ភ្នំពេញ ៖ បើយោងតាមសេចក្តីជូនដំណឹងដោយឡែកពីគ្នា របស់មន្ទីរធនធានទឹក នៃខេត្តទាំង៥ ចេញផ្សាយនៅថ្ងៃទី២៥ ខែមីនានេះបញ្ជាក់ដូចគ្នាថា ៖ ខេត្តបាត់ដំបង ស្ទឹងត្រែង ត្បូងឃ្មុំ កំពង់ធំ និង ព្រះវិហារ នឹងជួបប្រទះនូវកម្តៅហក់ឡើង ចន្លោះ៣៧អង្សា ទៅដល់ ៤២អង្សា ដែលរលកកម្តៅនេះ អាចកើតមានពី ថ្ងៃទី ២៦ ខែមីនា ដល់ថ្ងៃទី ៧ ខែមេសា។ ដោយមន្ទីរធនធានទឹក និងឧតុនិយមក្នុងខេត្ត បាត់ដំបង ស្ទឹងត្រែង ត្បូងឃ្មុំ កំពង់ធំ និង ព្រះវិហារ នៅថ្ងៃទី២៥ ខែមីនានេះ បានចេញសេចក្ដីជូនដំណឹងព្រមគ្នា អំពីស្ថានភាព អា កាសធាតុដែលនឹងឡើងកម្ដៅខ្លាំង ។
ចំណុចនេះ ! «ស្រ្តី មនុស្សចាស់ និងកុមារតូចៗ គឺជាក្រុមងាយរងគ្រោះបំផុតពីឥទ្ធិពលនៃរលកកម្ដៅនេះ។»។ នេះជាការរំឭករបស់ស្ថាប័នជំនាញខាងលើ ចំពោះការកើនកម្តៅដ៏គួរឱ្យបារម្ភនេះ មុននឹងអំពាវនាវដល់អាជ្ញាធរមូលដ្ឋាន និងស្ថាប័នពាក់ព័ន្ធ ជាពិសេសពលរដ្ឋឱ្យបង្កើនការ ការពារខ្លួនចៀសវាងនៅក្រោមកម្តៅថ្ងៃយូរ ក៏ដូចជាយកចិត្តទុកដាក់លើដើម្បី សត្វ និង ដំណាំនានាដែលនៅជុំវិញខ្លួន ដើម្បីជៀសវាងជំងឺ ឬការខូចខាតផ្សេងៗ។
បើតាមការបញ្ជាក់ពីមន្ទីរធនធានទឹកនៃខេត្តទាំង៥ មូលហេតុដែលធ្វើឱ្យអាកាស ធាតុក្ដៅ ខ្លាំង បែបនេះ គឺបណ្ដាលមកពីឥទ្ធិពលសម្ពាធខ្ពស់ថេរ និងលំហូរខ្យល់មានកម្រិតខ្សោយ ធ្វើ ឱ្យកម្ដៅ នៅបន្តដក់ជាប់ក្នុងបរិយាកាសបានយូរ ៕
ដោយ ៖ សិលា











