ខេត្តក្រចេះ៖ នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែងប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តក្រចេះ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកប្រធានក្រុមប្រឹក្សាខេត្ត លោកអភិបាលនៃគណៈអភិបាលខេត្តក្រចេះ លោក លោកស្រី ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា លោក លោកស្រី សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត លោក លោកស្រី តំណាងអង្គភាពជុំវិញខេត្ត នាយក នាយិកា លោកគ្រូ អ្នកគ្រូ និងបុគ្គលិកអប់រំ។
ក្នុងឱកាសនេះ លោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានអបអរសាទរដល់លោក ធាម ហេង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តក្រចេះ ចំពោះការតែងតាំងថ្មីចូលកាន់តំណែងជាប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តក្រចេះ និងបានលើកឡើងពីគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាដាក់ចេញដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលផ្តោតលើការបន្តពង្រឹងសមត្ថភាពស្ថាប័ន ភាពម្ចាស់ការខ្លួនឯង ការពង្រឹងសមត្ថភាពមន្ត្រីរាជការ ដើម្បីធ្វើឱ្យកម្ពុជារឹងមាំ ឆ្លើយតបនឹងបញ្ហាប្រឈមនានានៅក្នុងយុគសម័យថ្មី និងបម្រែបម្រួលសណ្ដាប់ធ្នាប់ពិភពលោក។
បន្ថែមពីនេះ លោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានលើកឡើងពីកំណែទម្រង់គោលនយោបាយអប់រំដើម្បីលើកកម្ពស់គុណភាពអប់រំ ដោយបានរំលេចពីកំណែទម្រង់គ្រូបង្រៀនតាមរយៈការបង្កើនបៀវត្ស ទាក់ទាញអ្នកមានសមត្ថភាពចូលធ្វើគ្រូបង្រៀន និងលើកស្ទួយកិត្តិយសព្រមទាំងតួនាទីរបស់គ្រូបង្រៀននៅក្នុងសង្គមដោយពង្រឹងការបណ្ដុះបណ្ដាលគ្រូប្រកបដោយគុណវុឌ្ឍិ។ ទន្ទឹមនឹងនេះ ក៏មានកំណែទម្រង់សាលារៀនដែលរួមមានការកែលម្អភាពជាអ្នកដឹកនាំរបស់នាយក ការលើកកម្ពស់លទ្ធផលសិក្សារបស់សិស្ស ការអនុវត្តតេស្តស្តង់ដាដូចជាតេស្ត PISA និង SEA-PLM ការយកចិត្តទុកដាក់លើគុណភាពគ្រូបង្រៀន និងការចូលរួមរបស់មាតាបិតា ព្រមទាំងសហគមន៍។ លើសពីនេះ ការលើកកម្ពស់ការអប់រំកុមារតូចក៏ត្រូវបានផ្តោតសំខាន់រួមមានការទទួលបាននូវអាហារូបត្ថម្ភគ្រប់គ្រាន់ ការលើកកម្ពស់សុខុមាលភាពកុមារ ការរៀនតាមរយៈការលេង និងការអភិវឌ្ឍគ្រូមត្តេយ្យ ស្របពេលនឹងការលើកកម្ពស់ការអប់រំកម្រិតមូលដ្ឋានតាមរយៈការអនុវត្តកញ្ចប់អំណាន និងគណិតវិទ្យាដំបូងដែលជាមូលដ្ឋានគ្រឹះក្នុងការចាប់យកមុខវិជ្ជាដទៃទៀតមកសិក្សា។ ជាចុងក្រោយ គឺការដាក់ឱ្យអនុវត្តស្តង់ដាសាលារៀនគំរូ ដោយក្រសួងបាននិងកំពុងជំរុញលើកទឹកចិត្ត និងគាំទ្រដល់សាលានៅគ្រប់តំបន់ដែលមានការប្តេជ្ញាចិត្តសម្រេចឱ្យបាននូវស្តង់ដាសាលារៀនគំរូចំនួន ៥ ដែលក្រសួងបានដាក់ចេញ។
តាងនាមក្រសួងអប់រំ យុវជន និងកីឡា លោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់បុគ្គលិកអប់រំគ្រប់លំដាប់ថ្នាក់ ដែលបានចូលរួមអនុវត្តកំណែទម្រង់វិស័យអប់រំប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងសូមលើកទឹកចិត្តមន្ត្រីអប់រំទាំងអស់ឱ្យបន្តស្វែងយល់ និងប្រើប្រាស់បច្ចេកវិទ្យាថ្មីៗដូចជាបញ្ញាសិប្បនិម្មិត (AI) ដើម្បីបង្កើនប្រសិទ្ធភាព និងប្រសិទ្ធផលការងារ។ ព្រមជាមួយគ្នានេះ លោកបណ្ឌិតសភាចារ្យក៏បានស្នើលោកប្រធានមន្ទីរថ្មីរៀបចំ និងពិនិត្យមើលគ្រប់គ្រឹះស្ថានសិក្សាដើម្បីបន្តជួយគាំទ្របន្ថែមក្នុងគោលដៅសម្រេចបានស្តង់ដាសាលារៀនគំរូដែលជាចក្ខុវិស័យអាទិភាពរបស់ក្រសួង និងជាពិសេសត្រូវបន្តយកចិត្តទុកដាក់អនុវត្តគោលនយោបាយចងសម្ព័ន្ធមេត្រីភាពរវាងមន្ទីរ និងសាលារៀននៅតាមតំបន់ព្រំដែនដើម្បីជួយគាំទ្រ ដែលសំខាន់បំផុតគឺជំរុញឱ្យបាននូវការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ពង្រឹងសមត្ថភាពស្ថាប័ន និងស្មារតីស្នេហាជាតិ៕
ដោយ : សិលា














