនរងគ្រោះ នៅត្រង់ចំណុចកើតហេតុខាងលើ ពិតប្រាកដមែន ។ សម្ភារៈវត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន៖ រថយន្ត ០១គ្រឿង ម៉ាកford ranger ពណ៌ស ស៊េរីឆ្នាំ២០២៤ ពាក់ស្លាកលេខបាត់ដំបង 2C-0660, ម៉ូតូ ០១គ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២៥ គ្មានស្លាកលេខ, ស្លាកលេខម៉ូតូ ០១សន្លឹក បាត់ដំបង1AV-1247, កាមេរ៉ារថយន្ត ០១គ្រឿង ។
បច្ចុប្បន្ន សមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ខាងលើទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីអនុវត្តបន្តតាមនីតិវិធី៕ជ្រោយពេជ្រ










